Connect with us

ព័ត៌មានជាតិ

គម្រោង​អភិវឌ្ឍ​​ និង​សមិទ្ធផលមុខមាត់​ថ្មី​​ជា​បន្ត​បន្ទាប់កំពុង​លេច​រូបរាង​ក្នុង​ខេត្ត​ឧត្តរមានជ័យ

បានផុស

នៅ

ស្ថិត​នៅ​ទិស​ឧត្តរ ខេត្ត​ឧត្តរ​មានជ័យ​កំពុងផ្លាស់ប្តូរមុខមាត់ជាមួយ​គម្រោង​អភិវឌ្ឍ​ និង​សមិទ្ធផល​ថ្មីៗ​លេច​រូបរាង​ជា​បន្តបន្ទាប់។

នៅក្រុង​សំរោង​ ការដ្ឋាន​ការ​ស្ថាបនា​ផ្លូវ​បេតុង​ភ្លោះ​ដំបូង​គេ​កំពុង​លេច​រូបរាង ដែល​នឹង​ប្រែក្លាយក្រុងសំរោងជាបេះដូងនៃសេដ្ឋកិច្ច និងទេសចរណ៍​របស់​ខេត្ត​ឧត្តរមានជ័យ។

​លោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោងបាន​ឲ្យ​ដឹង​ថា ផ្លូវបតុង​ភ្លោះ​ដែល​ស្ថាបនា​នេះ​មានប្រវែងសរុប ៣,៤៦០ ម៉ែត្រ (ទទឹងពី ១៥ ម៉ែត្រ កម្រាស់ ២ តឹក) ដែល​ការ​ស្ថាបនា​ក៏​មាន​រៀបការ៉ូឡាសងខាង បង្គោលភ្លើងដៃភ្លោះ និងមានសួនច្បារទ្រូងផ្លូវយ៉ាងស្អាត​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្រ្តី​រដ្ឋបាលក្រុង​សំរោង ផ្លូវ​បេតុង​ភ្លោះ​នេះ​គ្រោង​បញ្ចប់​ការ​ស្ថាបនា​ទាំង​ស្រុង​នៅ​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា​ខាង​មុខ​នេះ។

ការ​ស្ថាបនា​ផ្លូវ​បេតុង​ភ្លោះ​ដំបូង​ក្នុង​ក្រុង​សំរោង ក៏​មាន​ការ​ចូលរួមពី​ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើសំយ៉ាបតូប និងរបង ដើម្បីផ្ដល់លទ្ធភាពឱ្យគ្រឿងចក្រដំណើរការតាមផែនការ។

ក្រៅពី​ផ្លូវ​បេតុង​ដែល​ជា​សមិទ្ធផល​ថ្មី​ ផ្លូវកៅស៊ូនៅស្រុកបន្ទាយអំពិល​ដែល​មានប្រវែង ៨ គីឡូម៉ែត្រ និងផ្លូវគ្រួសក្រហមនៅស្រុកអន្លង់វែង​ប្រវែង ៦,៧០០ម៉ែត្រ ក៏​បានកំពុង​ដំណើរការ​ស្ថាបនាទន្ទឹមគ្នា​។

ទន្ទឹមសមិទ្ធផល​ផ្សេងៗ​ដែលនឹង​លេច​រូបរាង​បន្ត​បន្ទាប់​នេះ តាមរយៈការប្ដេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់​រដ្ឋបាល​​ខេត្ត សមិទ្ធផលជាច្រើនបានលេចចេញរូបរាងជាផ្លូវការនៅលើទឹកដីដ៏កំសត់នៃខេត្តឧត្តរមានជ័យនេះ មានការប្រែប្រួលជាវិជ្ជមានគួរឱ្យកត់សម្គាល់ រួមមានការស្ថាបនា និងជួសជុលសួនព្រះគណេស, អគាររដ្ឋបាលខេត្ត, ផ្ទះមុខងារសម្រាប់មន្ត្រីរាជការ, អគារ ប.ស.ស, សាលារៀនចំនួន ០៧ខ្នង និងព្រះវិហារចំនួន ០២កន្លែង។

រដ្ឋបាលខេត្តក៏បានរៀបចំសួននាងគង្ហីងនៅកណ្ដាលបឹងស្នោរ, រង្វង់មូលព្រះលោកេស្វរៈ, ផ្លូវបេតុងក្នុងភូមិបុរីរដ្ឋបាល និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈនៅតាមដងផ្លូវជាតិក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ប្រកបដោយសោភ័ណភាព។

គម្រោងជាបន្តបន្ទាប់នឹងមានការរៀបចំ “ផ្សាររាត្រី និងផ្សារបន្លែ” នៅបឹងតូច និងកែលម្អ “សួននាងគង្ហីង” ឱ្យក្លាយជាតំបន់ទេសចរណ៍បៃតង។

​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក​ មាន ចាន់យ៉ាដា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឱ្យពង្រឹងគុណភាពការ​​ស្ថាបនា​ផ្លូវ ក្រោម​ទស្សនៈ​ដ៏មុតមាំ​ ​”ដើម្បីឱ្យឡានខ្លាចផ្លូវ មិនមែនឱ្យផ្លូវខ្លាចឡាននោះទេ”

បន្ថែមពី​នេះ លោកអភិបាល​ខេត្ត​​បានជម្រុញឱ្យអនុវត្តតាមបច្ចេកទេស ហាមដាច់ខាតការអន្តរាគមន៍បើកទ្រូងផ្លូវចូលផ្ទះអ្នកធំ ឬអ្នកមាន និងត្រូវធានាឱ្យបានថា ផ្លូវថ្មីនេះក្រៅពីផលប្រយោជន៍នៃការប្រើប្រាស់ផ្លូវ គឺអាចរំដោះបញ្ហាទឹកលិចនៅក្នុងក្រុងសំរោង។ ​

ពាក់ព័ន្ធ​សមិទ្ធផល​ដែល​សាងសង់ឡើងដើម្បី​ទុកជាមរតកសម្រាប់កូនចៅអ្នកឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា៖ “ឧត្តរមានជ័យមិនត្រូវជាខេត្តកំសត់រហូតនោះទេ យើងត្រូវប្រឡងប្រណាំងការអភិវឌ្ឍឱ្យស្មើមុខស្មើមាត់នឹងបណ្តា​ខេត្តដទៃ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម