Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ប្រហារជីវិតបុរសពីរនាក់ ពីបទធ្វើចារកម្មឲ្យ​អ៊ីស្រាអែល

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Mizan របស់ប្រព័ន្ធតុលាការអ៊ីរ៉ង់ បានរាយការណ៍​ថា ក្រុង​តេហេរ៉ង់​បានសម្រេចប្រហារជីវិតបុរសពីរនាក់ ក្រោម​ការ​ចោទប្រកាន់ថាបានសហការជាមួយភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ដើម្បីរៀបចំផែនការវាយប្រហារផ្សេងៗនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបតំណាង (រូបថត៖ REUTERS)

យោងតាម​ការ​ផ្សាយ​របស់ Times of Israel នា​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២៦ ការប្រហារជីវិតនេះ គឺជាករណីចុងក្រោយបំផុតក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ ចាប់តាំងពីសង្រ្គាមរវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅ។

បុរសទាំងពីរនាក់ដែលមានឈ្មោះថា Mohammad Masoum Shahi និង Hamed Validi ត្រូវបានតុលាការចោទប្រកាន់ថាជាសមាជិកនៃបណ្តាញចារកម្មរបស់អ៊ីស្រាអែល និងធ្លាប់បានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេស រួមទាំងនៅតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់ផងដែរ។ ពួកគេត្រូវបានផ្តន្ទាទោសពីបទ «ប្រឆាំងនឹងព្រះជាម្ចាស់» និងការចូលដៃជាមួយក្រុមសត្រូវ ជាពិសេសគឺរបបអ៊ីស្រាអែល។ បើទោះបីជាបច្ចុប្បន្នមានបទឈប់បាញ់បណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ក៏ដោយ ក៏ប្រព័ន្ធតុលាការអ៊ីរ៉ង់នៅតែបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតទៅលើបុគ្គលដែលខ្លួនចាត់ទុកថាជាភ្នាក់ងាររបស់សត្រូវ។

យោងតាមក្រុមសិទ្ធិមនុស្សអន្តរជាតិ អ៊ីរ៉ង់គឺជាប្រទេសដែលប្រហារជីវិតមនុស្សច្រើនជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមមក មេដឹកនាំប្រព័ន្ធតុលាការអ៊ីរ៉ង់បានជំរុញឲ្យ​តុលាការទាំងអស់ពន្លឿនការចេញសាលក្រម និងការកាត់ទោសប្រហារជីវិតចំពោះករណីទាំងឡាយណាដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ និងសង្រ្គាម។ សកម្មភាពនេះបានបង្កឲ្យ​មានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សកម្មជនសិទ្ធិមនុស្ស ដែលយល់ថាប្រព័ន្ធតុលាការកំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីបំបាក់ស្មារតី និងបង្កើតភាពភ័យខ្លាចដល់ប្រជាជនដែលចង់បានការផ្លាស់ប្តូរនយោបាយ។

អ្នកដែលត្រូវបានប្រហារជីវិតភាគច្រើនគឺជាយុវជន រួមទាំងអ្នកដែលធ្លាប់បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេសកាលពីខែមករាកន្លងទៅផងដែរ។ អង្គការលើកលែងទោសអន្តរជាតិ បានរិះគន់ថា ការប្រហារជីវិតទាំងនេះគឺជាការសងសឹករបស់របបដឹកនាំអ៊ីរ៉ង់ទៅលើអ្នកប្រឆាំង ខណៈដែលស្ថានការណ៍ក្នុងប្រទេសកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ដោយសារតែឥទ្ធិពលនៃសង្រ្គាម និងការបាត់បង់មេដឹកនាំកំពូលកាលពីពេលថ្មីៗនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម