Connect with us

កីឡា

លោក ស៊ុន ចាន់ថុល «អ្នក​ចូល​រួម​ពី ៨៦ ប្រទេស​ ថ្ងៃនេះយើង​​និយាយភាសា​តែ​មួយ​គឺ​ភាសា​កីឡា និង​មិត្តភាព»

បានផុស

នៅ

ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ លើក​ទី​៣០ បាន​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៧  ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ក្នុង​ខេត្ត​សៀមរាប ដែល​មាន​អ្នក​ចូល​រួម​ជាតិ និង​អន្តរជាតិ​ជិត ២ ម៉ឺន​នាក់ ក្រោមអធិបតី​ភាពលោកឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​ ឆ្នាំ ២០២៥ ត្រូវ​​ប្រារព្ធ​ឡើង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៣០ របស់​ខ្លួន បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​លើក​ដំបូង​កាល​ពី​ឆ្នាំ ១៩៩៦។ អ្នក​ចូល​រួម​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ប្រមាណ ១៦០០០​នាក់ ប៉ុន្តែ​​​អ្នក​រត់​ជាក់​ស្តែង​ប្រហែល​ជា​ច្រើន​ជាង​ចំនួន​ដែល​បាន​ចុះឈ្មោះ ដោយសារ​មាន​អ្នក​ខ្លះ​ប្រហែល​ជា​ទៅ​ចូល​រួម​ដោយ​មិន​បាន​ចុះឈ្មោះ។​

វា​ជា​កំណត់​ត្រា​ថ្មី​មិន​ធ្លាប់​មាន​ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បំផុត​​រហូត​ដល់​ជាង ១៦០០០​នាក់ ហើយ​ប្រៀប​ធៀប​កាល​ឆ្នាំ ២០២៤ គឺ​កើន​ឡើង​ ២៥%។

ថ្លែង​ក្នុង​ពិធី​បើក​ លោកឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​អង្គរ​លើក​ទី​៣០​នេះ​បាន​ស្រួប​ទាញ​អ្នក​ចូល​រួម​ចំនួន ១៦០០០​នាក់ កើន​ឡើង ២៥​% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០២៤។ អត្តពលិក​ជាតិ​ជាង ១៣០០០​នាក់ និង​ជន​បរទេស​ជាង ៣០០០​នាក់។

«ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដល់​អត្តពលិក​ជាតិ និង​អន្តរជាតិ​ដែល​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ពេល​នេះ។ ទោះ​បី​ជា​យើង​មក​ពី​ប្រទេស​ផ្សេង​គ្នា និយាយ​ភាសា​ខុស​គ្នា ក៏​ប៉ុន្តែ​ថ្ងៃនេះ​ យើង​នឹង​និយាយ​ភាសា​តែ​មួយ​គឺ ភាសា​កីឡា និង​ភាសា​នៃ​មិត្តភាព»។ ប្រសាសន៍​របស់​លោក ស៊ុន ចាន់ថុល។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក សែម ផល្លា នាយក​ម៉ារ៉ាតុង​កម្ពុជា បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បិទ​ការ​ចុះឈ្មោះ​មួយ​ខែ​មុន ដោសារ​​ខ្វះ​សម្ភារគឺ មេដាយ អាវ​យឺត និង​ស្លាក​លេខ ក៏​ដូច​ជា​សម្ភារ​ជំនួយ​នៅ​លើ​ដង​ផ្លូវ​រត់​ផ្សេង​ៗ។ ប្រសិន​បើ​បន្ត​ឲ្យ​ចុះ​ឈ្មោះ​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ អ្នក​ចូល​រួម​ប្រហែល​ជា​អាច​ឈាន​ដល់ ១៨០០០​នាក់ ឬ ២០០០០​នាក់ ប៉ុន្តែ​គណៈកម្មការ​មិន​បាន​បើក​ការ​ចុះឈ្មោះ​បន្ត​ទេ ដោយសារ​ត្រូវ​រៀបចំ​សម្ភារ​បន្ថែម ជា​ពិសេស​មេដាយ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដែល​មិន​អាច​ផលិត​បាន​លឿន​​ក្នុង​រយៈ​ពេល​ខ្លី​ទេ។

ក្រៅ​ពីលោកឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក Ueno Atsushi អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី Arimori Yuko ប្រធាន​អង្គការ​បេះ​ដូង​មាស ដែល​ជា​សហ​ស្ថាបនិក​រៀបចំ​ព្រឹត្តិការណ៍​​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ តាំង​ពី​ឆ្នាំ ១៩៩៦ លោក​អភិខេត្ត​សៀមរាប រដ្ឋ​មន្ត្រី​ក្រសួង​ទេស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ទៀត៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម