Connect with us

ព័ត៌មានជាតិ

នៅចំពោះមុខមន្រ្តីUN, មេសិទ្ធិមនុស្សកម្ពុជា បន្តបកអាក្រាតយោធាថៃបំផ្លាញផ្ទះសម្បែងជនស៊ីវិល

បានផុស

នៅ

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោក កែវ រ៉េមី បន្តបកអាក្រាតអំពីសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបកអាក្រាតនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ដោយមានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ នៅចំពោះមុខមន្រ្តី UN លោក កែវ រ៉េមី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ដោយបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។ លោក កែវ រ៉េមី សង្កត់ធ្ងន់ថា៖«សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារជាដើម»។

ជាមួយគ្នានេះ លោកបានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពល​រដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងជំនួប​នោះ លោក Benjamin Moreau បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ គ.ស.ម.ក. ជាមួយនឹង OHCHR។ ភាគីទាំងពីរ បានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង។

សម្រាប់ឆ្នាំ២០២៦ ភាគីទាំងពីរនឹងសហការលើវិស័យអទិភាពចំនួន៥ រួមមាន៖ (១) ការអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)  (២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) (៣) ការបន្តផ្តល់សម្ភារៈ និងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៤) ការកសាងសមត្ថភាពមន្រ្តីរាជការ  និង (៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

គួរជម្រាបថា ក្នុងអំឡុងពេលនៃការឈ្លានពានទឹកដីកម្ពុជា ក្រុមយោធាថៃបានលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលរួមមាន ម៉ូតូ រថយន្ត ត្រាក់ទ័រ គោយន្ត ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀត។ លើសពីនេះទៅទៀត ក្រុមយោធាថៃក៏បានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ជនស៊ីវិលនៅតំបន់នោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម