Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំវៀតណាមជំរុញឱ្យអឺរ៉ុបវិនិយោគ និងផ្ទេរបច្ចេកវិទ្យាកាន់តែច្រើនក្នុងប្រទេសខ្លួន

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) បាន​ជំរុញ​អាជីវកម្មស្វីស និងអឺរ៉ុបផ្សេងទៀត ឱ្យ​បង្កើនការវិនិយោគ​ក្នុង​គម្រោងបច្ចេកវិទ្យាជឿនលឿន និងគម្រោង​ដែលផ្សារភ្ជាប់នឹង​ការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្តូរបៃតង និងឌីជីថល ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ ហិរញ្ញវត្ថុបៃតង និងទេសចរណ៍​ជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយគណៈប្រតិភូសហគ្រាសស្វីស និងអឺរ៉ុប ដឹកនាំដោយលោក​ Philipp Rösler ប្រធានវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF) លោក ផាម បានសរសើរវេទិកា និងលោក Rösler ចំពោះការភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរវាងវៀតណាម និងដៃគូ លើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងលើកកម្ពស់មុខមាត់វៀតណាម​ក្នុងចំណោមសហគមន៍អាជីវកម្មអឺរ៉ុប និងពិភពលោក។

លោក ផាម បានបញ្ជាក់ជាថ្មីនូវគោលនយោបាយសេដ្ឋកិច្ចវៀតណាម ក៏ដូចជាគោលដៅរបស់ប្រទេសក្នុងការសម្រេចបាន​នូវកំណើនសេដ្ឋកិច្ចលើសពី ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

លោក​នាយករដ្ឋមន្ត្រីដដែល បានគូសបញ្ជាក់ពីអាទិភាព និងការលើកទឹកចិត្តរបស់វៀតណាមសម្រាប់កំណើនបៃតង និងការអភិវឌ្ឍឌីជីថល។ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច២​ខ្ទង់ លោកបាននិយាយ​ថា ​វៀតណាម​កំពុងជំរុញវឌ្ឍនភាពជាយុទ្ធសាស្ត្រចំនួន៣​ គឺកំណែទម្រង់ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធទំនើប និងរួមបញ្ចូលគ្នា និងធនធានមនុស្ស និងអភិបាលកិច្ចដែលមានគុណភាពខ្ពស់ ខណៈ​ផ្លាស់ប្តូរទៅជាគំរូកំណើនសេដ្ឋកិច្ចថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

លោក ផាម បានសម្តែងក្តីសង្ឃឹមថា ​អាជីវកម្ម​ស្វីស និងអឺរ៉ុប នឹងពង្រីកការវិនិយោគទាំងផ្ទាល់ និងដោយប្រយោល ពង្រឹងការផ្ទេរបច្ចេកវិទ្យា គាំទ្រការបណ្តុះបណ្តាលកម្លាំងពលកម្ម ចែករំលែកជំនាញគ្រប់គ្រង វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងជួយក្រុមហ៊ុនវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែ​ច្រវ៉ាក់តម្លៃ និងផ្គត់ផ្គង់សកល។

លោក Rösler ឯណោះវិញ បានអបអរសាទរ​វៀតណាមដែលបានរក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ ទោះបីមាន​​ភាពមិនប្រាកដប្រជាជាសកល និងបានសរសើរចក្ខុវិស័យរយៈពេលវែង​វៀតណាម​ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជំរុញ​កំណើនសេដ្ឋកិច្ច២​ខ្ទង់​។

តំណាងសហគ្រាសស្វីស និងអឺរ៉ុប បានកោតសរសើរចំពោះបរិយាកាសវិនិយោគនៅ​វៀតណាម ហើយបានអំពាវនាវឱ្យមានការគាំទ្រពីរដ្ឋាភិបាលជាបន្តបន្ទាប់ តាមរយៈភាពបើកចំហរ និងស្ថិរភាពគោលនយោបាយ នីតិវិធីរដ្ឋបាល​ និងប្រព័ន្ធអេកូឡូស៊ីគាំទ្រកាន់តែរឹងមាំ ដើម្បីបង្កើនប្រសិទ្ធភាពវិនិយោគ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម