Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសថា នឹងប្រើគ្រឿងចក្រធុនធំច្រើនគ្រឿង កាយយកអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ បញ្ជូនមកអាមេរិក

បានផុស

នៅ

ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្រកាសប្រើគ្រឿងចក្រច្រើនគ្រឿង ដើម្បីកាយយកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ហើយយកមកកាន់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ថ្លែងក្នុងព្រឹត្តិការណ៍ Turning Point USA នៅទីក្រុង Phoenix នៃរដ្ឋ Arizona កាលពីថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើកឡើងថា លោកនឹងបញ្ជូនគ្រឿងចក្រធំៗចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីកាយយកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច ហើយបញ្ជូនវាមកកាន់សហរដ្ឋអាមេរិក។

ស្របពេលជាមួយគ្នានោះដែរ លោកបញ្ជាក់យ៉ាងច្បាស់ថា យើងជាមួយអ៊ីរ៉ង់នឹងចូលទៅជាមួយគ្នា ដើ​ម្បីយកសារធាតុទាំងនោះចេញ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។

លោកត្រាំនិយាយបែបនេះ ដ្បិតភាគីអ៊ីរ៉ង់ឯណោះ ចេញមុខអះអាងរួចហើយថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់ខ្លួននឹងមិនផ្ទេរទៅណាឡើយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

មុននេះដែរ លោកត្រាំ ប្រកាសដោយភាពជឿជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែខិតជិតមកដល់មែនទែនហើយ ដោយភាគីអ៊ីរ៉ង់បានយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួច ឬលោកហៅសាមញ្ញថាជា «ធូលីនុយក្លេអ៊ែរ» មកឲ្យអាមេរិកវិញ។

ការផ្អាកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាចម្រូងចម្រាសបំផុតនៃជម្លោះមួយនេះ ពោលគឺខាងអាមេរិកចង់ឲ្យ​អ៊ីរ៉ង់ឈប់ចម្រាញ់អ៊ុយរ៉ាញ៉ូមរហូតដល់​២០ឆ្នាំ ប៉ុន្តែអ៊ីរ៉ង់សុំត្រឹមតែ៥​ឆ្នាំប៉ុណ្ណោះ ដែលចំណុចនេះអាមេរិកមិនទាន់យល់ព្រមនៅឡើយ។

យ៉ាង​ណាមិញ អ៊ីរ៉ង់នៅតែអះអាងថា កម្មវិធីរបស់ខ្លួនគឺធ្វើឡើងដើម្បីសន្តិភាព និងថាមពលស៊ីវិលប៉ុណ្ណោះ។ បច្ចុប្បន្ន គេប៉ាន់ស្មានថាអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ប្រហែល​៤០០​គីឡូក្រាម ដែលជាកម្រិតដែលអាចយកទៅធ្វើជាអាវុធបានយ៉ាងងាយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម