Connect with us

ព័ត៌មានជាតិ

ច្បាប់កាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ ខណៈអ្នកគេចវេះត្រូវមានទោសជាប់ពន្ធនាគារ

បានផុស

នៅ

ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមរបស់ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ គឺមាន៨ជំពូក និង២០មាត្រា ដែលក្នុងនោះ ក៏បានកំណត់អំពីទោសទណ្ឌចំពោះអ្នកគេចវេះពីកាតព្វកិច្ចយោធា គឺត្រូវជាប់ទោសរហូតដល់៥ឆ្នាំ បើក្នុងពេលប្រទេសមានសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា១៣ នៃច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានចែងថា ជនណាដែលគេចវេះពីកាតព្វកិច្ចយោធាត្រូវផ្តន្ទាទោសដោយដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ក្នុង​កាលៈទេសៈប្រទេសសន្ដិភាព។ តែបើស្ថិតក្នុងអំឡុងពេលប្រទេសមានសង្គ្រាម ឬរងនូវការឈ្លានពានពីកម្លាំងបរទេស ការគេចវេះពីកាតព្វកិច្ចយោធា ត្រូវដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។

តាមមាត្រាដដែលនេះ ទោសទណ្ឌខាងលើ ក៏ត្រូវអនុវត្តដូចគ្នានេះចំពោះជនណាដែលគេចវេះ ក្នុងអំឡុងពេលនៃការអនុវត្តកាតព្វកិច្ចយោធាផងដែរ។

គួរឱ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ កំណត់អំពីវិធានការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។

ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញការហ្វឹកហាត់យោធា ខណៈប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ដោយឡែកពលរដ្ឋខ្មែរដែលមានសញ្ញាតិច្រើនហើយដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវ​បំពេញកាតព្វកិច្ចយោធានៅក្នុងប្រទេសដែរ។ យោងតាមច្បាប់នេះ ការបំពេញកាតព្វកិច្ចយោធាមានរយៈពេលកំណត់២៤ខែ ហើយក្រោយបញ្ចប់កាតព្វកិច្ចអាចត្រឡប់ទៅអាជីពដើមវិញ។ ប៉ុន្តែត្រូវបន្ត​ជាយោធិន​បម្រុង​រហូត​ដល់​អាយុ៤៥​ឆ្នាំ។

ក្នុងច្បាប់កាតព្វកិច្ចយោធា ក៏បានចែងពីការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធាដែរ។ មាត្រា៨ ចែងថា ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ប្រជាពលរដ្ឋដែលមានសមត្ថភាព ឬទេពកោសល្យពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ និងពលរដ្ឋបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា ព្រមទាំងពលរដ្ឋមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្ដែង ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម