ព័ត៌មានជាតិ
ខ្លាត្រីប្រភេទសត្វដ៏កម្របំផុតនៅអាស៊ីបង្ហាញវត្តមានម្ដងទៀតនៅតំបន់ព្រៃលិចទឹកដែលបានស្តារឡើងវិញនៃខេត្តពោធិ៍សាត់ជុំវិញបឹងទន្លេសាប
សត្វខ្លាត្រី មួយក្បាល ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្តារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប។ តាមរយៈរូបភាពចំនួន៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិ នៅពាក់កណ្ដាលឆ្នាំ២០២៥ បង្ហាញពីគំហើញដ៏សំខាន់មួយនៃលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយអង្គការអភិរក្សអន្ដរជាតិ ហៅកាត់ថា CI។

ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកនៃអ្នកជំនាញបច្ចេកទេសអភិរក្សខ្លាត្រី លោកស្រី Vanessa Herranz Muñoz បញ្ជាក់ថា រូបភាពនេះ គឺពិតជារូបសត្វខ្លាត្រីប្រាកដមែន។ លោកស្រីសង្កត់ធ្ងន់ថា៖«កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍ គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិចតួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរ ដែលត្រូវបានបញ្ជាក់វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ហើយវាផ្តល់ឱ្យយើងនូវក្តីសង្ឃឹម សម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ។»

សត្វខ្លាត្រី (Prionailurus viverrinus) មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាក្រុមងាយរងគ្រោះ ដោយចំនួនរបស់វា ត្រូវបានអ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថា មានតិចជាង១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។ សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ វាមានមាឌធំជាងឆ្មាស្រុក២ដង ហើយច្រើនរស់នៅតែឯកឯង។ សត្វខ្លាត្រី ប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំរបស់វា។ សត្វនេះអាចហែលទឹកបានយ៉ាងជំនាញ ហើយមុជទឹកចាប់ត្រីយ៉ាងរហ័ស។ ចំណីចម្បងរបស់វាមានដូចជាសត្វត្រី សត្វកកេរ សត្វស្លាប និងសត្វល្មូន ជាដើម។

នៅប្រទេសកម្ពុជា កំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រី ពុំសូវមានច្រើននោះទេ ដោយគេឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួនដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោងកាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១កាលពីឆ្នាំ២០២២)។ ការបញ្ជាក់ពីវត្តមានសត្វនេះជារឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ (Prionailurus bengalensis)។
នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា លោក អ៊ុ សូនី កត់សម្គាល់ថា ៖«ការត្រឡប់មកវិញរបស់ខ្លាត្រីនេះ គឺជាសក្ខីភាពនៃការស្តារតំបន់ដីសើមដែលផ្អែកមូលដ្ឋានវិធីសាស្រ្តបែបវិទ្យាសាស្ត្ររយៈពេលវែង ជាពិសេសគឺការចូលរួមពីសហគមន៍មូលដ្ឋាន ដោយគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូនានាផងដែរ។»

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ចាត់ទុកវត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ជាសូចនាករដ៏សំខាន់មួយដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។ លោក ឌិត ទីណា ថា៖«ការណ៍នេះសបញ្ជាក់ពីសារៈសំខាន់នៃការស្តារនិងការពារជម្រកព្រៃលិចទឹកឡើងវិញ ដែលមិនត្រឹមតែមានផលប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនិរន្តរភាពនៃការរក្សាធនធានជលផល និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើតំបន់ដីសើមនេះផងដែរ។»
ចំណែករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចាត់ទុកថា៖«របកគំហើញនេះ គឺភស្តុតាងបង្ហាញពីការរីកចម្រើននៃប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា និងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយរបស់កម្ពុជា ក្នុងនោះមានយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធលើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។»
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១០មក អង្គការអភិរក្សអន្តរជាតិ សហការជាមួយសហគមន៍នេសាទក្នុងស្រុកចំនួន១៦ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានស្តារព្រៃលិចទឹកដែលបានប្រមាណជាង១.០០០ហិកតា នៅជុំវិញបឹងទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្តារតំបន់ដីសើមឡើងវិញរួមមាន ការដាំដើមឈើឡើងវិញ និងការលើកទឹកចិត្តដល់ការការពារទីជម្រក ដោយល្បាតជាប្រចាំ អនុវត្តវិធានការបង្ការអគ្គីភ័យ និង គាំទ្រដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់ ជាដើម៕
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


