Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចវៀតណាមអាចវ៉ាដាច់ថៃនៅឆ្នាំនេះ

បានផុស

នៅ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចនឹង​វ៉ាដាច់ថៃនៅឆ្នាំនេះបើគិតពី ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) ដែលជំរុញដោយការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធដឹក​របស់រដ្ឋ ខណៈសេដ្ឋកិច្ចដើរអូសជើងរបស់ថៃឯណោះវិញប្រឈមនឹង​បញ្ហា​ជាច្រើនផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ និងនាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ

កាសែត Nikkei Asia បាន​ចុះផ្សាយកាលពីថ្ងៃអាទិត្យថា ខណៈសេដ្ឋកិច្ចវៀតណាមកើនឡើងរហ័ស សេដ្ឋកិច្ចថៃឯណោះវិញត្រូវដុនដាបដោយសារតែបំណុលគ្រួសារខ្ពស់ វិបត្តិនយោបាយក្នុងស្រុក និងជម្លោះព្រំដែនជាមួយ​កម្ពុជា ដែលជាហេតុធ្វើឱ្យ​សេដ្ឋកិច្ចប្រទេសនេះកើនឡើងយឺតយ៉ាវ។

របាយការណ៍នេះ ធ្វើឡើងក្រោយកាសែតក្នុងស្រុកថៃ The Nation បានផ្សាយកាលពីពេលថ្មីៗថា ស្ថាប័នអ្នកជំនាញអន្តរជាតិសំខាន់ៗ បាន​ព្យាករពីកំណើនសេដ្ឋកិច្ចថៃត្រឹ​មចន្លោះពី ១,៥-១,៨% សម្រាប់ឆ្នាំ ២០២៦​ ដែលអាចជាកំណើនដ៏ខ្សោយបំផុតរបស់​ថៃក្នុងរយៈពេល៣ទសវត្សរ៍ ​បើមិនរាប់បញ្ចូលទាំងឆ្នាំវិបត្តិផ្សេងៗ ដូចជាកូវីដ១៩ ជាដើម។

ដោយ​ឡែក សេដ្ឋកិច្ចពិតវៀតណាមឯណោះវិញ រំពឹងថានឹង​កើនឡើងក្នុងរង្វង់ ៨% ឆ្នាំមុន ហើយរដ្ឋាភិបាលកំណត់គោលដៅកំណើន ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។ ទោះបីជាអ្នកមួយ​ចំនួនគិតថាអត្រានេះខ្ពស់មិនអាចទៅរួចក្ដី នាយករដ្ឋមន្រ្តីវៀតណាម​លោក ផាម មិញ ឈិញ បាន​ទទូចថា កំណើននេះអាចសម្រេចបាន​។

បើតាម Nikkei Asia បើកំណើននេះសម្រេចបានតាមគោលដៅមែននោះ ផលិតផលក្នុងស្រុកសរុបតែនាមរបស់វៀតណាម នឹង​កើនដល់កម្រិតមធ្យម​ក្នុងរង្វង់ ៥០០ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ ២០២៦ ឬ ២០២៧ ដោយវ៉ាដាច់ថៃ និងអាចក្លាយជាប្រទេសអាស៊ីអាគ្នេយ៍មាន​សេដ្ឋកិច្ចធំបំផុតទី៣ បន្ទាប់ពីឥណ្ឌូណេស៊ី និងសិង្ហបុរី។ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ (GDP per capita) របស់វៀតណាម នឹងលើសពី ៥០០០ ដុល្លារ/ម្នាក់ ដែលខិតជិតកម្រិតរបស់ប្រទេសឥណ្ឌូណេស៊ី។​

សម្រាប់វៀតណាម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសគឺជាកត្តាជំរុញកំណើនដ៏សំខាន់។ ​លោក Can Van Luc ប្រធានសេដ្ឋវិទូរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បាន​និយាយថា ការវិនិយោគសាធារណៈនៅឆ្នាំ ២០២៦ ​រំពឹងថានឹងកើនឡើងប្រហែល ២៦% ដែលអាចរួមចំណែក ១,៦% ដល់កំណើនសេដ្ឋកិច្ច។ ការវិនិយោគទាំងនោះ ​រួមទាំងគម្រោងធំៗ ដូចជាអាកាសយានដ្ឋានថ្មីនៅជិតទីក្រុងហូជីមិញ ដែលគ្រោងនឹងបើកនៅឆ្នាំ ២០២៦ និងគម្រោងផ្លូវដែក​ជើង-ត្បូង។

ផ្ទុយទៅវិញ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឯណោះវិញ ស្រដៀងនឹង​ស្ថាប័នជំនាញមួយ​ចំនួនដែរ បាន​រំពឹងថាកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់​ថៃ នឹងថយចុះមកត្រឹម ១,៥% ក្នុងឆ្នាំ ២០២៦ ដែលទាបជាងឆ្នាំមុន ០,៥%។ បំណុលគ្រួសារខ្ពស់ដែល​​ធ្វើឱ្យ​តម្រូវការខ្សោយ ​ភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ និងពន្ធ​របស់សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើវិស័យផលិតកម្មរបស់ថៃ។ ​

បន្ថែមពីលើវិបត្តិនយោបាយក្នុងស្រុក ​ភាពតានតឹងនៅតាមព្រំដែនថៃ-កម្ពុជា ដែលអូសបន្លាយតាំងពីពាក់កណ្ដាលឆ្នាំមុន​មក ​បាន​ធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីថយចុះ និងប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសទាំង២​។ ការណ៍នេះ ក៏រួមចំណែកដល់បញ្ហាសេដ្ឋកិច្ចថៃផងដែរ រួមទាំងការធ្វើឱ្យ​ការនាំចេញរបស់ថៃធ្លាក់ចុះ ដោយបង្កការខាតបង់គិតជា​ទឹកប្រាក់រាប់ប៊ីលាន​ដុល្លារ ចំពេលដែល​ការឡើងថ្លៃប្រាក់បាតក៏ក្លាយជាបន្ទុកសេដ្ឋកិច្ចមួយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម