Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបន្តកើនឡើងកាន់តែខ្ពស់សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (៥ មីនា) នេះ ចំពេលដែលជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តរីករាលដាល និងប៉ះពាល់ដល់លំហូរប្រេងចេញពីមជ្ឈិមបូព៌ាកាត់តាមច្រកហ័រមូហ្ស (Hormuz) ដ៏សំខាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ២,២២ ដុល្លារ ឬ ២,៧៣% ដល់ ៨៣,៦២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ម៉ាក WTI បាន​កើនឡើង ២,៣៧ ដុល្លារ ឬ ៣,១៧% ដល់ ៧៧,០៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹកនៅក្រុងភ្នំពេញ (១១ ព្រឹក នៅក្រុងហុងកុង)។

កាលពីថ្ងៃពុធ ជម្លោះពាក់ព័ន្ធអ៊ីរ៉ង់បាន​រីករាលដាលកាន់តែធំ បន្ទាប់ពីអាមេរិក​បើកការវាយប្រហារលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងលើលំហរសមុទ្រក្បែរកោះស្រីលង្កា ខណៈ​សមាជិកព្រឹទ្ធសភាសាធារណរដ្ឋអាមេរិក បានគាំទ្រ​សង្រ្គាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំង​អ៊ីរ៉ង់។​

​កត្តាដែលជំរុញតម្លៃប្រេងអន្តរជាតិមួយទៀត គឺអ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងឆៅធំជាងគេទី២នៅក្នុងអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) បានកាត់បន្ថយផលិតកម្មជិត ១,៥ លានបារ៉ែល/ថ្ងៃ ដោយសារតែខ្វះកន្លែងផ្ទុក និងផ្លូវនាំចេញ​។

កាតា ដែលជាប្រទេសផលិតឧស្ម័នធម្មជាតិពង្រាវធំជាងគេនៅតំបន់ឈូងសមុទ្រពែរ្ស បានប្រកាសនៅថ្ងៃពុធថា ខ្លួនមិនអាចបំពេញតាមកុងត្រានាំចេញដោយសារតែភាពតានតឹង ខណៈប្រភព​មួយចំនួនបាន​អះអាងថា កាតាត្រូវការពេលយ៉ាងហោចណាស់១ខែ ដើម្បីឱ្យ​ផលិតកម្មអាចវិលត្រឡប់ទៅរកបរិមាណ​ដើម​វិញ។​

បញ្ហាដែលធ្វើឱ្យតម្លៃប្រេងបន្តហក់ឡើងខ្ពស់ គឺពាក់ព័ន្ធនឹង​ផលរំខាននៅច្រកហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកលប្រចាំថ្ងៃ។ ចរាចរណ៍នៅច្រកដ៏សំខាន់នេះ ត្រូវបានធ្លាក់ចុះស្ទើរតែទាំងស្រុង អស់រយៈពេល ៥ ថ្ងៃមកហើយ ពោលគឺរាប់តាំងពីជម្លោះផ្ទុះឡើងនៅថ្ងៃសៅរ៍សប្ដាហ៍មុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម