Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ AOT ត្រូវហ៊ានផ្សាយទង្វើថៃឈ្លានពានកម្ពុជា និងបញ្ជាក់ឲ្យច្បាស់ថាទង្វើរបស់ថៃ គឺមិនគោរពដល់សហរដ្ឋអាម៉េរិក និងអាស៊ាន

បានផុស

នៅ

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ថ្មីៗនេះ បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺត្រូវហ៊ានផ្សព្វផ្សាយទង្វើថៃឈ្លានពានមកលើកម្ពុជា និងបញ្ជាក់ឲ្យច្បាស់ថាទង្វើរបស់ថៃរំលោភបំពានលើកម្ពុជា គឺមិនគោរពដល់សហរដ្ឋអាម៉េរិក និងអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាំង យុ សង្កត់ធ្ងន់ដូច្នេះ៖«សកម្មភាពរំលោភបំពានគឺមិនមែនគ្រាន់តែជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះនោះទេ វាគឺជាការមិនគោរព និងគ្មានភាពអាម៉ាស់មុខចំពោះសហរដ្ឋអាម៉េរិក និងអាស៊ានថែមទៀតផង។»។

ជាការកត់សម្គាល់កន្លងមកនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនបានរិះគន់ពីតួនាទី និងប្រសិទ្ធភាពការងាររបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីAOTចុះទៅសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅទីតាំងដែលយោធាថៃធ្វើសកម្មភាពបំពានមកលើកម្ពុជា ប៉ុន្តែមិនឃើញលទ្ធផលផ្លែផ្កាណាមួយ គឺបានត្រឹមតែទៅមើល។

គួរឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ បង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងបំណងដើម្បីផ្ទៀងផ្ទាត់ និងអនុវត្តន៍បទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព  ក្រោយពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធរវាងថៃ ជាមួយកម្ពុជា លើកទី១ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន បង្កើតឡើងដោយមានភាគីម៉ាឡេស៊ីជាអ្នកដឹកនាំ ហើយក្រុមនេះ មួយក្រុមមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងមួយក្រុមទៀតមានមូលដ្ឋាននៅក្នុងប្រទេសថៃ។

ក្នុងឆ្នាំ ២០២៦ នេះ ប្រទេសហ្វីលីពីនបានក្លាយជាប្រធានអាស៊ានប្ដូរវេន ដូច្នេះភាគីកងទ័ពហ្វីលីពីនក៏មានតួនាទីជាប្រធានក្រុមដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បន្តបន្តពីម៉ាឡេស៊ី។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ១២  ខែកុម្ភៈ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនអះអាងថាហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា-ថៃ និងតំបន់ទាំងមូលផងដែរ។

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួនរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ពីព្រោះហ្វីលីពីនយល់ថា អ្នកដឹកនាំ AOT គឺមានតួនាទីសំខាន់ និងការទទួលខុសត្រូវខ្ពស់៕

ដោយ/ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម