Connect with us

ព័ត៌មានអន្ដរជាតិ

គុយបាផ្ដាំ​អាមេរិក៖ «យើងមិនចង់ធ្វើសង្រ្គាមទេ តែបើហ៊ានមក យើងនឹងវាយឲ្យ​រាប»

បានផុស

នៅ

ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel កាលពីថ្ងៃព្រហស្បតិ៍ទី​១៦មេសា​ បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់សហរដ្ឋអាមេរិកថា ប្រទេសរបស់លោកមិនចង់បានការឈ្លានពានផ្នែកយោធាណាមួយឡើយ ប៉ុន្តែគុយបាបានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំង ប្រសិនបើសង្រ្គាមជៀសមិនរួច។ នេះ​បើយោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន PBS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Miguel Díaz-Canel (រូបថត៖ REUTERS)

មេដឹកនាំ​គុយបា​បានថ្លែងបែបនេះ ក្នុងពិធី​ខួបលើកទី​៦៥​នៃបដិវត្តន៍គុយបា ដែលមានមនុស្សចូលរួមរាប់​ពាន់​នាក់ ដោយលោកបានរំលឹកថា ក្នុងកាលៈទេសៈដ៏លំបាកនេះ គុយបាត្រូវតែត្រៀមខ្លួន​ឲ្យ​ដូចឆ្នាំ១៩៦១ ដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាងពីខាងក្រៅ។

ការប្រកាសក្ដែងៗនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបោះសម្ដីថា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ លោកអាចនឹងបែរមកចាត់ការបញ្ហាគុយបាបន្តទៀត។ លោកត្រាំ បានរិះគន់គុយបាថា ជាប្រទេសដែលដឹកនាំបានយ៉ាងអន់បំផុតក្នុងរយៈពេលដ៏យូរមកហើយ និងជា «រដ្ឋដែលបរាជ័យ»។ មិនត្រឹមតែត្រឹមសម្ដីទេ អាមេរិកថែមទាំងបានប្រើវិធានការបិទផ្លូវថាមពល និងគំរាមដាក់ពិន័យដល់ប្រទេសណាដែលហ៊ានលក់ប្រេងឲ្យ​គុយបាទៀតផង ដែលទង្វើនេះបានធ្វើ​ឲ្យ​គុយបាធ្លាក់ក្នុងវិបត្តិអគ្គិសនី និងខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។

ឆ្លើយតបនឹងការចោទប្រកាន់របស់អាមេរិក លោកប្រធានាធិបតីគុយបាបានបដិសេធទាំងស្រុងថា គុយបាមិនមែនជារដ្ឋដែលបរាជ័យនោះទេ ប៉ុន្តែគឺជា «រដ្ឋដែលកំពុងរងការឡោមព័ទ្ធ» ពីសង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិកទៅវិញទេ។ លោកបានលើកឡើងថា ទោះបីជាមានការគាបសង្កត់យ៉ាងណាក៏ដោយ ក៏គុយបានៅតែអាចឈរជើងបានតាមរយៈប្រព័ន្ធសង្គមនិយម ដែលផ្ដល់ការអប់រំ និងសេវាសាធារណៈដោយសេរីដល់ប្រជាជន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គុយបាគឺជាប្រទេសដែលមិនព្រមចុះចាញ់ ហើយនឹងបន្តតស៊ូបង្កើតថ្មីដើម្បីយកឈ្នះលើឧបសគ្គទាំងនេះឲ្យ​បាន។

បច្ចុប្បន្ន ស្ថានភាពនៅក្នុងប្រទេសគុយបាកំពុងស្ថិតក្នុងភាពដុនដាបខ្លាំង ដែលអ្នកជំនាញខ្លះបារម្ភថាអាចនឹងឈានដល់វិបត្តិមនុស្សធម៌ ដោយសារការដាច់ចរន្តអគ្គិសនីអូសបន្លាយ និងកង្វះស្បៀងអាហារ។ មានសេចក្តីរាយការណ៍ថា ប្រទេសទាំងពីរធ្លាប់បានលួចលាក់ចរចាគ្នាដើម្បីដោះស្រាយភាពតានតឹងនេះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានលទ្ធផលអ្វីជាដុំកំភួននៅឡើយទេ ខណៈដែលអាមេរិកនៅតែបន្តទាមទារឲ្យ​គុយបាផ្លាស់ប្តូរប្រព័ន្ធនយោបាយ និងដោះលែងអ្នកទោសនយោបាយជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម