Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមផ្ដល់សិទ្ធិ​ឱ្យបើកដំណើរការអ៊ិនអឺណិតពីផ្កាយរណប​ Starlink ​ជាផ្លូវការ

បានផុស

នៅ

វៀតណាមបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋី អេឡុន ម៉ាសក៍ (Elon Musk) ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ិនធឺណិតពីផ្កាយរណប Starlink ជាមួយនឹង​ការតភ្ជាប់ដំណាក់កាលដំបូងរហូតដល់ទៅ ៦០០ ០០០ ចំពេលដែលវៀតណាមពង្រីកវិសាលភាពវិស័យឌីជីថលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានផ្តល់ «អាជ្ញាប័ណ្ណទូរគមនាគមន៍» ដល់ក្រុមហ៊ុន Starlink Services Vietnam ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Starlink (ក្រោម SpaceX) នៅវៀតណាម ​ដោយ​គ្រប​ដណ្តប់​ទាំងបណ្តាញផ្កាយរណបថេរ និងចល័ត។ ក្រុមហ៊ុនក៏បានទទួលការអនុញ្ញាតពីនាយកដ្ឋានប្រេកង់វិទ្យុ ដើម្បីប្រើប្រាស់ប្រេកង់វិទ្យុ និងដំណើរការឧបករណ៍វិទ្យុផងដែរ។

ការអនុម័តនេះ អនុញ្ញាតឱ្យ Starlink សាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលព័ត៌មានស្របច្បាប់​ក្នុងប្រទេស​វៀតណាម​ដោយមិនជ្រៀតជ្រែកជាមួយបណ្ដាញទំនាក់ទំនងឥតខ្សែដែលមានស្រាប់។ ​

Starlink មិនទាន់បានប្រកាសពីកាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។

គួររំឭកថា កាលពីខែមេសា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ ហូ ឌឹកផុក បានផ្តល់អាជ្ញាប័ណ្ណឱ្យ​​Starlink ​សាកល្បងអ៊ិនធឺណិតផ្កាយរណប​នៅ​វៀតណាម។ វាបានក្លាយជាក្រុមហ៊ុនបរទេសដំបូងគេដែលទទួលបានការយល់ព្រមបែបនេះ ហើយ​ក្រោយមក SpaceX បានបង្កើត​ក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក​ និងបានដាក់ពាក្យសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មពេញលេញ។

អ្នករៀបចំផែនការបាននិយាយថា ដំណាក់កាលដំបូងនៃដំណើរការ នឹងរួមបញ្ចូលទាំងស្ថានីយច្រកទ្វារចំនួន៤ និងដុំតភ្ជាប់​របស់​អ្នកប្រើប្រាស់រហូតដល់ ៦០០​ ០០០។

អ៊ិនធឺណិតផ្កាយរណប ​នឹងត្រូវបានដាក់ពង្រាយកន្លែងដែលខ្សែកាបអុបទិក និងបណ្តាញទូរគមនាគមន៍ជាប្រពៃណីខ្សោយ ឬមិនអាចប្រើបាន ដូចជាតំបន់ភ្នំ និងកោះដាច់ស្រយាលជាដើម​។ មន្ត្រី​វៀតណាមបាននិយាយផងដែរថា វាអាចដើរតួជាការបម្រុងទុកក្នុងអំឡុងពេលព្យុះ និងទឹកជំនន់ ពីព្រោះវាមិនពឹងផ្អែកលើខ្សែកាបដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម