Connect with us

ព័ត៌មានជាតិ

ផ្លូវក្នុងក្រុងបាត់ដំបង​​ក្នុង​ផែនការ ១៧ ខ្សែ បើកការដ្ឋាន​ស្ថាបនា​បន្ត​បន្ទាប់​បាន​​ចំនួន ៧ ខ្សែ

បានផុស

នៅ

ផ្លូវក្នុងក្រុង​បាត់ដំបង​ដែល​រង​ការ​រិះគន់​មានការ​ខូចខាត មាន​ជង្ហុកពិបាកធ្វើ​ដំណើរ មក​ដល់​ពេល​នេះអាជ្ញាធរ​បាន​បើក​ការដ្ឋាន​សាងសង់ជួសជុល​​ជា​បន្តបន្ទាប់ ដើម្បី​សម្រួលការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណះការខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា តាម​គម្រោងក្នុងឆ្នាំ ២០២៦ ផ្លូវក្នុងក្រុងបាត់ដំបង​គ្រោង​ត្រូវជួសជុលស្តារឡើងវិញសរុប​ចំនួន​ ១៧ ខ្សែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា គិត​មកត្រឹមពេលនេះ ក្រុមការងារមន្ទីរបានបើកការដ្ឋាន​សាងសង់​បាន​ចំនួន​ ៧ ខ្សែ និង​នៅសល់ ១០ ខ្សែទៀត នឹង​បន្ត​បើកដំណើរការ​បើកការដ្ឋាន​សាងសង់​បន្ត​បន្ទាប់នៅ​ពេលដ៏ខ្លីខាងមុខនេះ។

ផ្លូវក្នុងក្រុងបាត់ដំបង ត្រូវ​បានអាជ្ញាធរឈូស​បើក​ផ្លូវ​ឲ្យបាន​ធំទូលាយ ដោយ​បាន​​ណែនាំ​ឲ្យប្រជាពលរដ្ឋ​ចូលរួមរុះរើដូចជា រោង រាន របង តូប សំយាប ដែលបានសង់រំលោភ​លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដូចជា​តាមបណ្តោយផ្លូវ ១៥៤ ផ្លូវ ៤០៦ ផ្លូវ ៥២០ ដែលកន្លងទៅ​មាន​ភាព​តូចចង្អៀត មិន​មានផាសុខភាព និងបរិយាកាសអាប់អ៊ួ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងសាទរចំពោះការរៀបចំរបស់រដ្ឋបាលក្រុង ដែលក្រោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​បានស្តារ​ជួសជុលមានភាព​ស្រឡះ​ កាត់បន្ថយ​ការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរជាដើម។

អាជីវករលក់និងជួសជុលទូរស័ព្ទដៃក្នុងក្រុងបាត់ដំបង លោក ឡាយ សុប៊ិន បានឲ្យដឹងថា លោកសាទរចំពោះកិច្ចខិតខំរបស់រដ្ឋបាលក្រុងក៏ដូចជាអាជ្ញាធរខេត្ត ដែលបានរៀបចំក្នុងក្រុង​បើក​ស្តារ​ឲ្យ​មាន​ភាព​ទូលាយជាង​មុន​ ងាយស្រួល​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ និង​​ភ្ញៀវបរទេសដើរកម្សាន្តប្រកបដោយផាសុខភាព​ល្អ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម