Connect with us

ព័ត៌មានជាតិ

កម្ពុជា-បារាំង សម្ពោធ«សួនច្បារ នរោត្ដម សីហនុ» នៅ Fère-en-Tardenois ជាផ្លូវការ

បានផុស

នៅ

«សួនច្បារ នរោត្តម សីហនុ» នៅទីក្រុង Fère-en-Tardenois ក្នុងខេត្ត Aisne ដែលអាជ្ញាធរបារាំងប្រសិទ្ធិនាមកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានសម្ពោធជាផ្លូវនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងលោក លុយ ដាវីត នៅថ្ងៃទី៨ ខែមករា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាក្រុង និងក្រុមប្រឹក្សាក្រុង Fère-en-Tardenois ចំពោះកាយវិការនិមិត្តរូបនេះ ដែលរំលឹកដល់ការចងចាំរបស់សម្តេចព្រះវររាជបិតា និងពង្រឹងមិត្តភាពរវាងកម្ពុជា និងបារាំង។

Fère-en-Tardenois ជាទីក្រុងប្រវត្តិសាស្ត្រនៃជំនួបចរចាជាលើកដំបូងរវាងព្រះករុណា ព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៨៧ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២​​ ខែធ្នូ ឆ្នាំ២០២៥  ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង​ចាត់ទុកថា៖«ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និង Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីកម្ពុជា។»។

ស្ថានទូតកម្ពុជាប្រចាំនៅបារាំង  សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាព ក្រៃលែងដែលឃើញការចងចាំចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងប្រវត្តិសាស្ត្រសន្តិភាពរបស់ កម្ពុជា ត្រូវបានតម្កល់តម្លៃយ៉ាងខ្ពង់ខ្ពស់នៅលើទឹកដីបារាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម