Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ប្រាប់​​ធនាគារឱ្យ​កាត់បន្ថយការកាន់កាប់មូលបត្របំណុល​អាមេរិក ដោយ​សារ​ហានិភ័យ​ទីផ្សារ

បានផុស

នៅ

ចិនបានណែនាំដល់បណ្ដា​ធនាគារនានា ឱ្យកាត់បន្ថយ​ការកាន់កាប់មូលបត្របំណុលរបស់រដ្ឋាភិបាល​អាមេរិក​ ដោយ​សារ​តែក្ដីបារម្ភពីហានិភ័យនៃការ​ប្រែប្រួលទីផ្សារ ​ចំពេលការកាន់កាប់របស់​ចិន​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៨​ ឆ្នាំ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន​ Bloomberg កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Bloomberg បាន​ស្រង់សម្ដីប្រភព​មិនបញ្ចេញឈ្មោះ ដែល​បាន​អះអាងថា មន្ត្រី​និយ័តករ​ចិន​ បាន​ជំរុញ​ឱ្យ​​ធនាគារ​នានា​​កំណត់​ការទិញ​មូលបត្របំណុលពីក្រសួង​​រតនាគារ​អាមេរិក និង​បាន​ណែនាំ​ដល់ធនាគារណា​ដែលកាន់កាប់មូលបត្របំណុលច្រើនស្រាប់ ​ឱ្យ​ចាប់ផ្តើម​លក់​បន្តិចម្តងៗ។

មែនទែនទៅ ការណែនាំ​នេះ​អនុវត្ត​ចំពោះ​តែ​ផលប័ត្រ​វិនិយោគ​របស់​ធនាគារ​ប៉ុណ្ណោះ ហើយ​មិន​ប៉ះពាល់​ដល់​មូលបត្រ​បំណុល​ដែល​​​រដ្ឋាភិបាល​ចិន​កាន់កាប់ដោយ​ផ្ទាល់​នោះទេ។

ការណែនាំនេះ ត្រូវបាន​បញ្ជូនទៅកាន់ធនាគារធំៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ដែលវា​ឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នរបស់ចិន​ថា ការកាន់កាប់​មូលបត្របំណុលពី​រតនាគារអាមេរិកច្រើនពេក អាចធ្វើឱ្យធនាគារងាយរងគ្រោះដោយ​សារ​ការប្រែប្រួល​ទីផ្សារ។

កង្វល់ជុំវិញបញ្ហានេះ គឺជាផ្នែកមួយ​នៃការ​ជជែកវែកញែក​ជាសកល​ក្នុងចំណោមវិនិយោគិន ​ថាតើមូលបត្រ​អាមេរិក​​ និងប្រាក់ដុល្លារនៅតែមានសុវត្ថិភាព និងទាក់ទាញដូចពីមុនឬអត់។

យ៉ាងណាមិញ ប្រភព​បាន​ប្រាប់ Bloomberg ថា ​ការណែនាំរបស់និយ័តករចិន​មានគោលបំណងធ្វើពិពិធកម្ម​ហានិភ័យ​​ហិរញ្ញវត្ថុ ជាជាងការបង្ហាញពី​បញ្ហា​ភូមិសាស្ត្រនយោបាយ ឬការបាត់បង់ទំនុកចិត្តលើទីផ្សារ​អាមេរិក។ និយ័តករចិន​មិនបាន​ដាក់​គោលដៅលក់ជាក់លាក់ ឬកំណត់កាលវិភាគ​នោះ​ទេ។​ ខណៈ​ទំនាក់ទំនងរវាង​អាមេរិក និងចិននៅតែមានភាពតានតឹង ​ទីផ្សារហាក់មាន​ស្ថេរភាពជាងមុន ​ក្រោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​បណ្ដោះអាសន្នចូលជាធរមាន​កាលពីឆ្នាំមុន។ ​

​ទិន្នន័យថ្មីៗបង្ហាញថា ធនាគារចិននានា​កាន់កាប់ទ្រព្យសកម្មប្រហែល ២៩៨ ប៊ីលានដុល្លារអាមេរិក ប៉ុន្តែ​គេ​មិនច្បាស់ថា ក្នុងចំណោមនោះ មាន​ប៉ុន្មាន​បាន​មក​ពីការ​វិនិយោគលើមូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិកនោះទេ។ ​ធនាគារកណ្តាលចិន ក៏​មិនទាន់បានធ្វើអត្ថាធិប្បាយ​យ៉ាងណាដែរលើបញ្ហានេះ។

តួលេខផ្លូវការ​ពីរដ្ឋាភិបាលអាមេរិកឯណោះវិញ បាន​បង្ហាញថា​ ការកាន់កាប់មូលបត្របំណុល​​រដ្ឋាភិបាលអាមេរិក​របស់​បរទេស បានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុត ៩,៤ ​ទ្រី​លានដុល្លារ ក្នុងខែវិច្ឆិកា ដែលខ្ពស់ជាងមួយឆ្នាំមុនដល់ទៅជាង ៥០០ ​ប៊ីលានដុល្លារ​។

ក្តីបារម្ភរបស់​ចិនកើតឡើងនៅពេលដែលវិនិយោគិនសកល​ បាន​ចោទសួរកាន់តែច្រើន​អំពីសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអាចប៉ះពាល់ដល់ប្រាក់ដុល្លារអាមេរិក និងឯករាជ្យភាពរបស់ធនាគារកណ្តាល​សហព័ន្ធអាមេរិក។ ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ​ចិនបានកាត់បន្ថយការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាល​អាមេរិកជាលំដាប់ ដែលធ្វើឱ្យជប៉ុន និងចក្រភពអង់គ្លេសវ៉ាដាច់លើការកាន់កាប់​។ ការកាន់កាប់របស់​ចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៨ ស្ទើរតែជិតពាក់កណ្តាលនៃកម្រិតកំពូល​នៃការកាន់កាប់នៅឆ្នាំ ២០១៣។

ក្រៅពីចិន​ អ្នកវិភាគនៅធនាគារ Deutsche Bank ឯណោះវិញ បានព្រមានថា វិនិយោគិនអឺរ៉ុបអាចកាត់បន្ថយការវិនិយោគរបស់​ខ្លួន​នៅសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផលប៉ះពាល់ពី​ពន្ធរបស់ ត្រាំ​។​ ​ទោះបែបនេះក្ដី លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ទីផ្សារមូលបត្របំណុល​អាមេរិកបានបង្ហាញលទ្ធផលល្អបំផុត​ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបានឃើញតម្រូវការបរទេសខ្ពស់បំផុត ជាពិសេសនៅពេលដែលធនាគារកណ្តាល​ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម