Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ឡើងមកឈរលេខ១៧ លើពិភពលោក ជាប្រទេសមានហានិភ័យខ្ពស់បំផុតដោយគ្រោះធម្មជាតិ

បានផុស

នៅ

កាសែត Bangkok Post ផ្សាយកាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ថា ប្រទេសថៃ បានហក់ឡើងមកលំដាប់ទី១៧ ជាប្រទេសមានហានិភ័យខ្ពស់បំផុតដោយសារគ្រោះធម្មជាតិលើពិភពលោក។

ជនរងគ្រោះដោយទឹកជំនន់នៅថៃ (រូបថត៖ Reuters)

យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុ (CRI) របស់អង្គការ Germanwatch, ថៃ ពិតជាប្រទេសដែលកំពុងប្រឈមហានិភ័យខ្ពស់និងមានគ្រោះថ្នាក់ខ្លាំង ដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ព្យុះ និងរញ្ជួយដីជាដើម។

កាលពីឆ្នាំ២០២២ ថៃ ឈរនៅលំដាប់លេខ៧២ឯណោះទេក្នុងសន្ទស្សន៍នេះ ប៉ុន្តែមកដល់ឆ្នាំ២០២៤ ថៃ បានហក់ឡើងខ្ពស់ ព្រោះតែគ្រោះធម្មជាតិធ្ងន់ធ្ងរមិនដាច់ ជាពិសេសទឹកជំនន់។

ជនរងគ្រោះដោយទឹកជំនន់នៅថៃ (រូបថត៖ Reuters)

ជាក់ស្តែងមកដល់ឆ្នាំ២០២៥នេះ ថៃបានជួបព្យុះសាហាវៗ ម្តងហើយម្តងទៀត ដែលសម្លាប់មនុស្សនិងបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាបន្តបន្ទាប់។ មិនត្រឹមប៉ុណ្ណឹង ទឹកជំនន់នៅភាគខាងត្បូងនាខែវិច្ឆិកា បានឆក់យកជីវិតមនុស្សរាប់រយនាក់ និងបណ្តាលឲ្យពលរដ្ឋជួបទុក្ខវេទនាក្រៃលែង។

បើនិយាយពីប្រទេសទាំង ១០ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះធម្មជាតិនៅឆ្នាំ២០២៤វិញ មានដូចជា៖ សាំងវីនសិននិងហ្គ្រេណាឌីន, ហ្គ្រេណាដា, ឆាដ, ប៉ាពួអាស៊ីញូវហ្គីណេ, នីហ្សេរ, នេប៉ាល់, ហ្វីលីពីន, ម៉ាឡាវី, មីយ៉ាន់ម៉ានិងវៀតណាម។ 

សន្ទស្សន៍ហានិភ័យអាកាសធាតុ (រូបថត៖ CRI)

សូមជម្រាបថា CRI បានចងក្រងចេញពីទិន្នន័យអន្តរជាតិចាប់ពីឆ្នាំ១៩៩៥ដល់២០២៤ ដោយកត់ត្រាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរជាង ៩​ ៧០០ លើកនៅទូទាំងពិភពលោក ដែលប៉ះពាល់ដល់មនុស្សជិត ៥.៧ ពាន់លាននាក់ និងបណ្តាលឲ្យមនុស្សស្លាប់ជាង ៨៣២ ០០០ នាក់ ខណៈការខាតបង់សេដ្ឋកិច្ចមានលើសពី ៤.៥ ទ្រីលានដុល្លារអាមេរិក ក្នុងនោះ ៦៦% នៃការស្លាប់ គឺដោយសាររលកកម្តៅនិងព្យុះ។

ក្នុងទិន្នន័យនោះដែរ បានបង្ហាញថា ទឹកជំនន់បានវាយប្រហារមនុស្សច្រើនជាងគេ ពោលគឺ ៤៨% ចំណែកព្យុះបានបង្កការខាតបង់ខ្ពស់បំផុតគឺ៥៨% ប្រហែល ២.៦៤ ទ្រីលានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម