Connect with us

ព័ត៌មានជាតិ

កសិករគំរូម្នាក់ នៅសង្កាត់រុនតាឯកតេជោសែន បង្ហាញពីបច្ចេកទេសដាំទំពាំងបាយជូរ ឲ្យទទួលបានទិន្នផលខ្ពស់

បានផុស

នៅ

កសិករគំរូម្នាក់ នៅសង្កាត់រុនតាឯកតេជោសែន ខេត្តសៀមរាប បានបង្ហាញពីបច្ចេកទេសដាំដើមទំពាំងបាយជូរឲ្យទទួលបានទិន្នផលខ្ពស់ តែត្រូវទាមទារភាពអត់ធ្មត់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ី ស៊ឹម ពីបុគ្គលម្នាក់ដែលគ្មានបទពិសោធ ក្លាយជាកសិករគំរូ ទទួលបានជោគជ័យលើការដាំដើមទំពាំងបាយជូរ។ ក្នុងនោះ លោកបានពង្រីកអាជីវកម្មរបស់ខ្លួនពីការដាំទំពាំងបាយជូរ ១៨ ដើម រហូតដល់ជាង ២០០ ដើម ដែលទទួលបានការគាំទ្រពីសំណាក់អាជីវករ និងប្រជាពលរដ្ឋ ជាមួយទីផ្សារកក់ទុកមុនយ៉ាងសកម្ម ព្រោះតែគុណភាព និងរសជាតិដ៏ឆ្ងាញ់ពិសា។

កសិករគំរូរូបនេះ បានបង្ហាញថា ការដាំដុះដំណាំទំពាំងបាយជូរ ត្រូវការចំណាយពេលវេលា និងការអត់ធ្មត់ខ្លាំង ជាពិសេសសិក្សាពីបច្ចេកទេសឲ្យបានត្រឹមត្រូវ ទើបអាចទទួលបានជោគជ័យ។ លោកថា ដំបូង ត្រូវជ្រើសរើសពូជដែលមានរសជាតិឆ្ងាញ់ និងមានទីផ្សារ ដោយត្រូវយកមកផ្សាំជាមួយពូជក្នុងស្រុក ដើម្បីឲ្យមានភាពធន់នឹងអាកាសធាតុក្នុងប្រទេសកម្ពុជា។ រីឯការថែទាំវិញ ដំណាំនេះ ត្រូវការយកចិត្តទុកដាក់ខ្ពស់តាំងពីទើបតែលូតលាស់ដំបូង រហូតដល់ការប្រមូលផល ដោយមិនអាចឲ្យត្រូវទឹកភ្លៀងច្រើនពេកនោះទេ។

លោកបញ្ជាក់ថា ដំណាក់កាលនេះ ជាដំណាក់កាលសំខាន់ ដែលគប្បីប្រើប្រាស់ជីធម្មជាតិ ជំនួសឲ្យជីគីមី ដែលមានសុវត្ថិភាពទាំងអ្នកដាំដុះ និង បរិភោគ ខណៈដំណាំនេះ ចំណាយពេល ៨ ខែ ទើបទទួលផល និង អាចប្រមូលផលបន្តបន្ទាប់ផងដែរ។

លោក ហ៊ី ស៊ឹម បានចាប់ផ្ដើមដាំដុះទំពាំងបាយជូរក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១៨ ដើមប៉ុណ្ណោះ នៅជុំវិញផ្ទះ ដោយក្នុងពេលនោះ លោកមិនទាន់មានបច្ចេកទេសត្រឹមត្រូវក្នុងការដាំដុះនៅឡើយ និងកត្តាអាកាសធាតុ ធ្វើឲ្យដំណាំទាំងនេះខូចខាតយ៉ាងខ្លាំង។ លោកថា ដោយចិត្តមានះមិនបោះបង់ លោកបានស្វះស្វែងរករៀនបច្ចេកទេសពីអ្នកជំនាញ និងការស្វែងយល់ពីប្រភេទដំណាំនេះ។ ជាលទ្ធផល លោកអាចពង្រីកអាជីវកម្មរបស់ខ្លួនពីការដាំទំពាំងបាយជូរ ១៨ ដើម រហូតដល់ជាង ២០០ ដើម ដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ខណៈលោកអាចលក់បានតម្លៃ ៣ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម៕
អត្ថបទ ​៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម