ព័ត៌មានអន្ដរជាតិ
ជប៉ុនប្ដេជ្ញាផ្ដល់ជំនួយ ១០ ប៊ីលានដុល្លារ ដល់អាស៊ីអាគ្នេយ៍ ចំពេលមានវិបត្តិថាមពល
ប្រទេសជប៉ុនកាលពីថ្ងៃពុធ (១៧ មេសា) បានប្ដេជ្ញាផ្តល់ជំនួយហិរញ្ញវត្ថុជាង ១០ ប៊ីលានដុល្លារអាមេរិកដល់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ចំពេលមានវិបត្តិថាមពលក្នុងតំបន់ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗសម្រាប់ជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

គំនិតផ្តួចផ្តើមផ្ដល់ជំនួយនោះ មានឈ្មោះថា «Power Asia» ដោយជប៉ុននឹងចូលរួមចំណែកថវិកាចំនួន ១,៦ ទ្រីលានយ៉េន ដល់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថាមពលរបស់ពួកគេ និងជួយពួកគេឱ្យទទួលបានផលិតផលប្រេងឆៅ និងប្រេងសាំងឥន្ធនៈកាន់តែប្រសើរឡើង។
នាយករដ្ឋមន្ត្រី ជប៉ុន លោកស្រី Sanae Takaichi បានបើកបង្ហាញនូវគំនិតផ្តួចផ្តើមនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណិតរបស់លោកស្រី ជាមួយរដ្ឋសមាជិកអាស៊ានមួយចំនួន ក្នុងក្របខ័ណ្ឌសហគមន៍គ្មានការបំភាយឧស្ម័នអាស៊ី (AZEC plus)។
លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា៖ «យើងពឹងផ្អែកលើការផ្គត់ផ្គង់ពីបណ្តាប្រទេសអាស៊ី នូវសម្ភារៈវេជ្ជសាស្ត្រដូចជាឧបករណ៍ដែលប្រើសម្រាប់អ្នកជំងឺលាងឈាម ក៏ដូចជាធុងសម្រាប់ដាក់សំណល់ទឹក និងស្រោមដៃសម្រាប់ការវះកាត់»។

លោកស្រីបានបន្តយ៉ាងដូច្នេះថា៖ «រួមគ្នាជាមួយប្រជាជាតិអាស៊ី យើងនឹងធ្វើការដើម្បីកសាងក្របខ័ណ្ឌថាមពល រ៉ែសំខាន់ៗ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដើម្បីឱ្យអាស៊ីទាំងមូលអាចកាន់តែរឹងមាំ និងរីកចម្រើន»។ លោកស្រីបានគូសបញ្ជាក់ផងដែរថា ភាពជាដៃគូថ្មីនេះ នឹងមានផលប៉ះពាល់អវិជ្ជមានណាមួយទៅលើការផ្គត់ផ្គង់ប្រេងក្នុងស្រុករបស់ប្រទេសជប៉ុននោះទេ។
គួរគូសបញ្ជាក់ថា ការប្ដេជ្ញារបស់ជប៉ុនលើជំនួយហិរញ្ញវត្ថុទាំង ១០ ប៊ីលានដុល្លារ ធ្វើឡើងចំពេលដែលអាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ កំពុងប្រឈមនឹងភាពស្រពេចស្រពិលនៃការផ្គត់ផ្គង់ប្រេងក្រោយជម្លោះអាមេរិក-អ៊ីរ៉ង់ ដោយសារតែតំបន់នេះពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីមជ្ឈិមបូព៌ា ហើយច្រកហ័រមូហ្សត្រូវបិទខ្ទប់។ យ៉ាងណាមិញ មិនទាន់មានសេចក្ដីរាយការណ៍ជាក់លាក់ពីប្រទេសដែលនឹងទទួលជំនួយ ឬចំនួនជាក់លាក់នោះទេ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


