Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ រិះគន់ទីក្រុងសេអ៊ូលថា «មិនមានប្រយោជន៍»ដល់អាមេរិក

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១មេសា បានរិះគន់កូរ៉េខាងត្បូងថា «មិនមានប្រយោជន៍» ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយមិនបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពច្រក Hormuz ខណៈកងទ័ពអាមេរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមាន «នុយក្លេអ៊ែរ» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

យោងតាម koreajoongangdaily លោកត្រាំបានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ប្រចាំឆ្នាំនៅសេតវិមាន ដោយបានចង្អុលបង្ហាញពីប្រទេសកូរ៉េ ចិន ជប៉ុន និងបារាំងថា ប្រទេសទាំងនោះពឹងផ្អែកលើច្រកសមុទ្រសម្រាប់ការនាំចូលថាមពល ដូច្នេះគួរតែធ្វើសកម្មភាពដើម្បីជួយបើកផ្លូវទឹកឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ។

មេដឹកនាំរូបនេះមានប្រសាសន៍បន្តថា «ទុកឲ្យកូរ៉េខាងត្បូង ដែលមិនបានជួយយើងជាអ្នកធ្វើចុះ! ជាក់ស្ដែង ពួកយើងមានទាហានត្រឹម ៤៥,0០០ នាក់ ដែលស្ថិតក្នុងគ្រោះថ្នាក់នៅទីនោះ នៅជិតកងកម្លាំងនុយក្លេអ៊ែរ (ដោយសម្ដៅទៅលើសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង)»។

នៅក្នុងនោះដែរ លោកបានជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុប ជប៉ុន និងចិនចូលរួមក្នុងការធានាសុវត្ថិភាពច្រកសមុទ្រនេះ ព្រោះពួកគេពឹងផ្អែកលើវាសម្រាប់ការនាំចូលថាមពលច្រើន។ ជាពិសេស លោកថែមទាំងអះអាងថា ការបើកផ្លូវដឹកជញ្ជូនប្រេងសកលបន្ទាប់ពីការបិទរបស់ខ្លួនដោយសារតែសង្គ្រាមអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មិនមែនជាការទទួលខុសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោនទាំងស្រុងទេ។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ កើតឡើងជិត៥សប្តាហ៍ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់។ ទន្ទឹមនោះដែរ លោកបានសម្តែងការមិនពេញចិត្តចំពោះការបដិសេធរបស់សម្ព័ន្ធមិត្ត ដែលមិនផ្តល់ជំនួយផ្នែកកងទ័ពជើងទឹកដើម្បីធានា និងត្រួតពិនិត្យច្រកសមុទ្រ រួមទាំងការបញ្ជូននាវាចម្បាំងដើម្បីអមដំណើរនាវាពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹកដែលទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិទីក្រុងសេអ៊ូល បានចេញការបញ្ចាក់វិញថា ខ្លួនមិនទាន់បានទទួលសំណើផ្លូវការណាមួយពីទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ពង្រាយកងកម្លាំងយោធាទៅកាន់ច្រកសមុទ្រ Hormuz នៅឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម