Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្មប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចនៅអ៊ីរ៉ង់កាន់តែ​​រីកធំ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់

បានផុស

នៅ

មនុស្សយ៉ាងហោចណាស់៧​នាក់ រួមមានសមាជិកកងកម្លាំងការពារបដិវត្តន៍ម្នាក់ និងក្រុមបាតុករ​៦​នាក់ បាន​​​បាត់បង់ជីវិត បន្ទាប់​ពី​បាតុកម្មប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ បានរីករាលដាលពីរដ្ឋធានី​តេហេរ៉ង់ទៅកាន់បណ្តាខេត្តដាច់ស្រយាលនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖​ X)

យោង​តាម​​ការ​ចុះ​ផ្សាយ​នា​ថ្ងៃ​សុក្រ​ទី​២​ខែ​មករា​ឆ្នាំ​២០២៦​របស់​សារព័ត៌មាន Independent ករណីស្លាប់នេះបានកើតឡើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅតាមបណ្តាទីក្រុងនានាក្នុងខេត្ត Lorestan, Isfahan និង Chaharmahal&Bakhtiari ដែលភាគច្រើនជាតំបន់រស់នៅរបស់ក្រុមជនជាតិភាគតិច Lur។ ទោះបីជាទំហំនៃបាតុកម្មនេះមិនទាន់ឈានដល់កម្រិតខ្លាំងក្លាដូចកាលពីឆ្នាំ២០២២​ក៏ដោយ ប៉ុន្តែអំពើហិង្សានាពេលថ្មីៗនេះបានបង្ហាញពីការកើនឡើងនូវភាពតានតឹង និងសញ្ញានៃការប្រើប្រាស់កម្លាំងបង្រ្កាបកាន់តែខ្លាំងពីសំណាក់អាជ្ញាធរអ៊ីរ៉ង់។

មូលហេតុចម្បងដែលនាំ​ឲ្យ​មានភាពចលាចលនេះ គឺបណ្តាលមកពីសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រួមមានអតិផរណាខ្ពស់ និងការធ្លាក់ថ្លៃយ៉ាងគំហុកនៃរូបិយប័ណ្ណ Rial របស់អ៊ីរ៉ង់ ដែលបច្ចុប្បន្នមានតម្លៃប្រហែល ១,៤លាន Rial ក្នុង ១ដុល្លារអាមេរិក។ ទោះបីជារដ្ឋាភិបាលរបស់ប្រធានាធិបតី Masoud Pezeshkian បានបង្ហាញឆន្ទៈក្នុងការចរចាក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលបានទទួលស្គាល់ថា ពួកគេមានសមត្ថភាពមានកម្រិតក្នុងការទប់ទល់នឹងការធ្លាក់ចុះនៃតម្លៃប្រាក់នេះ។ នៅក្នុងទីក្រុងមួយចំនួនដូចជា Azna និង Lordegan វីដេអូដែលទទួលបានបានបង្ហាញពីក្រុមបាតុករស្រែកប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់ ចំពេលដែលមានសំឡេង​ផ្ទុះអាវុធជាបន្តបន្ទាប់។ ជាការឆ្លើយតប អាជ្ញាធរបានប្រកាសចាប់ខ្លួនមនុស្សរាប់សិបនាក់ ដោយចោទប្រកាន់ថាមានការទាក់ទងជាមួយក្រុមអ្នកគាំទ្ររបបរាជានិយម ឬក្រុមដែលមានមូលដ្ឋាននៅបរទេស ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានហៅក្រុមបាតុករថាជា «ក្រុមបង្កកុបកម្ម»។

ភាពតានតឹងផ្ទៃក្នុងនេះបានកើតឡើងចំពេលដែលទីក្រុងតេហេរ៉ង់កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ក្រោយពីការវាយប្រហាររយៈពេល១២​ថ្ងៃពីសំណាក់ប្រទេសអ៊ីស្រាអែលកាលពីខែមិថុនា និងការវាយប្រហារតាមអាកាស​របស់​​អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ អ៊ីរ៉ង់បានអះអាងថាខ្លួនបាន​ផ្អាក​ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ការចរចាជាមួយបណ្តាប្រទេសលោកខាងលិចនៅតែមានភាពជាប់គាំង ដោយសារមេដឹកនាំ​​អាមេរិក និងអ៊ីស្រាអែល នៅតែបន្តរក្សាជំហរតឹង​រឹង​ប្រឆាំងនឹងការស្តារឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម