កីឡា
ស៊ីហ្គេមនៅ ថៃ អាជ្ញាកណ្តាល លម្អៀងស្រស់ៗ ធ្វើឱ្យ វៀតណាម របូតមេដាយមាស ២ គ្រឿង
វៀតណាម កំពុងក្លាយជាផ្ទាំងស៊ីបធំជាងគេ ក្នុងចំណោមប្រទេសមួយចំនួន ពីការរងភាពអយុត្តិធម៌ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣៣ នៅប្រទេសថៃ ខណៈក្នុងរយៈពេល ២ ថ្ងៃ ក្រុមកីឡាការិនីបាល់ទះ និង បាល់ទាត់វៀតណាម បានរបូតមេដាយមាសដល់ទៅ ២ គ្រឿង។

រឿងចម្រូងចម្រាស់ក្នុងកីឡា ស៊ីហ្គេម លើកទី ៣៣ បានកើតឡើងជាបន្តបន្ទាប់ លើប្រទេសក្នុងតំបន់ អាស៊ាន ដែលបានចូលរួមប្រកួត ជាពិសេសប្រទេស វៀតណាម ត្រូវបានគេមើលឃើញ បានជួបរឿងអយុត្តិធម៌ច្រើនករណីជាងគេពីម្ចាស់ផ្ទះ ថៃ។ ការប្រកួត ដែល វៀតណាម ជួបរឿងអយុត្តិធម៌ តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ មានកីឡា បញ្ចស៊ីឡាត់ ប្រដាល់ ក្បាច់គុនចម្រុះ ហើយចុងក្រោយនេះមានបាល់ទះ និង បាល់ទាត់ ដែលសុទ្ធតែជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាស។
កាលពីថ្ងៃ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រុមកីឡាការិនីបាល់ទះ វៀតណាម បានសម្រក់ទឹកភ្នែក បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ ថៃ នៅវគ្គផ្តាច់ព្រ័ត្រទាំងមិនអស់ចិត្ត ដោយសារគ្រាប់បាល់ចុងក្រោយដ៏ចម្រូងចម្រាស់។ ការប្រកួតរវាងក្រុមទាំង ២ បានឈានចូលសិតទី ៥ បន្ទាប់ពី ៤ សិតកន្លងមក ពួកគេឈ្នះ ២ សិតម្នាក់។ ភាពមិនប្រក្រតី បានកើតឡើងនៅសិតទី ៥ នេះ បន្ទាប់ពីគ្រាប់បាល់ជ័យជម្នះរបស់ក្រុមកីឡាការិនី ថៃ ដែលទទួលបានពិន្ទុតាមរយៈការវាយសេវា ត្រូវបានគេចោទថាជាគ្រាប់បាល់ចេញ។

មានការលើកឡើង ថា បាល់ត្រង់នេះបានចេញទៅខាងក្រៅ ប៉ុន្តែអាជ្ញាកណ្តាលបែរជាលើកទង់ឱ្យបាល់នេះចូល។ ខណៈកំពុងតែចម្រូងចម្រាស់បែបនេះ គណៈកម្មការរៀបចំការប្រកួត បែរជាមិនបញ្ចេញវីដេអូសារឡើងវិញ ដើម្បីបញ្ជាក់ឱ្យកីឡាការិនី វៀតណាម អស់ចិត្តថែមទៀត។ នេះហើយបានក្លាយជាភាពមន្ទិល និងត្រូវបានគេចោទ ថា ជាភាពលម្អៀងមួយរបស់អាជ្ញាកណ្តាលនៅក្នុងការប្រកួត។ ចុងក្រោយ គ្រូបង្វឹក វៀតណាម បានត្រឹមលើកមេដៃមួយឱ្យទៅអាជ្ញាកណ្តាលទាំងហួសចិត្ត ខណៈកីឡាការិនី វៀតណាម បានទទួលមេដាយប្រាក់ទាំងទឹកភ្នែក។

ដោយឡែក កាលពីល្ងាចថ្ងៃទី ១៧ ខែ ធ្នូ ម្សិលមិញនេះ ក្រុមកីឡាការិនីបាល់ទាត់វៀតណាម បានជួបរឿងអយុត្តិធម៌ថ្មីមួយទៀត បន្ទាប់ពីអាជ្ញាកណ្តាលសម្រេចចិត្តខុសអំពីគ្រាប់បាល់របស់ពួកគេ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ទល់នឹងក្រុមជម្រើសជាតិនារី ហ្វីលីពីន។ នៅនាទីទី ២៩ កីឡាការិនី វៀតណាម Nguyen Bich Thuy បានតែតបញ្ចូលទីមួយគ្រាប់ បន្ទាប់ពីការលើកដោយកីឡាការិនី Ngan Thi Van Su។ ទីបំផុត គ្រាប់បាល់នេះត្រូវបានបដិសេធដោយអាជ្ញាកណ្តាល ដោយសារអាជ្ញាកណ្តាលខ្សែបន្ទាត់លើកទង់ស្ថិតក្នុងជំហរក្រៅល្បែង។
យ៉ាងណា តាមរយៈវីដេអូប្រកួតបានបង្ហាញអំពីជំហររបស់កីឡាការិនី វៀតណាម រូបនោះមិនបានស្ថិតនៅក្នុងជំហរក្រៅល្បែងនោះទេ ដោយមានខ្សែការពារ ហ្វីលីពីន ២ នាក់ទៀតនៅខាងក្រោយ។ ចំណុចត្រង់នេះបានធ្វើឱ្យកីឡាការិនី និងពិធីករទូរទស្សន៍ វៀតណាម ខឹងយ៉ាងខ្លាំង ហើយចុងក្រោយក្រុម វៀតណាម បានចាញ់ក្រុម ហ្វីលីពីន នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥-៦។ ក្រុមបាល់ទាត់នារី ហ្វីលីពីន បានឈ្នះមេដាយមាសក្នុងកីឡាស៊ីហ្គេមជាលើកដំបូង ខណៈក្រុមបាល់ទាត់នារី វៀតណាម បានត្រឹមទទួលមេដាយប្រាក់ទាំងខកចិត្ត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


