Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ធ្វើសមយុទ្ធ​លើ​សមុទ្រ និង​អះអាងពីការគ្រប់គ្រងទាំងស្រុងលើច្រក​ដឹកប្រេងពិភពលោក

បានផុស

នៅ

នៅក្នុងការបង្ហាញសមត្ថភាពឃ្លាំមើលយោធាយ៉ាងគឃ្លើន ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួនរក្សាបាននូវ «ឧត្តមភាពចារកម្ម​២៤​ម៉ោង​លើ​២៤​ម៉ោង​» លើច្រកសមុទ្រ Hormuz ដែលជាច្រករបៀងនាវាចរណ៍ដ៏សំខាន់បំផុតរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​កាសែត Yeni Şafak លោកអនុនាវីឯក Alireza Tangsiri មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ជាក់កាលពីថ្ងៃចន្ទ​ទី​១៦​ខែ​កុម្ភៈ​ថា កងកម្លាំងរបស់លោកកំពុងប្រើប្រាស់ការត្រួតពិនិត្យទាំងលើផ្ទៃទឹក លើអាកាស និងក្រោមផ្ទៃទឹក ដើម្បីតាមដានរាល់ចលនាទាំងអស់នៅច្រក​សមុទ្រ Hormuz។ ការប្រកាសនេះ កើតមានឡើងខណៈដែល IRGC ចាប់ផ្តើមសមយុទ្ធយោធា «Smart Control» ដែលជាការឆ្លើយតបដោយផ្ទាល់ទៅនឹងភាពតានតឹងក្នុងតំបន់ និងការធ្វើដំណើររបស់នាវាដឹកប្រេង និងនាវាផ្ទុកកុងតឺន័រជាង ៨០គ្រឿងដែលឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។

សមយុទ្ធដែលកំពុងកើត​ឡើង​នេះត្រូវបានពណ៌នាថាជាសមយុទ្ធ «ចម្រុះ បាញ់គ្រាប់ពិត និងមានគោលដៅច្បាស់លាស់» ដោយផ្តោតលើការការពារដែន​កោះក្នុងតំបន់ដែលលោក Tangsiri ចាត់ទុកថាជា «បន្ទាយដែលមិនអាចវាយលុកបាន»។ ដ្បិត​កងទ័ពជើងទឹក IRGC តែង​រៀបចំសមយុទ្ធប្រចាំឆ្នាំក៏ដោយ ក៏​ការហ្វឹកហ្វឺនឆ្នាំនេះមានភាពលេចធ្លោខុសប្លែកពីមុន ដោយមានការដាក់បង្ហាញឧបករណ៍ដែលមិនធ្លាប់បង្ហើប​ឲ្យ​ដឹង​ពីមុន និងយុទ្ធសាស្ត្រប្លែកៗដែលរៀបចំឡើងដើម្បីបង្ហាញពីសមត្ថភាពឆ្លើយតបរហ័ស។ ក្រោមការត្រួតពិនិត្យរបស់មេទ័ព Mohammad Pakpour អង្គភាពនានា​របស់​អ៊ីរ៉ង់​កំពុងហ្វឹកហាត់ដើម្បីធ្វើអន្តរាគមន៍ ត្រួតពិនិត្យ ឬសូម្បីតែចាប់​ឃាត់​ «នាវាដែលគ្មានការអនុញ្ញាត» ណាដែលចូលមកក្នុងដែន​ទឹក​យុទ្ធសាស្ត្រទាំងនេះ។

ការបង្ហាញកម្លាំងជើងទឹកនេះ កើតឡើងស្របពេលជាមួយនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅចូលរួមជាមួយនាវា USS Abraham Lincoln នៅក្នុងឈូងសមុទ្រពែរ្ស។ ទោះបីជាមានការដាក់ពង្រាយអាវុធធុនធ្ងន់យ៉ាងណាក្តី ក៏យន្តការការទូតនៅតែបន្តដើរទៅមុខ ដោយទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន គ្រោងនឹងបន្តការចរចាដោយប្រយោលនៅថ្ងៃអង្គារនេះ។ ក្រោមការសម្របសម្រួលពីអូម៉ង់ កិច្ចចរចានេះគឺជាការប៉ុនប៉ងដ៏ផុយស្រួយក្នុងការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការផ្អាកអស់​៨ខែដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ដែលធ្វើ​​ឲ្យ​ពិភពលោកត្រូវ​ចាំ​អ៊ុតមើលថា តើជំហានបន្ទាប់គឺជាការចាប់ដៃគ្នា ឬជាការផ្ទុះអាវុធ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម