Connect with us

សេដ្ឋកិច្ច

​ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី ​សម្រេចបានជាង ១២៥ លានដុល្លារ នៅខែមករា កើន​ឡើង​ខ្ពស់

បានផុស

នៅ

ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី​ ​សម្រេច​បាន​នូវទំហំទឹកប្រាក់ជាង​ ​១២៥ លានដុល្លារ នៅក្នុង​ខែ​មករា ​ឆ្នាំ ២០២៦ កើនឡើង ៤២% ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល​ឆ្លុះបញ្ចាំងអំពីតម្រូវ​ការ​កើន​ឡើង​នៃប្រ​ទេស​ទាំង​ពីរ ស្របពេលដែល​កម្ពុជា ​នៅ​តែបន្តរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​បង្ហាញថា​ នៅក្នុង​ខែមករា ឆ្នាំ ២០២៦ ទំហំ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី​សម្រេចបាន​ជាង​ ​១២៥ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ​ទៅ​ម៉ា​ឡេស៊ីមាន​ទំហំទឹកប្រាក់ ​២១ ​លានដុល្លារ ​កើនឡើង​ ៧៧,៣% ចំណែក​ម៉ាឡេស៊ី​នាំចូល​មកវិញ ​មានតម្លៃ ១០៣ លានដុល្លារ កើនឡើង ៣៦,២%។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ ទំហំ​ពាណិជ្ជកម្មកម្ពុជាមានកំណើន ​ឆ្លុះបញ្ចាំង​ពីការរក្សាបាននូវ​ទីផ្សារសំខាន់ៗ​របស់ខ្លួន ​ដែល​ជា​ទីផ្សារ​នៅក្នុងតំបន់ និងពិភពលោក ​ដែល​ធានាបាននូវខ្សែច្រវាក់តម្លៃ ​និង​ផ្គត់ផ្គង់ ​ព្រមទាំង​រក្សាបាន​នូវ​ជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​។​​

​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​ និងសេដ្ឋកិច្ច លោក​បណ្ឌិត ជ័យ តិច មាន​ប្រសាសន៍​ថា ​ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​​ទំនិញ​ពី​ម៉ាឡេស៊ីដោយ​សារ​តែ​កម្ពុជា​បាន​បង្វែរទំនិញមួយចំនួនពីប្រទេសថៃ ​បន្ទាប់​ពី​មាន​បញ្ហា​ព្រំដែន​ជា​មួយ​គ្នា​ ជាមួយ​នឹង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ​ពី​ប្រជាជន​កម្ពុជា​។

​យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ​២០២៥ ​​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ម៉ាឡេស៊ី ​សម្រេច​បាននូវទំហំទឹកប្រាក់​ចំនួន​ ១,១ ពាន់លានដុល្លារ កើនឡើង​ ២៤,៦៦% ​ក្នុងនោះ ​កម្ពុជា​​នាំ​ចេញ​ទៅម៉ាឡេស៊ី ​មានតម្លៃ ​១៤៣ ​លានដុល្លារ ​ធ្លាក់ចុះ ​២,៥៥% ​ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញ ​មានតម្លៃ ៩៣៥ លានដុល្លារ កើន ៣០,២៥%។​

​ប្រទេសម៉ាឡេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​​ទី ​៧ របស់​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន ​សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម