Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា៖ បើ​មេដឹកនាំ​ថៃ​ស្មោះត្រង់ស្រលាញ់​សន្តិភាព ការ​​ដោះស្រាយ​បញ្ហា​ព្រំដែន​ងាយបំផុត គឺ​ផ្អែក​តាម​ផ្លូវ​ច្បាប់ ព្រម​ទទួលលទ្ធផល​​ដូច​គ្នា​

បានផុស

នៅ

ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសនឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់​ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។

នេះបើតាមសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ដែល​បាន​បង្ហោះមុន​នេះបន្តិច​នៅ​លើ​បណ្តាញ​សង្គម​​ហ្វេសបុក​របស់​សម្តេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បានលើកឡើងថា បើថៃពិតជាស្រលាញ់សន្តិភាព និងស្រលាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់​យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។

សម្តេច​ថ្លែង​ដូច្នេះ​ថា «បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាត​ឲ្យ​ប្រទេស​ណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានឮថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា»។

មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

សម្តេចបន្ត​ថា ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន​បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ​៥២-៥៩ នៅខេត្តបាត់ដំបង។

ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់ ១០០% និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន​លេខ ៤២-៤៧ ក៏បានកំពុងដំណើរការទៅដោយរលូនតាមលក្ខណៈបច្ចេកទេស និងស្របតាមសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀងនានាជាធរមាន និងឯកសារគតិយុត្តដែលបន្សល់ទុកពីអតីតកាលដែលភាគីទាំងពីរបានឯកភាពគ្នា។

ហេតុដូច្នេះ នៅពេលដែលកងទ័ពយោធភូមិភាគទី ១ ថៃ បានប្រកាសថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនៅតំបន់ក្នុងព្រំប្រទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃ) ដែលរួមទាំងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ផងនោះ គឺផ្ទុយទៅនឹងស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការវាស់វែងនិងបោះបង្គោលព្រំដែនស្របតាមច្បាប់អន្តរជាតិ។

នាយករដ្ឋមន្រ្តី​កម្ពុជា​សង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថាជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែងនិងបោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។ នេះជាវិធីសាស្ត្រងាយបំផុត តម្លាភាពបំផុត និងយុត្តិធម៌បំផុត ព្រោះកម្ពុជាគ្មានគោលបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងទេ។ ការវាស់វែងបានលទ្ធផលយ៉ាងណា កម្ពុជានឹងគោរពតាម។

ជាមួយ​គ្នា​នេះ​សម្តេច​ក៏​សង្ឃឹមដែរ​ថា «ប្រទេសថៃនឹងមានភាពស្មោះត្រង់ ក្នុងការទទួលយកលទ្ធផលដូចគ្នា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម