Connect with us

ព័ត៌មានជាតិ

លោក សួន ចំរើន ពីអតីតពលករដែលគ្មានជំនាញ ក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្តការរបស់ក្រសួងការងារ

បានផុស

នៅ

អតីត​ពលករ​ខ្មែរ​ត្រឡប់​មកពី​ថៃ គឺ លោក សួន ចំរើន ដែល​ពីមុន​គ្មាន​ជំនាញ បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ជំនាញ និង​មាន​ការងារ​ច្បាស់លាស់ តាមរយៈ​យន្តការ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន ចំរើន បាន​ប្រាប់​ថា លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ហើយ​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​រយៈពេល ៧ ឆ្នាំ ផ្នែក​កសិកម្ម និង​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ ២០២៥។

បន្ទាប់ពី​ទទួល​បាន​ការ​ពន្យល់​ណែនាំ​ពី​មន្ត្រី​ក្រសួង​ការងារ​មក លោក​ក៏បាន​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ដេរ កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​រោងចក្រ ធី​. អេស ស្ព័ត (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដោយ​លោក​រៀន​តែ ២ ថ្ងៃ​ប៉ុណ្ណោះ ក៏​អាច​បាន​ចូលរួម​ធ្វើ​ការងារ​តែម្ដង។

លោក សួន ចំរើន ប្រាប់​ថា «ខ្ញុំ​មក​រៀន​ក្នុង​រោងចក្រ​នេះ ខ្ញុំ​រៀន​តែ ២ ថ្ងៃ​ទេ ខ្ញុំ​បាន​ការងារ​ធ្វើ​ពេញ​សិទ្ធិ​…​គេ​ថា រៀន​ក៏បាន​លុយ​ដែរ ខ្ញុំ​ក៏​ខំ​រៀន​បាន ២ ថ្ងៃ ខ្ញុំ​ក៏​ចូល​ដេរ​បណ្ដោយ​»។

ក្រោយពី​ទទួល​បាន​ការងារ​ធ្វើ លោក ចំរើន បាន​លើក​ឡើង​ថា ក្រសួង​ការងារ ពិតជា​បាន​ជួយ​លោក​យ៉ាង​ស្វាហាប់ និង​ពិតប្រាកដ ដោយ​បាន​ដឹក​លោក​ពី​ក្រសួង​មក​រៀន​នៅ​រោងចក្រ ធី​. អេស ស្ព័ត នេះ ហើយ​បាន​ជួយ​រក​ផ្ទះ​ជួល​ឱ្យ​ស្នាក់នៅ​រយៈពេល ៧ ថ្ងៃ ដោយ​ឥតគិតថ្លៃ​ថែមទៀត។

លោក សួន ចំរើន បាន​បន្ថែម​ថា «​ខ្ញុំ​ចង់​អំពាវនាវ​ឱ្យ​អ្នក​ដែល​នៅ​ក្នុង​ស្រុក​ខ្មែរ​ក៏ដោយ អ្នក​ដែល​ទើប​មកពី​ថៃ​ក៏ដោយ អ្នក​នៅ​ក្នុង​ប្រទេស​ថៃ​ក៏ដោយ ការងារ​នៅ​ប្រទេស​ខ្មែរ​យើង​ច្រើន​ណាស់ ក្រសួង​គាត់​នៅតែ​ជួយ​គ្រប់​ភេទ ភេទ​ប្រុស ភេទ​ស្រី​ក៏ដោយ ​ត្រូវការ​ទាំងអស់ ការងារ​នៅ​ប្រទេស​ខ្មែរ​យើង​ច្រើន នៅ​ត្រូវការ​»។

ជាមួយ​គ្នា​នេះ លោក ចំរើន បាន​អរគុណ​ដល់​ក្រសួង​ការងារ ដែល​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដេរ​នេះ ដោយ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ឱកាស​ការងារ ទាំង​ដែល​ពី​មុន​មក​លោក​មិន​មាន​ជំនាញ​នេះ​សោះឡើយ ហើយ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ធ្វើ​ការងារ​ដែល​ខ្លួន​មាន​សព្វថ្ងៃ​នេះ​ឱ្យ​បាន​ល្អ និង​យូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម