Connect with us

ព័ត៌មានអន្ដរជាតិ

​ទីក្រុងប្រណីតឌូបៃ ក្លាយជា​«ទីក្រុងខ្មោច» ភ្លាមៗ ក្នុងជម្លោះ​​នៅមជ្ឈិមបូព៌ា​​

បានផុស

នៅ

អស់រយៈពេលពីរថ្ងៃមកហើយ ដែលប្រជាជននៅឌូបៃភាគច្រើនបានស្នាក់នៅក្នុងផ្ទះ ខណៈទីក្រុងរបស់​ប្រទេស​ពួកគេត្រូវបានវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក​យ៉ាងខ្លាំង​ពីសំណាក់​អ៊ីរ៉ង់នៅទូទាំងតំបន់​ សំដៅមូលដ្ឋាន​​​​ទ័ព​អាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏ធំ​របស់​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន CNN និង BBC បានធ្វើការ​​​សេចក្តីរាយការណ៍​ ប្រៀបធៀបទីក្រុងឌូបៃ​ដែល​ធ្លាប់តែ​អ៊ូអរ​ខ្លាំងទៅនឹង «ទីក្រុងខ្មោច»​ ដ៏ស្ងាត់ជ្រងំ​​ ​​បន្ទាប់ពីសណ្ឋាគារប្រណីតៗ និងអាកាសយានដ្ឋានសំខាន់របស់​ទីក្រុង​នេះ​ ដែលជាព្រលានយន្តហោះដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដោយសារចរាចរណ៍អ្នកដំណើរ ត្រូវបានខូចខាត។

សម្រាប់អ្នកស្រុកជាច្រើន រូបភាពនេះរំលឹកដល់ការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ កាលពី៦​ឆ្នាំមុន នៅពេលដែលមជ្ឈមណ្ឌលដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ស្រាប់តែស្ងាត់ជ្រងំ។ សាលារៀននៅក្នុងទីក្រុងបានផ្លាស់ប្តូរទៅប្រតិបត្តិការអនឡាញម្តងទៀត ហើយមនុស្សត្រូវតែបង្ខំចិត្តស្នាក់នៅផ្ទះ។

មនុស្សមួយចំនួនវិញ​បានប្រញាប់ប្រញាល់ទៅផ្សារទំនើបដើម្បី​ទិញ​ទំនិញ​​ប្រើប្រាស់ចាំបាច់​​មករក្សា​ទុក​។ ចំណែកការដឹកជញ្ជូនអាហារតាមអន​ឡាញ បានកត់ត្រាការពន្យារពេលដោយសារតែតម្រូវការកើនឡើងហួសប្រមាណ។ នៅក្នុងសង្កាត់ដែលធ្លាប់មានមនុស្សច្រើនរហូតដល់យប់ជ្រៅ ផ្លូវឥឡូវនេះ ប្រែជាទទេស្អាត​​​។

បន្ទាប់ពីដែនអាកាសអារ៉ាប់រួម ​​(UAE) ត្រូវបានបិទ មនុស្សមួយចំនួនបានបើកឡានទៅកាន់តំបន់ស្ងប់ស្ងាត់នៃប្រទេស។ នៅ Hatta ជិតព្រំដែនជាមួយប្រទេសអូម៉ង់វិញ​ យ៉ាងហោចណាស់សណ្ឋាគារមួយបានប្រើបន្ទប់សន្និសីទ ទៅជាជម្រកបណ្តោះអាសន្នសម្រាប់អ្នកទេសចរដែលគ្រោងចាកចេញ ប៉ុន្តែមិនអាចត្រឡប់មកផ្ទះវិញបាន។ អ្នកចំណូលថ្មីមួយចំនួនបាននិយាយថា ពួកគេកំពុងនាំក្រុមគ្រួសារ ចាកចេញពីតំបន់ដែលរងការវាយប្រហារនៅទីក្រុងឌូបៃ។

យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ដោយកំណត់គោល​ដៅ​ទៅលើមូលដ្ឋានការពារជាតិ និងចារកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួន​របស់​អ៊ីរ៉ង់​។ ប្រភពមួយនិយាយ​ថា ការវាយប្រហារនេះត្រូវបាន គ្រោងទុករួមគ្នាអស់រយៈពេលជាច្រើនខែមកហើយ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

​ក្រោយការ​វាយប្រហារ​ភ្លាម​ៗ​​ អ៊ីរ៉ង់បានប្រកាសយ៉ាងឆាប់រហ័សអំពីការចាប់ផ្តើមប្រតិបត្តិការសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកមួយចំនួននៅក្នុងប្រទេស​ក្នុងតំបន់​មជ្ឈិមបូព៌ាជាច្រើន ដែលបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។

​ក្នុងការ​បាញ់ប្រហារ​​​ឆ្លើយ​តបនោះ ទីក្រុងតេហេរ៉ង់អះអាងថា គោលដៅសំខាន់​គឺកងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនទឹកដីនៃប្រទេសជិតខាងទេ៕

រូបភាព៖Reuters

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម