Connect with us

ព័ត៌មានអន្ដរជាតិ

លោក Starmer ​ក្រាញ​​​កៅអី​នាយករដ្ឋមន្ត្រី ទោះ​បី​រង​សម្ពាធ​ពី​​​ផ្ទៃក្នុងបក្ស​​កាន់តែខ្លាំង​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលកំពុងរងសម្ពាធ​ខ្លាំងឡើងៗបង្ខំ​ឲ្យ​លោក​ចុះចេញពីតំណែង ពីសំណាក់សមាជិកនៅក្នុងគណបក្សពលករ (Labour Party) បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតក្នុងស្រុកទទួលបានលទ្ធផលមិនសូវល្អ នឹងមិនកំណត់ពេលវេលាដើម្បីចាកចេញពីតំណែងដាច់ខាត ។ នេះបើតាមការលើកឡើងរបស់ អនុនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Lammy។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាត់​បង់អាសនៈ​ច្រើន​​របស់គណបក្សពលករ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ បានជំរុញឲ្យសមាជិកសភាជិតមួយភាគបួននៃគណបក្សរបស់លោក អំពាវនាវឲ្យចុះចេញពីតំណែង ខណៈដែលគូប្រជែងពីររូបកំពុងប្រកួតប្រជែងជាចំហដើម្បីជំនួសតំណែងរបស់លោក ដែលហេតុការណ៍នេះ បានធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភ និងបានរុញច្រានឲ្យការចំណាយលើការខ្ចីប្រាក់របស់រដ្ឋាភិបាលមានការកើនឡើង។

លោក Lammy បានប្រាប់ទូរទស្សន៍ Sky News ថា «នឹងមិនមានការកំណត់កាលវិភាគសម្រាប់ការចុះចេញពីតំណែងឡើយ» ដោយលោកបានបន្ថែមថា លោកបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីចំនួនពីរលើករួចមកហើយ កាលពីថ្ងៃអាទិត្យ ។

ជាមួយគ្នានោះដែរ សមាជិកសភា លោក Wes Streeting ដែលទើបតែបានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងឈរឈ្មោះនៅក្នុងការប្រកួតប្រជែងដណ្ដើមតំណែងដឹកនាំជាផ្លូវការណាមួយ។ ចំណែកឯអភិបាលក្រុង Greater Manchester លោក Andy Burnham ក៏កំពុងស្វែងរកអាសនៈនៅក្នុងសភាផងដែរ ដើម្បីអនុញ្ញាតឲ្យរូបលោកអាចធ្វើការប្រកួតប្រជែងដណ្ដើមតំណែងនេះដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ លោក Starmer បានថ្លែងដដែលៗថា លោកមានបំណងតស៊ូប្រឆាំងនឹងការប្រកួតប្រជែងដណ្ដើមតំណែងដឹកនាំណាមួយ ។ ការប្រកួតប្រជែងផ្លូវការនឹងចាប់ផ្តើមឡើង ប្រសិនបើសមាជិកសភារូបណាមួយប្រមូលបានការគាំទ្រចំនួន ៨១ នាក់ពីសមាជិកគណបក្ស ដែលចំនួននេះស្មើនឹង ២០% នៃសមាជិកសភាជាប់ឆ្នោតទាំងអស់របស់គណបក្សពលករ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

សេតវិមាន៖ លោក ត្រាំ និងលោក ស៊ី ឯកភាពគ្នា​លុប​បំបាត់អាវុធនុយក្លេអ៊ែរ នៅ​កូរ៉េខាងជើង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម