កីឡា
រត់-ដើរដើម្បីលើកកម្ពស់ការអាន ធ្វើនៅ ៦ ខេត្ត-រាជធានីផ្សេងគ្នាក្នុងថ្ងៃតែមួយ
ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ក្រោមការឧបត្ថម្ភពីគ្រឹះស្ថាន អម្រឹត នឹងរៀបចំព្រឹត្តិការណ៍«រត់-ដើរដើម្បីលើកកម្ពស់ការអាន»ទ្រង់ទ្រាយធំទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ៥ ផ្សេងទៀត។

ព្រឹត្តិការណ៍ រត់-ដើរដើម្បីលើកកម្ពស់ការអាន ក្រោមមូលបទ«១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់»គ្រោងនឹងធ្វើនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ ២០២៦ នៅ ៦ ខេត្ត-រាជធានីផ្សេងគ្នា។ ទី១ ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ និង ៥ ខេត្តទៀតស្ថិតនៅ ខេត្តបាត់ដំបង កំពត ស្វាយរៀង តាកែវ និង រតនគិរី។
គោលបំណងសំខាន់នៃព្រឹត្តិការណ៍គឺលើកកម្ពស់វិស័យអប់រំដែលជាអាទិតភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការចូលរួមផ្សព្វផ្សាយពីសារសំខាន់នៃការអាន ដើម្បីបណ្តុះទម្លាប់នៃការអានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាន ព្រមទាំងចូលរួមផ្សព្វផ្សាយពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរនៅសារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់សម្រាប់ការផ្តល់ចំណេះដឹងអំពីទំនាក់ទំនងរវាង សេដ្ឋកិច្ច រូបិយវត្ថុ និងសង្គមក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ដ៏ធំរហូតដល់ ៦ ខេត្ត-រាជធានីផ្សេងគ្នាក្នុងថ្ងៃតែមួយនេះឡើងដើម្បីលើកកម្ពស់ការអប់រំ សុខភាព និងសាមគ្គីភាពតាមរយៈសកម្មភាពកីឡាដោយផ្តោតគោលដៅសំខាន់ ៣ យ៉ាង។ ទី១. ថវិកាដែលទទួលបានពីព្រឹត្តិការណ៍រត់ជួយឧបត្ថម្ភដល់ ទិវាអំណានជាតិ និងពិព័ណ៌សៀវភៅថ្នាក់ជាតិរយៈពេល ៣ ឆ្នាំ។ ទី២ ប្រមូលសិស្សានុសិស្សឲ្យបានចំនួន ១ ម៉ឺននាក់ដើម្បីធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរ ស.ស.រ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនៃវិស័យសេដ្ឋកិច្ច រូបិយវត្ថុ និងសង្គម នៅកម្ពុជាតាំងពីសម័យបុរាណ រហូតដល់បច្ចុប្បន្នរយៈពេល ៣ឆ្នាំ និងទី៣ ដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃការអាននៅតាមបណ្តាខេត្តនានារយៈពេល ៣ ឆ្នាំ។

ជាមួយគ្នានេះ លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បានលើកឡើងថា សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងផ្តល់ចំណេះដឹង ការអប់រំ និងឯកសារជាប្រវត្តិសាស្ត្រតាំងពីសម័យបុរាណ រហូតដល់បច្ចុប្បន្នដល់សិស្ស និស្សិត និងមហាជនដែលសិក្សាស្វែងយល់ ស្រាវជ្រាវ អំពីវិស័យ សេដ្ឋកិច្ច និងរូបិយវត្ថុ នៅកម្ពុជា។

គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ៥០០នាក់ហើយ ខណៈផែនការគ្រោងទុកហោចណាស់ឲ្យមានអ្នកចូលរួមចន្លោះពី ២០០០ ទៅ ២០០០ នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ។ វិញ្ញាសាមានចម្ងាយ ១០ គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ ព្រមទាំងផ្តល់ជូនរង្វាន់ដល់អ្នករត់ផ្សេងៗទៀតដូចជា អ្នករត់ជាក្រុម ជាគ្រួសារ និងអ្នករត់ដែលមានសម្លៀកបំពាក់ទាក់ទាញដែលផ្តោតលើការអប់រំ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


