Connect with us

កីឡា

គួន ម៉ុម ស្ថិតក្នុងកីឡាករបរទេសលេចធ្លោ ៣ នាក់ លេង​នៅ​ជម្រើស​ជើង​ឯក​វៀតណាម​

បានផុស

នៅ

ស្មាត់ស្តាំរបស់ជម្រើសជាតិ កម្ពុជា កីឡាករ គួន ម៉ុម ស្ថិតនៅក្នុងចំណោមកីឡាករបរទេស ៣ នាក់ គួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទះជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម ក្នុងឆ្នាំ ២០២៦។

កីឡាករ គួន ម៉ុម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍ជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម ក្នុងឆ្នាំ ២០២៦ មានកីឡាករបរទេសសរុប ៩ រូប ត្រូវបានចុះឈ្មោះចូលរួមជាមួយក្រុមបាល់ទះ ៨ ផ្សេងគ្នា ក្នុង​នោះ​ក៏​មាន​ គួន ម៉ុម ដែល​បានចូលរួមជាមួយក្រុម Ha Noi។

កីឡាករបរទេសទាំង ៩ នាក់ ដែលបានលេងនៅជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម ឆ្នាំនេះសុទ្ធតែឆ្នើមៗ ប៉ុន្តែមានកីឡាករ ៣ នាក់ត្រូវបានគេចាប់អារម្មណ៍បំផុត ដោយសំអាងលើសមត្ថភាព និងសមិទ្ធផលកន្លងមកជាមួយក្រុមជម្រើសជាតិ។

កីឡាករបរទេសទាំង ៩ នាក់

ទី ១. កីឡាករ Rivan Nurmulki របស់ក្រុមបាល់ទះ THỂ CÔNG TÂN CẢNG៖ អ្នកគាំទ្រ កម្ពុជា ក៏ដូចជាអ្នកគាំទ្រទូទាំងតំបន់ អាស៊ាន ទាំងមូល ច្បាស់ជាបានស្គាល់ហើយអំពីអតីតស្មាត់ធំរបស់ជម្រើសជាតិ ឥណ្ឌូណេស៊ី រូបនេះ។ Rivan មានបទពិសោធច្រើនជាមួយក្លិបអាជីព មុនពេលមកចូលរួមជាមួយក្រុម THỂ CÔNG TÂN CẢNG ដោយកីឡាករធ្លាប់លេងនៅ ឥណ្ឌូណេស៊ី ថៃ និងជប៉ុន។

នៅជម្រើសជាតិ Rivan ធ្លាប់បានឈ្នះមេដាយមាសនៅកីឡាស៊ីហ្គេម ៣ លើក មេដាយប្រាក់ ២ លើក និងសំរឹទ្ធ ១ លើក។ ចំណែកនៅពាន SEV V.League ធ្លាប់បានឈ្នះមេដាយមាស ១ លើកកាលពីឆ្នាំ ២០២៥។ កាលពី ៤ ខែមុន ស្មាត់វ័យ ៣០ ឆ្នាំរូបនេះ បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថៃ។

កីឡាករ Rivan Nurmulki

ទី ២. កីឡាករ Garrett Muagututia របស់ក្រុម SANEST KHÁNH HÒA៖ អតីតកីឡាករជម្រើសជាតិ អាមេរិក រូបនេះ រាប់បានជាកីឡាករជើងចាស់មួយរូប ដែលមានបទពិសោធជោកជាំក្នុងកីឡាបាល់ទះ។ បច្ចុប្បន្ន Garrett មានវ័យ ៣៨ ឆ្នាំរៀងជ្រែបន្តិច ប៉ុន្តែសមត្ថភាពវាយផ្តាច់រកពិន្ទុនៅតែល្អប្រសើរ។ កីឡាកររូបនេះ ធ្លាប់មានបទពិសោធច្រើនលេងនៅ អាមេរិក អេស្ប៉ាញ តួកគី អ៉ីតាលី ហ្វាំងឡង់ ប៉ូឡូញ ចិន ព័រទុយហ្គាល់ ក្រិច អេហ្ស៊ីប ឥណ្ឌូណេស៊ី និង ប៉េរូ ជាដើម។

ចំណែកសមិទ្ធផលនៅជម្រើសជាតិវិញ Garrett ធ្លាប់ជួយឱ្យ អាមេរិក ឈ្នះមេដាយមាសព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ១ លើក, មេដាយមាស World League ១ លើក, មេដាយមាស Pan American Cup ១ លើក, មេដាយមាស NORCECA Championships ១ លើក, មេដាយប្រាក់ Volleyball Nations League ៣ លើក និងមេដាយមួយចំនួនទៀត។

កីឡាករ Garrett Muagututia

ទី ៣. កីឡាករ គួន ម៉ុម របស់ក្រុម Ha Noi៖ កីឡាករជម្រើសជាតិ កម្ពុជា រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករគួរឱ្យចាប់អារម្មណ៍ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ក្នុងការប្រកួតប្រជែងជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម។ បើប្រៀបធៀបអំពីសមិទ្ធផលជាមួយកីឡាករ ២ នាក់ខាងលើ អាចនឹងខុសគ្នាឆ្ងាយ ប៉ុន្តែបើធៀបជាមួយកីឡាករបរទេស ៦ នាក់ផ្សេងទៀត គឺមិននៅក្រោមគេនោះទេ។ បច្ចុប្បន្ន គួន ម៉ុម ត្រូវបានគេចាត់ទុកជាកីឡាករសំខាន់ម្នាក់របស់ Ha Noi ព្រោះកាលពីឆ្នាំមុន រូបគេជាអ្នកជួយស្រោចស្រង់ក្រុមរបស់វៀតណាមមួយនេះឱ្យឡើងពីចំណាត់ថ្នាក់បាតតារាង មកចំណាត់ថ្នាក់លេខ ៥ ដើម្បីទទួលបានកៅអីលេងក្នុងជម្រើសជើងឯក វៀតណាម កម្រិតទី ១។

គួន ម៉ុម មានបទពិសោធច្រើនជាមួយក្លិបអាជីព ដោយធ្លាប់លេងនៅ កម្ពុជា ឥណ្ឌូណេស៊ី និង វៀតណាម។ នៅជម្រើសជាតិ កីឡាករវ័យ ២៧ ឆ្នាំ កម្ពស់ ១.៩៨ ម៉ែត្ររូបនេះ គឺជាស្មាត់ដ៏សំខាន់ម្នាក់ ដោយធ្លាប់បានជួយក្រុមឈ្នះមេដាយប្រាក់កីឡាករស៊ីហ្គេម ១ លើក និងមេដាយសំរឹទ្ធ ១ លើក។ ជាមួយគ្នានេះ ក៏បានជួយឱ្យ កម្ពុជា ឈ្នះមេដាយមាស ១ លើកផងដែរ ក្នុងព្រឹត្តិការណ៍ SEA V.League Challenge។

កីឡាករ គួន ម៉ុម

គួរបញ្ជាក់ ថា ការប្រកួត​កីឡាបាល់ទះ​ជើង​ឯក​ជាតិថ្នាក់ជាតិ​​វៀតណាម បានចាប់ផ្តើមហើយ។ ព្រឹត្តិការណ៍នេះបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១ ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែ មេសា និង​ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២៨ ខែ តុលា ដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម