Connect with us

សេដ្ឋកិច្ច

សហគ្រាស​ SME ធ្វើឱ្យផលិតផលកម្ពុជា ពង្រីកខ្លួនចូលទៅទីផ្សារពិភពលោក

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​អះអាង​ថា សហគ្រាស​ធុនមីក្រូ តូច និងមធ្យម (SME) បាន​ធ្វើ​ឱ្យ​ផលិតផល​កម្ពុជា​ពង្រីក​ខ្លួន​ចូល​ទៅ​កាន់​ទីផ្សារ​តំបន់ និង​ទីផ្សារ​ពិភព​លោក​។

ថ្លែង​ក្នុង​សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​រំលេច​ពីតួនាទី​ស្នូល​របស់​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើ​ឱ្យផលិតផល​កម្ពុជាពង្រីក​ខ្លួនចូល​ទៅកាន់​ទីផ្សារ​តំបន់ និង​ទីផ្សារពិភពលោក។ ប៉ុន្តែពួកគេត្រូវការយន្តការគាំទ្រថ្នាក់ជាតិ ដើម្បីជំរុញផលិតភាព និង​សមត្ថភាព​ប្រកួត​ប្រជែង​បន្ថែមទៀត។

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣,៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។

សេចក្តីព្រាងយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ដោយឈរលើសសរស្តម្ភ ៤ គឺ៖ (១) ការកែលម្អបរិយា​កាស​ធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ (២) ការពង្រឹងផលិតកម្ម និងការពង្រីកបច្ចេកវិទ្យា និងនវានុវត្តន៍ (៣) ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ និង (៤) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាផ្នែកមួយនៃការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស។

លោក​ ហែម វណ្ណឌី បានបន្ថែមថា នេះគឺជាជំហានថ្មីមួយទៀត ដើម្បីជួយសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យទទួលបានសេវាមន្ទីរពិសោធន៍កាន់តែលឿន និងគួរឱ្យទុកចិត្ត ហើយដើម្បីពង្រឹងសមត្ថភាព​ប្រកួត​ប្រជែង​របស់​ពួកគេ តាមរយៈការចាប់យកស្តង់ដារ និងគុណភាព។

សិក្ខាសាលាក៏បានប្រមូលធាតុចូលទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីធានាថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គាំទ្រចក្ខុវិស័យ ២០៥០ របស់រាជរដ្ឋាភិបាល រួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងលើកកម្ពស់បរិយាបន្ន សមភាពយេនឌ័រ ការលើកទឹកចិត្ត និងភាពជាដៃគូរវាងរដ្ឋ-ឯកជនឱ្យកាន់តែរឹងមាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម