Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ចេញមុខកាន់ជើង គណៈកម្មាធិការបោះឆ្នោតថៃ

បានផុស

នៅ

ស្របពេលមានការប្រឆាំងតវ៉ានិងរិះគន់មិនសំចៃមាត់អំពីភាពមិនប្រក្រតីចាប់តាំងពីការរៀបចំរហូតដល់រាប់សន្លឹកឆ្នោត, ពេលនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល បានចេញមុនមកកាន់ជើងគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ​ដោយអះអាងថា លោកជឿថា EC មិនបានធ្វើការក្លែងសន្លឹកឆ្នោតដូចការចោទប្រកាន់នោះទេ ដ្បិតមានការតវ៉ាទូទាំងប្រទេសក៏ដោយ។

(រូប៖ Reuters)

តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១២ខែកុម្ភៈឆ្នាំ២០២៦, អនុទីន និយាយថា៖ «ខ្ញុំជឿជាក់លើ EC, រដ្ឋាភិបាលមិនមែនជាអ្នករៀបចំការបោះឆ្នោតទេ។ ឱកាសក្នុងការបន្លំគឺស្ទើរតែគ្មាន! ជាធម្មតា តំណាងមកពីគ្រប់គណបក្សសុទ្ធតែមានវត្តមានដើម្បីតាមដានដំណើរការរាប់សន្លឹកឆ្នោត តាំងពីសន្លឹកដំបូងរហូតដល់សន្លឹកចុងក្រោយ។ មានការហៅឈ្មោះឮៗ ហើយការប្រកាសសំឡេងឆ្នោតក៏ត្រូវបានធ្វើឡើងម្តងមួយៗ យ៉ាងច្បាស់លាស់ និងត្រឹមត្រូវ។ ឱកាសនៃការបន្លំគឺស្ទើរតែស្មើនឹងសូន្យ»។

ទន្ទឹមនោះពាក់ព័ន្ធការចោទប្រកាន់អំពីភាពអយុត្តិធម៌និងខ្វះតម្លាភាពក្នុងការបោះឆ្នោត ដែលនឹងនាំទៅដល់ការរាប់សន្លឹកឆ្នោតឡើងវិញ, លោក អានុទីន បញ្ជាក់ថា វាអាស្រ័យលើ EC, ការងាររបស់ EC បានប្រព្រឹត្តទៅយ៉ាងរលូន ហើយរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងលើផ្នែកថវិកា និងការរៀបចំ។

(រូប៖ Khaosod)

សម្តីរបស់លោកអានុទីន កើតឡើងស្របពេលស្ថានការណ៍នៅថៃក្រោយការបោះឆ្នោត កាន់តែក្តៅទៅៗហើយ ដោយសារតែមានការធ្វើបាតុកម្មជាច្រើនកន្លែងនៅតាមបណ្តាខេត្តនានា ជាពិសេសតាមមណ្ឌលរាប់សន្លឹកឆ្នោតតែម្តង។

ប្រជាពលរដ្ឋ នាំគ្នាចេញមកតវ៉ា និងឡោមព័ទ្ធមណ្ឌលរាប់សន្លឹកឆ្នោត ដោយសារពួកគេមិនពេញចិត្តនឹងការបកស្រាយរបស់មន្ត្រីបោះឆ្នោត ហើយសង្ស័យថាមានការបន្លំលទ្ធផល និងខ្វះតម្លាភាព។

ក្នុងនោះ ខេត្ត Chonburi មានភាពវឹកវរខ្លាំងជាងគេ ដោយនៅមណ្ឌលទី៣ មានព័ត៌មានលេចធ្លាយថា មន្ត្រីបានលួចដឹកជញ្ជូនហឹបឆ្នោតទៅទុកក្នុងឃ្លាំងងងឹតមួយនាពេលយប់។

(រូប៖ Amarin)

ចំណែកនៅខេត្ត Chai Nat អ្នកគាំទ្របក្សប្រជាជន បានសម្រុកទៅកាន់សាលាខេត្ត ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីរកឃើញថាចំនួនសន្លឹកឆ្នោតមានភាពមិនប្រក្រតី ពោលគឺសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោត រហូតដល់ជិត ៧ ០០០ សន្លឹក។

រីឯនៅខេត្ត Udon Thani, បេក្ខជនសមាជិកសភាម្នាក់បានសម្រុកទៅតវ៉ានៅមណ្ឌលគណៈកម្មាធិការខេត្ត ដោយសារតែគាត់បានបោះឆ្នោតឲ្យខ្លួនឯងផ្ទាល់ ប៉ុន្តែលទ្ធផលផ្លូវការដែលប្រកាសចេញមក បែរជាបង្ហាញថាលទ្ធផលរបស់គាត់គឺ «សូន្យសំឡេង» ទៅវិញ។

សូម្បីនៅរាជធានីបាងកក និស្សិតថៃជាច្រើននាក់ ក៏បានលើកគ្នាទៅតវ៉ានៅមុខទីស្នាក់ការ EC ផងដែរដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញ ចំពេលមានការចោទប្រកាន់អំពីការក្លែងបន្លំនិងទិញសន្លឹកឆ្នោត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម