Connect with us

ព័ត៌មានអន្ដរជាតិ

លោករូតេ ប្រកាសថា ណាតូនឹងបញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាព  

បានផុស

នៅ

ក្នុងសុន្ទរកថាទៅកាន់រដ្ឋសភាអ៊ុយក្រែនកាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ ប្រមុខអង្គការណាតូ ម៉ាក រូតេ បានឲ្យដឹងថា សមាជិកមួយចំនួនរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះ បានឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ដើរតួជាកងរក្សាសន្តិភាព ក្រោយទីក្រុងមូស្គូនិងកៀវ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ម៉ាក រូតេ ថ្លែងក្នុងសភាអ៊ុយក្រែន (រូបថត៖ Reuters)

យោងតាមសារព័ត៌មាន RT ដែលដកស្រង់សម្តីលោករូតេ, សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានប្រកាសថា ពួកគេនឹងបញ្ជូនទ័ពទៅអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ កងទ័ពនៅលើដី យន្តហោះនៅលើអាកាស និងនាវានៅលើសមុទ្រខ្មៅ ដោយមានសហរដ្ឋអាមេរិក ដើរតួជាខ្នងបង្អែក។

លោករូតេបន្តថា ក្នុងពេលជាមួយគ្នានេះ ណាតូកំពុងជួយជ្រោមជ្រែង បំពាក់គ្រឿងយុទ្ធោបករណ៍ និងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ព្រមទាំងបញ្ជូនគ្រឿងយុទ្ធោបករណ៍សំខាន់ៗរបស់អាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ឡើយថាតើ ប្រទេសជាសមាជិកណាខ្លះដែលឯកភាពបញ្ជូនកងទ័ពទៅអ៊ុយក្រែន និងសមាជិកណាខ្លះ ដែលបដិសេធ។

ទ័ពណាតូ (រូបថត៖ Reuters)

ច្បាស់ណាស់ ទីក្រុងមូស្គូនឹងក្តៅស្លឹកត្រចៀកមិនខាន បើណាតូបញ្ជូនទ័ពទៅអ៊ុយក្រែន ហើយវិមានក្រឹមឡាំងតែងគំរាមម្តងហើយម្តងទៀតអំពីមហន្តរាយ។

កាលពីឆ្នាំមុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev ព្រមានថា សង្គ្រាមធំនឹងផ្ទុះឡើង បើណាតូ ហ៊ានដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែនពិតមែន។

លោកបោះសម្តីថា៖ «នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង»៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម