Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ និង​បំណាក់​​ដី​ បាន​សម្លាប់​មនុស្ស​ជាង ១០០០នាក់ហើយ​នៅ​ឥណ្ឌូណេស៊ី

បានផុស

នៅ

ទឹកជំនន់ និង​បំណាក់​​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១​០០៦​នាក់​នៅ​លើ​កោះ​ស៊ូម៉ាត្រា ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ។ នេះ​បើ​តាម​របាយការណ៍​ពី​មន្ត្រី​គ្រោះមហន្តរាយ​​​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី (BNPB) មនុស្ស​ជាង៥៤០០​នាក់​បាន​រងរបួស ហើយ​យ៉ាងហោចណាស់​២១៧​នាក់​នៅ​តែ​បាត់​ខ្លួន។ ប្រជាជន​ប្រហែល​១,២លាន​នាក់​បាន​ផ្លាស់ទីលំនៅ ដោយ​ភាគច្រើន​បាន​ទៅ​ជ្រកកោន​ក្នុង​ជុំរុំ​​បណ្ដោះអាសន្ន បន្ទាប់ពី​ផ្ទះសម្បែង​ត្រូវ​បាន​ទឹកជំនន់ និង​ភក់​កួច​យក​ទៅ​បាត់។

តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​គឺ​នៅ​ភាគ​ខាងជើង និង​ខាងលិច​នៃ​កោះ​ស៊ូម៉ាត្រា រួម​មាន​ខេត្ត Aceh និង​ស៊ូម៉ាត្រា​ខាងជើង ជាទី​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្ដាល​​ឲ្យ​​ទន្លេ​ហូរ​លើស​ចំណុះ និង​ជម្រាល​ភ្នំ​បាក់​រលំ។

លោក Abdul Muhari អ្នកនាំពាក្យ BNPB បាន​និយាយ​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្ថែម​ទៀត ខណៈ​ដែល​ប្រតិបត្តិការ​ស្វែងរក និង​សង្គ្រោះ​នៅតែ​បន្ត​នៅ​តំបន់​ដាច់ស្រយាល​ដែល​នៅតែ​ពិបាក​ចូល​ទៅ​ដល់។

ប្រធានាធិបតី Prabowo Subianto បាន​​​លើក​ឡើង​ថា ស្ថានភាព​បាន​ប្រសើរ​ឡើង​នៅ​ក្នុង​ស្រុក​មួយ​ចំនួន បន្ទាប់ពី​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​បើក​ឡើងវិញ​នូវ​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ​ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ពីមុន។

លោក Prabowo បាន​និយាយ​បន្ទាប់ពី​ទស្សនកិច្ច​តំបន់​រងគ្រោះ​នៅ​ស៊ូម៉ាត្រា​ខាងជើង​ថា «មាន​ការពន្យារពេល​ខ្លះ​ដោយសារ​ស្ថានភាព​ធម្មជាតិ ប៉ុន្តែ​ទីតាំង​ជម្លៀស​មាន​លក្ខខណ្ឌ​ល្អ ហើយ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​មាន​គ្រប់គ្រាន់»។

អាជ្ញាធរ​បាន​​ឲ្យ​ដឹង​​ថា ជំនួយ​ជាង​១១,៧​តោន​ត្រូវ​បាន​ដឹកជញ្ជូន​តាម​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវសមុទ្រ ហើយ​ការ​សាងសង់​លំនៅឋាន​បណ្ដោះអាសន្ន​សម្រាប់​ប្រជាជន​ដែល​ត្រូវ​បាន​ផ្លាស់ទីលំនៅ​បាន​ចាប់ផ្ដើម​ហើយ។ ការ​ចំណាយ​លើ​ការ​ស្ថាបនា​ឡើងវិញ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ជាង​៥១​ទ្រីលាន​រូពី (ប្រមាណ​៣,១​ពាន់​លាន​ដុល្លារ​អាមេរិក)។

ទីភ្នាក់ងារ​ឧតុនិយម​ឥណ្ឌូណេស៊ី​បាន​ព្រមាន​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កើតមាន​នៅ​ទូទាំង​កោះ​ស៊ូម៉ាត្រា ដោយ​បង្កើន​ក្ដី​បារម្ភ​ចំពោះ​ទឹកជំនន់ និង​ការ​បាក់​ដី​បន្ថែម​ទៀត។ រដ្ឋាភិបាល​រហូត​មក​ដល់​ពេល​នេះ​បាន​ច្រានចោល​សំណើ​សុំ​ជំនួយ​អន្តរជាតិ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម