Connect with us

ព័ត៌មានជាតិ

មេទ័ពរបស់ហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ

បានផុស

នៅ

យកពេលបំពេញទស្សនកិច្ចនៅកម្ពុជា អគ្គមេបញ្ជាការទ័ពហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ ដំណើរចុះទៅកាន់តំបន់ព្រំដែនពេលនេះ ត្រូវបានបញ្ជាក់ឱ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយបើតាមគម្រោង នៅថ្ងៃទី១៣ ខែកុម្ភៈ ស្អែកនេះ លោកនាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ជាមួយនឹងការស្ដាប់ការធ្វើបទបង្ហាញពីក្រុមសង្កេតការណ៍អាស៊ាន (AOT) ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់។

លោកអគ្គមេបញ្ជាការទ័ពហ្វីលីពីន បានគូសបញ្ជាក់ថា អ្នកដឹកនាំ AOT គឺមានតួនាទីសំខាន់ និងការទទួលខុសត្រូវខ្ពស់ ដែលចាំបាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្ហាញដល់ភាគីទាំងពីរសុំការយល់ស្រប ហើយភាគីហ្វីលីពីន នឹងចាប់ផ្ដើមធ្វើកិច្ចការនេះ។ លើកឡើងចំពោះមុខអគ្គមេបញ្ជាការទ័ពកម្ពុជា លោកអគ្គមេបញ្ជការទ័ពហ្វីលីពីន អះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយធានាឱ្យបាននូវភាពអព្យាក្រឹត្យ។  

ការអះអាងរបស់អគ្គមេបញ្ជាការទ័ពហ្វីលីពីន គឺធ្វើឡើងស្របតាមការស្នើសុំពីភាគីកម្ពុជា ដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើដល់អគ្គមេបញ្ជាការទ័ពហ្វីលីពីន ឱ្យបន្តជួយសម្របសម្រួលលើជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង ក៏ដូចជាការបន្តពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក វង្ស ពិសេន បានរាយការណ៍ប្រាប់សមភាគីហ្វីលីពីនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទាំងអំឡុងក្រោយពេលឈប់បាញ់លើកទី១ និងលើកទី២ និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ផ្អែកតាមច្បាប់អន្តរជាតិ។ លោក ក៏បានអះអាងពីភាពផុយស្រួយនៃបទឈប់បាញ់ ខណៈភាគីថៃបាននិងកំពុងបន្តសកម្មភាពរំលោភបំពានមកលើទឹកដីរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានអរគុណលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានផ្ដល់បទបង្ហាញយ៉ាងលម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យលោកបានយល់កាន់តែច្បាស់អំពីស្ថានភាពពិតជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម