Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​រឹង​មាំ​លើ​កំពូល​តារាង ខណៈ បឹងកេត ធ្លាក់​មក​លេខ ៤

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ៣-២ សម្រាប់​ការ​ប្រកួត​សប្តាហ៍ទី​១៦ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា នា​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ដ៏​ជក់​ចិត្តក្រោម​ក្រសែ​ភ្នែក​​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ៥០៤០​នាក់ ភ្នំពេញ​ក្រោន បាន​​បើក​ការ​នាំ​មុខ​ ២-០ យ៉ាង​លឿនដោយ​កីឡាករ Dyer Moses John នៅ​នាទី​ទី ១៩ ដោយ​ការស៊ុត​ប៉េណាល់ទី និង​កីឡាករ Andres Neito នៅ​នាទី​ទី​២១។ ទោះ​បី​ជា​យ៉ាង​ណា ចុង​វគ្គ​ទី១ កីឡាករ Kwame Peprah រក​បាន​គ្រាប់​បាល់​តាម​ស្មើ ២-២ នៅ​នាទី៤០ និង​នាទី​៤៥+៤។ ចូល​វគ្គ​ទី​២ Kwame ដដែល​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៥៩។ ក្រោយ​មក​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ និង​ឡើង​កម្តៅ​នៅ​ចុងម៉ោង ប៉ុន្តែ​គ្មាន​​គ្រាប់​បាល់​កើត​ឡើង​ទៀត​ទេ។

តាម​រយៈ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​រឹង​មាំ​ក្នុង​ការ​គ្រប់​គ្រង​កំពូល​តារាង​ដោយ​មាន ៣៩ពិន្ទុ ពី​ការ​ឈ្នះ ១៣ លើក និង​ចាញ់ ៣ លើក ដែល​នាំ​មុខ ៥ ពិន្ទុ​លើ​គូ​ប្រជែងលេខ​២ ភ្នំពេញ​ក្រោន ដែល​មាន ៣៤ពិន្ទុ ពី​ការឈ្នះ ១០ ស្មើ ៤ និង​ចាញ់ ១។ ទោះ​បី​ជា​យ៉ាង​ណា ភ្នំពេញ​ក្រោន នៅ​សល់​ ១ ប្រកួត​ក្នុង​ដៃ​ទៀត។

ក្រុម​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ណាហ្គាវើលដ៍ ស្ងាត់​ៗ​បាន​ឡើង​ទៅ​ដល់​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី ៥ ប្រកួត​ចុង​ក្រោយ​មិន​ទាន់​បរាជ័យ​សោះ។ ពួក​គ​បាន​ឈ្នះ​កងយោធពល​ខមេរភូមិន្ទ ២-០, ស្មើ អាយអេសអាយ ដង្កោសែន​ជ័យ ១-១, ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣-០, ឈ្នះ អង្គរថាយហ្គឺរ ២-១ និង​សប្តាហ៍ទី​១៦ ឈ្នះគិរីវង់សុខសែន​ជ័យ ៣-១។ ឥឡូវ​នេះ ពួក​គេឈ្នះ ៨ ស្មើ ៤ និង ចាញ់ ៤ មាន ២៨ពិន្ទុ។

ដោយ​ឡែក ក្រុម​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ គឺ បឹងកេត បាន​ធ្លាក់​ទៅ​លេខ ៤ វិញ បន្ទាប់​ពី​បាន​ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធផល ១-០ ក្នុង​សប្តាហ៍​ទី​១៦។ ៣​ប្រកួត​មុន ពួក​គេ​បាន​យក​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១, ឈ្នះ កងយោធពលខេមរភូមិន្ទ ៦-០ និង​ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ៣-១ ប៉ុន្តែ​ចុង​ក្រោយចាញ់ អឹមអូអាយ កំពុងដេវ៉ា ដែល​ធ្វើ​ឲ្យ​ពួក​គេ ឈ្នះ ៨ ស្មើ ៤ និង ចាញ់ ៤ មាន ២៨ ពិន្ទុ ឈរ​លេខ​៤។

វិសាខា បាន​តាម​ទាន់​ពិន្ទុ អង្គរថាយហ្គឺរ ហើយដោយ​មាន ២៤​ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ​ឈរ​លេខ ៦ ដោយសារចាញ់គ្រាប់​បាល់។ វិសាខា បាន​ឈ្នះ ៣ ប្រកួតចុង​ក្រោយ​ជាប់​គ្នា ខណៈ អង្គរថាយហ្គឺរ រកមិន​បាន​ជ័យជម្នះ​សោះ​សម្រាប់​ការ​ប្រកួត ៥ លើក​ចុង​ក្រោយ​គឺ ស្មើ ២ និង​ចាញ់ ៣។

ក្រុម​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ (៤ពិន្ទុ) និង អាយអេសអាយ ដង្កោសែន​ជ័យ (៦ពិន្ទ) នៅ​តែ​ធ្វើ​មិន​បាន​ល្អ ដោយស្ថិត​នៅ​លេខ ១១ និង​លេខ​១០៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម