Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍​ថា កម្ពុជា-ឥណ្ឌា ជាបងប្អូន​រួមវប្បធម៌ អរិយធម៌ និង​ប្រវត្តិសាស្ត្រ

បានផុស

នៅ

រដ្ឋមន្ត្រី​ទេសចរណ៍​លោក ហួត ហាក់ បាន​លើក​ឡើង​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួនសម្រាប់​ការ​ទទួលកំនើន​ភ្ញៀវទេសចរណ៍​ឥណ្ឌា​ក្នុង​ឆ្នាំ​២០២៦​នេះ ខណៈដែល​កម្ពុជា និង​ឥណ្ឌា មាន​ការ​ហោះហើរត្រង់ជាមួយ​គ្នា។ លោក​ថា​ កម្ពុជាស្វាគមន៍​ការ​មក​លេង​របស់​​បងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ជាមួយអគ្គរដ្ឋ​ទូត​ឥណ្ឌា​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៦ លោក ហួត ហាក់ បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ឥណ្ឌា​ដែល​បាន​គាំទ្រ​ដល់​ក្រសួង​ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សហគមន៍​អេកូ​ទេសចរណ៍​កន្លង​មក​។ លោក​បន្ថែម​ថា​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​ភ្ញៀវទេសចរណ៍​ឥណ្ឌា​បាន​មក​លេង​កម្ពុជា​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់ និង​រំពឹង​ថា​ក្នុង​ឆ្នាំ​២០២៦​នេះ​នឹង​មាន​ភ្ញៀវ​ទេសចរណ៍កាន់​តែ​ច្រើន​មក​លេង​កម្ពុជា​ថែម​ទៀត។

លោក​ថា៖ «កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌាដែលជាបងប្អូនរួមវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តពាន់ឆ្នាំមកទស្សនា នាឆ្នាំថ្មី ឆ្នាំសកល ២០២៦នេះ»។

បច្ចុប្បន្ន​កម្ពុជា និង​ឥណ្ឌា​មាន​ជើង​ហោះ​ហើ​ត្រង់​រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines។

របាយការណ៍​ក្រសួងទេសចរណ៍​១១ខែ ក្នុង​ឆ្នាំ​២០២៥ មាន​ភ្ញៀវទេសចរណ៍​មក​លេង​កម្ពុជា​ជាង​៥លាននាក់ ក្នុង​នោះ​ភ្ញៀវទេសចរណ៍​ឥណ្ឌា​មាន​ជាង​៦ម៉ឺននាក់​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម