ព័ត៌មានជាតិ
១៦ ក្រសួង-ស្ថាប័នជាតិ គ្រោងកាត់បន្ថយ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពការងារ
ផ្អែកលើវិធានគន្លឹះនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន ក្រោយក្រសួងស្ថាប័នចំនួន ១៦ បានបញ្ចប់ការវិភាគមុខងាររួចរាល់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។
ថ្លែងចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្នុងអាណត្តិនេះវិធានគន្លឹះមួយសំខាន់គឺ ការកំណែទម្រង់រដ្ឋបាលសាធារណៈដោយធ្វើការវិភាគមុខងារនិងកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។
សម្តេចបានបញ្ជាក់ថា តាំងពីដើមអាណត្តិមក រាជរដ្ឋាភិបាលបានកែទម្រង់ ១៦ ក្រសួង ស្ថាប័ន ហើយគ្រោងកាត់ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន នៅតាមបណ្ដាក្រសួងផ្សេងៗ និងនៅបន្តធ្វើបន្តទៀត។
ទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះចាំបាច់ត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ និងមានយន្ដការច្បាស់លាស់ក្នុងការកែសម្រួល ដោយយើងមានយន្ដការវាយតម្លៃច្បាស់លាស់ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះ មានភាពសុក្រឹត្យ។
សម្តេចបានបញ្ជាក់ថា មានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្តនេះ គឺរដ្ឋាភិបាលមិនកាត់ជើងតម្រូវស្បែកជើងទេ គឺកាត់ស្បែកជើងតម្រូវជើង ពោលគឺមិនយកមនុស្សជាគោលទេ គឺកែសម្រួលរចនាសម្ព័ន្ធ កែសម្រួលស្ថាប័ន តួនាទីភារកិច្ចផ្អែកលើលទ្ធផលជាគោល ដើម្បីយកមករៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ ទើបយើងរៀបចំដាក់មនុស្សតាមក្រោយ ។

សម្តេចធិបតីបានលើកឡើងអំពីការកែទម្រង់ស្ថាប័ន តាមពាក្យស្លោកសម្ដេចតេជោដែលធ្លាប់បានលើកឡើងថា “កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់” ដែលពាក្យនេះមានអត្ថន័យនិងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ និងគ្រប់ក្រសួង-ស្ថាប័ន។
សម្តេចធិបតីបានបញ្ជាក់ថា ការកែទម្រង់ដែលល្អ គឺត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយត្រូវកំណត់គោលដៅ និងលទ្ធផលជាគោល ហើយការកំណែទម្រង់រចនាសម្ព័ន្ធ ឬប្រព័ន្ធការងារនេះ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងកែសម្រួលឱ្យស្របតាមស្ថានភាព នៃការប្រែប្រួលពិភពលោក បច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្ស។
ទន្ទឹមនឹងការបណ្ដុះបណ្ដាលឡើងវិញ (retrain) និងការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់សក្តានុពល សម្តេចធិបតីក៏បានលើកឡើងពីការដាក់ឱ្យអនុវត្តជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ (មន្ត្រីកុងត្រាបច្ចេកទេស) ដើម្បីយកធនធានពីក្រៅរាជរដ្ឋាភិបាល ឱ្យចូលទៅបំពេញការងារក្នុងក្រសួង-ស្ថាប័ន ក្នុងតួនាទីដែលចាំបាច់ ដើម្បីធានាប្រសិទ្ធភាពក្នុងការបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ពាក់ព័ន្ធសមិទ្ធផលអគារការិយាល័យកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ សម្តេចបានបញ្ជាក់ថា នេះស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។

សមិទ្ធផលដ៏ធំធេងនេះ គឺបានកើតឡើងពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងក្រុមហ៊ុនសាងសង់ក្នុងស្រុកដែលមានវិស្វករ និងស្ថាបត្យករភាគច្រើនសុទ្ធតែជាកូនខ្មែរ ដោយបានគិតគូរគ្រប់ជ្រុងជ្រោយទាំងសោភ័ណ្ឌភាព បច្ចេកវិទ្យាទំនើប និងមានសេវាកម្មជាច្រើនអាចបម្រើជូនដល់អតិថិជន។
បន្ថែមពីនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពីការបង្កើតអង្គភាពសវនកម្មពិសេស ដែលជាកម្មវិធីសាកល្បងមួយចំណុះឱ្យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនទំនុកទុកចិត្តរវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ ដោយប្រែក្លាយផ្នត់គំនិតអ្នកជាប់ពន្ធកុំឱ្យគិតថា “អ្នកបង់ពន្ធគឺជាអ្នកជាប់ទោស ឬជាអ្នកមានកំហុស ហើយអ្នកប្រមូលពន្ធគឺជាអ្នកចាប់កំហុស”៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


