Connect with us

សេដ្ឋកិច្ច

អឺរ៉ុប​ចាប់អារម្មណ៍​ សក្ដានុពលវិនិយោគ​វិស័យ​ទេសចរណ៍ ​នៅ​កម្ពុជា​

បានផុស

នៅ

សហភាពអឺរ៉ុប ​ចាប់អារម្មណ៍កាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗ​ និងវិស័យ​ទេសចរណ៍នៅកម្ពុជា ​ដូចជាការបោះ ទុនវិនិយោគទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍​ធម្មជាតិ ​ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ ​និងភេសជ្ជៈសម្រាប់ទីក្រុងធំៗ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ នៅថ្ងៃទី ០៥ ​ខែមីនា ឆ្នាំ ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភា​ពាណិជ្ជកម្មអឺរ៉ុប​នៅកម្ពុជា (EUROCHAM) ​ដឹកនាំដោយលោក Noel Clehane ចូលជួបពិភាក្សាការងារ ​ស្តីអំពីការស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ ព្រមទាំង​សក្តានុពលទេសចរណ៍កម្ពុជា​។

​គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា (EUROCHAM)​ បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរំណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា​ ស្តែងតាមរយៈ​ការបណ្តាក់ទុន និងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅកម្ពុជាជាង ៣០ ឆ្នាំ មកហើយ។

តាមរយៈទំហំវិនិយោគដែលមានស្រាប់ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពល​ទេសចរណ៍​កម្ពុជា និងកម្លាំងពលកម្មដ៏សកម្ម ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង​លើកាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗ​ ទៀតដូចជាការបោះទុនវិនិយោគ​ទេសចរណ៍​ប្រកប ដោយ​ចីរភាព ទេសចរណ៍ធម្មជាតិ ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និង​ភេសជ្ជៈសម្រាប់​ទីក្រុងធំៗ របស់កម្ពុជាដែលមានការទាក់ទាញទេសចរណ៍ជាខ្លាំង វត្ថុអនុស្សា​វីរិយ៍ជាលក្ខណៈសិល្បៈពិតៗ បរិវត្តកម្មឌីជីថលក្នុងសេវាកម្មទេសចរណ៍។

​លោក ហួត ​ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ្ឋ-ឯកជនជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) តាមអភិក្រមជវភាព​នៃតួអង្គតែមួយ ដើម្បីជំរុញកំណើនវិនិយោគទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសស​ហការ​ជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗ នៅអឺរ៉ុប មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ស្របពេលដែលកម្ពុជាបានដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត ៤ F កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

​ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា​ក្នុងការ​ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា​ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យ​ទេសចរណ៍​ឱ្យកាន់តែមានចីរភាព ភាពធន់ និងមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម