Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នកស្រុក​ហាតយ៉ៃ​ស្រែកគំហកដាក់​លោក អានុទីន ពេលជិះរថយន្តដើរមើល​ស្ថានភាពទឹកជំនន់​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន​ ឆានវីរៈគុល រង​ការ​​រិះគន់​យ៉ាងចាស់ដៃ​ អំឡុង​ពេល​ធ្វើដំណើរ​ទៅ​​​​កាន់​ទីក្រុង​ហាតយ៉ៃ (Hat Yai) លើក​ទី៤ ​ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដ៏សាហាវ​ដែលបណ្តាល​មនុស្ស​ស្លាប់​ជា​ង១០០​នាក់ និង​បណ្តាល​ឲ្យ​ខូច​ខាត​​ហេដ្ឋរចនាសម្ព័ន្ធ​យ៉ាង​ខ្លាំង។

​លោក​អានុទីន ធ្វើដំណើរ​ទៅកាន់ទីក្រុងហាតយ៉ៃ​លើក​ទី៤។​ Standard
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​តាមឃ្លីប​វីដេអូ​ខ្លីដែល​​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារ​ព័ត៌មានថៃ Thai Enquirer ​នៅ​ថ្ងៃ​ទី​​២៩​ខែ​វិច្ឆិកានេះ ​លោក​អានុទីន បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហាតយ៉ៃ​លើក​ទី៤ ដោយ​ការ​ជិះរថយន្ត​ទ្រុង​ ស្រាប់តែ​ពេលនោះ អ្នកស្រុក​​​ហាត​យ៉ៃ​​​ដែល​ជិះម៉ូតូ និង​​​ខឹង​សម្បា បាន​​មក​ស្រែក​គំហក​ដាក់​លោក អានុទីន ដោយ​សំឡេងខ្លាំងៗ​ និង មិនទុក​មុខ​​ទុក​មាត់​ឲ្យ​ក្នុងនាម​គាត់​ជានាយករដ្ឋមន្ត្រី​ឡើយ។

តាមការ​ដក​ស្រង់មក​ចុះ​ផ្សាយ​របស់​សារព័ត៌មានខាងលើ ​អ្នកជិះម៉ូតូ​​​ម្នាក់ បាន​ស្រែក​ទៅកាន់​​នាយករដ្ឋមន្ត្រី​ អានុទីន​ ថា៖«​ប្រជាជន​កំពុងរង​ទុក្ខ លោក​នាយករដ្ឋមន្ត្រី! កុំជិះរថយន្ត​ ត្រូវ​ចុះ​ដើរ ពីព្រោះថា ​បើសិន​​ខ្ញុំជា​នាយករដ្ឋមន្ត្រី​វិញ ខ្ញុំ​នឹង​ចុះ​ដើរ​ភ្លាម»។ ​

​​ក្នុ​ងអំឡុង​ពេលនោះ នាយករដ្ឋមន្ត្រី​ អានុទីន បាន​​ឆ្លើយ​តបទៅវិញថា​ «បាទ​ៗ»​​។

ក្រោយ​រងទឹកជំនន់​​​ប្រមាណ​​​១សប្តាហ៍​ចាប់​តាំងពីរ​​​សប្តាហ៍​មុន​មក ​តំបន់​ភាគខាងត្បូង​ថៃ​បានរង​​​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ជាពិសេស​ទីក្រុង​ហាតយ៉ៃ​ ដែល​ត្រូវបានគេ​រាយការណ៍​ថា កម្ពស់​ទឹកភ្លៀងនោះ​​​មានរហូត​ដល់​២ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ជន់​លិច​យ៉ាងខ្លាំង​មិនធ្លាប់ជួប​ក្នុងរយៈពេល​៣០០ឆ្នាំ។ ​

ដោយសារ​តែ​​មើល​ឃើញ​នូវ​​​វិធានការ​​របស់​រដ្ឋាភិបាល​កណ្តាល​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​ជួយ​ប្រជាជន​​​ដោះស្រាយ​ក្នុង​ពេលរង​​ទឹកជំនន់ ​ការ​រិះគន់​ចំពោះ​​​លោក​អានុទីន បាន​កើន​ឡើង​យ៉ាងខ្លាំង រហូត​ដល់​មានការ​ស្នើ​ឲ្យ​លោក​ចុះ​ចេញ​ពីអំណាច​​​​​ទៀត​ផង។

​​​​ក្រោយ​ទឹកចាប់ផ្តើម​ស្រក​​នៅ​ថ្ងៃទី​២៨ខែ​​​វិច្ឆិកា ​​និង រង​សម្ពាធ​កាន់​តែ​ច្រើន​ឡើងៗ​​ឲ្យ​លោក​ចុះ​ចេញពីអំណាច​ លោក អានុទីន នៅល្ងាច​ថ្ងៃទី​២៨ខែ​វិច្ឆិកា បាន​ចេញ​សា​រសុំទោសប្រជាពល​រដ្ឋថៃ ហើយ​ ក្នុងអំឡុង​ពេល​​​​​នៃដំណើរ​​ទស្សនកិច្ច​លើក​ទី​៤​របស់​លោក​ទៅកាន់​ទីក្រុងហាតយ៉ៃ​ ក៏ត្រូវ​រង​​ការ​មើល​ស្រាល​ពី​ប្រជាជន​ដែលខឹងសម្បារ​នៅទីក្រុងហាតយ៉ៃ​ទៀត​៕

រ៉ាន់ រើយ

​គំនរ​រថយន្ត​នៅទីក្រុង​ហាតយ៉ៃ ក្រោយ​​​​ទឹកស្រក​​។ Standard
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម