Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​លើក​លែង​​ទិដ្ឋាការ​ដល់​​ប្រជាជន​អង់គ្លេស​ចំពោះ​​ដំណើរ​កម្សាន្ត​​​ក្រោម​៣០ថ្ងៃ​

បានផុស

នៅ

​មហាយក្ស​​ចិន​បាន​យល់​ព្រម​បន្ធូរ​បន្ថយ​ច្បាប់​​អនុញ្ញាត​ឱ្យពល​រដ្ឋ​អង់​គ្លេស​ធ្វើ​ដំណើរទៅ​កាន់​​ប្រទេស​​​​​ចិន​​​​ដោយ​មិន​មាន​ទិដ្ឋាការ​ (Visa) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ Keir Starmer ទៅ​កាន់​ទីក្រុង​ប៉េកាំង ដែល​ជា​ផ្នែកមួយ​​នៃ​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​ពី​ទី​ក្រុង​ឡុងដ៍​នឹង​ជួយ​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ Keir Starmer និង​លោក ស៊ី​ ជីន​ពីង។ Reuters

យោង​តាម​រ៉យទ័រ លោក Starmer បាន​និយាយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​របស់​ខ្លួន​ជា​មួយ​ប្រធា​នា​ធិប​តី លោក ស៊ី​ ជីន​ពីង [Xi Jinping] ថា៖«ពល​រដ្ឋ​អង់គ្លេស​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ទៅ​ទស្សនា​ប្រទេស​ចិន​ដោយ​គ្មាន​ទិដ្ឋាការ (Visa) ប្រសិន​បើ​ពួក​គេ​ធ្វើ​ដំណើរ​ក្រោម​៣០ថ្ងៃ។

លោក Starmer បាន​និយាយ​ក្នុង​សេច​ក្តី​​ថ្លែង​​ការណ៍​​មួយ​ថា​៖ «​ក្រុម​ហ៊ុន​នានា​​​កំពុងស្វែង​រក​វិធី​សាស្ត្រ​ ដើម្បី​ពង្រីក​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ចិន​។ ចំណែក​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ នឹង​ជួយ​សម្រួល​ដល់​ការ​ពង្រីក​ទីផ្សារ​ បង្កើន​ការងារ​​នៅ​តាម​ផ្ទះ»។

គោល​ការណ៍​នេះ ជា​ផ្នែក​មួយ​ដែល​ចក្រភព​អង់​គ្លេស​ហៅ​ថា​ «ភាព​ជា​ដៃ​គូ​ថ្មី»។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​​សិក្សា​ពី​លទ្ធភាព​ដែល​អាច​ត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ ទំនាក់​ទំនង​សេ​វា​កម្ម​ទ្វេភាគី ​នឹង​ជួយ​បន្ថែម​ដល់​ក្រុម​ហ៊ុន​អង់​គ្លេស​ដែលធ្វើ​អា​ជីវ​កម្ម​នៅ​ក្នុង​ប្រទេសចិន។​

សេច​ក្តី​ថ្លែង​ការណ៍​ បាន​បន្ថែម​ទៀត​​ថា ​សេដ្ឋកិច្ច​របស់​ចក្រភព​អង់​គ្លេស​ត្រូវ​បាន​គាំទ្រ​ដោយ​វិស័យ​សេវាកម្ម​ដ៏​ធំ​របស់​ខ្លួន​មួយ​ដំណាក់​កាល​រួច​ហើយ​ តែ​ភាព​ជា​ដៃ​គូ​នឹង​មាន​គោល​បំណង​ពង្រីក​ទំនាក់​ទំនងបន្ថែម ​ក្នុង​វិស័យ​ថែ​ទាំសុខ​ភាព ហិរញ្ញ​វត្ថុ និង​សេវា​កម្ម​វិជ្ជា​ជីវៈ សេវា​ច្បាប់ ការ​អប់​រំ​ និង​ជំនាញ​ផ្សេង​ទៀត​។

គួរ​បញ្ជាក់​ថា ចក្រ​ភព​អង់​គ្លេស​បាន​នាំ​ចេញ​សេវាកម្ម​នានា​ មាន​តម្លៃ ​១៣ប៊ីលាន​ផោន​( ជាង​១៧ប៊ីលាន​ដុល្លារ)​ ទៅ​កាន់​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ ហើយ​តម្រូវ​ការ​ពី​ប្រទេស​ចិន​កំពុង​កើន​ឡើង​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម