Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកំណត់ឱ្យវេទិកាអនឡាញផ្សាយវិដេអូ​ពាណិជ្ជកម្ម​ត្រឹម ៥ វិនាទី

បានផុស

នៅ

អាជ្ញាធរវៀតណាម​បាន​ចេញការកំណត់ឱ្យវេទិកាអនឡាញដូចជា Youtube, Facebook, និងវែបសាយអនឡាញទាំងឡាយ ត្រូវផ្សាយវិដេអូពាណិជ្ជកម្ម​ត្រឹម ៥ វិនាទី ប៉ុណ្ណោះ ដោយវិដេអូលើសពីនោះត្រូវតែអាចឱ្យអ្នកទស្សនាចុច «រំលងចោល» បាន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកំណត់ថ្មីនេះ រំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែកុម្ភៈ។ ការផ្លាស់ប្ដូរនេះ មាននៅក្នុងក្រឹត្យរបស់រដ្ឋាភិបាល ដែលរៀបរាប់លម្អិតអំពីបទប្បញ្ញត្តិមួយចំនួននៃច្បាប់ស្ដីពីការផ្សាយពាណិជ្ជកម្ម និងអនុវត្តចំពោះការផ្សាយពាណិជ្ជកម្មវិដេអូ និងការផ្សាយពាណិជ្ជកម្មរូបភាពមានចលនាដែលបង្ហាញតាមអ៊ិនធឺណិត។ ក្រោមក្រឹត្យនេះ អ្នកទស្សនាត្រូវតែអាច «ចុចរំលង» ការផ្សាយពាណិជ្ជកម្ម​ពេលដល់ ៥ វិនាទី។

ក្រឹត្យដដែល ហាមឃាត់​នូវការផ្សាយពាណិជ្ជកម្មវិដេអូដែល «មិនអាចរំលងបាន» ដែលបច្ចុប្បន្ន មានចន្លោះពី ៧-៣០​ វិនាទី នៅលើវេទិកាអនឡាញ​មួយចំនួន អាស្រ័យលើកញ្ចប់ផ្សាយពាណិជ្ជកម្ម និងឧបករណ៍។

បទប្បញ្ញត្តិនេះ ក៏ហាមឃាត់វេទិកាអនឡាញ ពីការបង្ខំអ្នកប្រើប្រាស់ឱ្យត្រូវរង់ចាំសិន មុនពេលអាចបិទការផ្សាយពាណិជ្ជកម្មរូបភាព Static (រូបភាពនៅនឹង) ផងដែរ។

ការផ្សាយពាណិជ្ជកម្មលោតចេញមកលើអេក្រង់ (Pop-up ads) ក៏ត្រូវរងការគ្រប់គ្រងផងដែរ។ ការផ្សាយពាណិជ្ជកម្មដែល​លោតចេញមកដោយ​​មិនរំពឹងទុក​ និង​បាំងលើអេក្រង់ទាំងមូល ឬ​ផ្នែកណាមួយ​ ត្រូវតែមានប៊ូតុងបិទដែលគេអាចសម្គាល់បានយ៉ាងច្បាស់ ​ដោយ​​មិនត្រូវប្រើរូបតំណាងក្លែងក្លាយ ឬបំភាន់ឡើយ ​ពោលគឺត្រូវតែអាចបិទបានដោយគ្រាន់តែចុច​តែម្តងជាការស្រេច។

លើសពីនេះ ការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិត ​តម្រូវឱ្យរួមបញ្ចូលរូបតំណាងដែលអាចមើលឃើញ និងការណែនាំដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រាយការណ៍អំពីខ្លឹមសារខុសច្បាប់ និងជ្រើសរើសបដិសេធ បិទ ឬឈប់មើលការផ្សាយពាណិជ្ជកម្មមិនសមរម្យ។

ក្រឹត្យថ្មីបន្តថា អ្នកផ្សាយពាណិជ្ជកម្មត្រូវតែលុបការផ្សាយពាណិជ្ជកម្មដែលរំលោភច្បាប់ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីទទួលបានសំណើពីអាជ្ញាធរ។ ប្រសិនបើពួកគេមិនអនុវត្តតាមទេ និយតករអាចអនុវត្តវិធានការបច្ចេកទេស ដើម្បីរារាំងការផ្សាយពាណិជ្ជកម្ម ឬសេវាកម្មពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម