ព័ត៌មានអន្ដរជាតិ
UN៖ ការវិនិយោគសកលលើថាមពលស្អាត កើនដល់ ២,២ ទ្រីលានដុល្លារ នៅឆ្នាំ ២០២៥
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតតេរ៉ែស (Antonio Guterres) បានថ្លែងឱ្យដឹងថា ការវិនិយោគជាសកលលើថាមពលស្អាតបានបន្តកើនឡើងនៅឆ្នាំ ២០២៥ ដោយឈានដល់កំណត់ត្រាខ្ពស់ថ្មី ២,២ ទ្រីលានដុល្លារ ក្នុង «ការផ្លាស់ប្តូរសកលដែលមិនបកក្រោយ» ចេញពីឥន្ធនៈហ្វូស៊ីល។

ថ្លែងតាមរយៈវិដេអូទៅកាន់កិច្ចប្រជុំលើកទី ១៦ នៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ លោក ហ្គូតតេរ៉ែស បាននិយាយថា តួលេខ ២,២ ទ្រីលានដុល្លារ គឺច្រើនជាងទ្វេរដង ធៀបនឹងចំនួនទឹកប្រាក់វិនិយោគលើថាមពលឥន្ធនៈហ្វូស៊ីលនៅទូទាំងពិភពលោក។
លោក ហ្គូតតេរ៉ែស បានប្រាប់អ្នកតំណាងក្នុងកិច្ចប្រជុំថា៖ «ការផ្លាស់ប្តូរទៅថាមពលស្អាតគឺមិនអាចបញ្ឈប់បាន និងមិនអាចបកក្រោយវិញទេ»។ លោកបានចង្អុលទៅការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាកកើតឡើងវិញ និងការធ្លាក់ចុះនៃថ្លៃដើមចំណាយក្នុងវិស័យជាច្រើន។
បើទោះបីជាមានសន្ទុះបែបនេះក៏ដោយ លោកបានព្រមានថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានបរាជ័យដោយតាមមិនទាន់វឌ្ឍនភាពរបស់បច្ចេកវិទ្យា ដែលនោះអាចបន្ថយល្បឿននៃការផ្លាស់ប្តូរទៅប្រើថាមពលស្អាត ប្រសិនបើដោះស្រាយមិនទាន់។

លោក ហ្គូតតេរ៉ែស បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ពិភពលោកបានវិនិយោគប្រហែល ១ ទ្រីលានដុល្លារអាមេរិកលើការផលិតថាមពលស្អាត ប៉ុន្តែការចំណាយលើបណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ មានចំនួនតិចជាងពាក់កណ្តាលនៃចំនួននោះ។
លោកបានលើកឡើងពីឧបសគ្គដែលនៅតែបន្តកើតមាន រួមទាំងដំណើរការអនុញ្ញាតការវិនិយោគដែលប្រើពេលយូរ សមត្ថភាពបណ្តាញអគ្គិសនីមិនគ្រប់គ្រាន់ ការកកស្ទះនៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់ និងកំណើនសម្ពាធក្នុងទីផ្សាររ៉ែសំខាន់ៗ។ មន្រ្តីកំពូល UN ដដែលបានបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសនៅទ្វីបអាហ្វ្រិក នៅតែបន្តប្រឈមមុខនឹងឧបសគ្គធំៗក្នុងការទទួលបានហិរញ្ញប្បទានក្នុងតម្លៃសមរម្យ ទោះបីជាពួកគេមានសក្តានុពលផលិតថាមពលកកើតឡើងវិញយ៉ាងច្រើនក៏ដោយ។
ដើម្បីជំនះបញ្ហាប្រឈមទាំងនោះ លោកបានអំពាវនាវឱ្យមានការវិនិយោគយ៉ាងច្រើនលើបណ្តាញអគ្គិសនីទំនើប និងអាចបត់បែនបាន ការតភ្ជាប់ឆ្លងដែនកាន់តែរឹងមាំ និងការពង្រីកយ៉ាងឆាប់រហ័សនៃការផ្ទុកថាមពល ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ និងតម្រូវការមានតុល្យភាព និងរក្សាភាពជឿជាក់នៃប្រព័ន្ធ៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


