Connect with us

អត្ថាធិប្បាយ

លិខិត​មិត្ត​អ្នកអាន៖ កម្ពុជា​ក្នុង​របត់​ថ្មី តុល្យភាពច្បាប់ ការផ្សះផ្សាផ្ទៃក្នុង និង​ការ​លើក​កម្ពស់​មុខ​មាត់​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

ជាបឋម ខ្ញុំសូមស្វាគមន៍ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​បោះ​ជំហាន​ជា​វិជ្ជមាន​ប្រកប​ដោយឆន្ទៈនយោបាយ និងការទទួលខុសត្រូវខ្ពស់ តាមរយៈ​ការ​ថ្វាយ​សំណើ​សុំ​ព្រះ​រាជ​ទាន​ទោសដល់លោក កឹម សុខា។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមកោតសរសើរផងដែរចំពោះលោក កឹម សុខា ដែលបានបង្ហាញយ៉ាងច្បាស់នូវ “ភាពចាស់ទុំក្នុងការធ្វើនយោបាយ”។ ការប្រកាន់​យក​យុទ្ធសាស្ត្រ​សន្ទនាដោយអត់ធ្មត់ ភាពទន់ភ្លន់ក្នុងការចរចា​ជាមួយ​រដ្ឋាភិបាល​ និង​ការ​បោះជំហាន​បង្ហាញ​ខ្លួន​ជា “ដៃគូស្ថាបនា” ជាជាងការបន្តប្រឈមមុខដាក់គ្នាជាសត្រូវនយោបាយសងសឹក គឺ​ជា​គំរូ​ដ៏ល្អមួយនៃការតម្កល់សន្តិភាព និងសាមគ្គីភាពជាតិជាធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ ក្រោយពីមានសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ កាលពីចុងខែមេសា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍​ដែល​ទាមទារ​ឱ្យ​មាន​ការ​វិភាគ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និងភូមិសាស្ត្រនយោបាយ ជាជាងការវាយតម្លៃដោយលម្អៀងខាងនយោបាយ។ ក្នុងទិដ្ឋភាពឯករាជ្យ ព្រឹត្តិការណ៍នេះគឺជាចំណុចប្រសព្វរវាងការអនុវត្តនីតិរដ្ឋយ៉ាងតឹងរ៉ឹង និង​សេចក្តី​ត្រូវ​ការ​ផ្នែកនយោបាយដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។

ផ្អែកលើ​អង្គ​ហេតុ​ច្បាប់ និងបរិបទតំបន់ អត្ថន័យ​នៃ​ព្រះរាជក្រឹត្យ​នេះ​អាច​ត្រូវ​បាន​វិភាគ​លើ​អ័ក្ស​សំខាន់ៗ​ចំនួន ៥៖

. ព្រំដែននៃច្បាប់៖ ការធានាឯករាជ្យភាពតុលាការ និងយន្តការលើកលែងទោស

ក្នុងនីតិរដ្ឋ អំណាចតុលាការ និងព្រះរាជសិទ្ធិក្នុងការអនុគ្រោះទោស មាន​ព្រំដែន​បែងចែក​យ៉ាង​ច្បាស់​លាស់។ ការចេញព្រះរាជក្រឹត្យនេះ ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ក្រមព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញ តាមរយៈចំណុចសំខាន់ៗពីរ៖

  • ការគោរពសេចក្តីសម្រេចស្ថាពររបស់តុលាការ៖ យន្តការស្នើសុំព្រះរាជទានទោស ត្រូវបានដំណើរការលុះត្រាតែសំណុំរឿងបានបិទបញ្ចប់ជាស្ថាពរ (សាលដីកា​ព្រហ្មទណ្ឌ​លេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ មេសា ២០២៦)។ ការណ៍នេះបញ្ជាក់ថា ស្ថាប័ន​នីតិ​ប្រតិបត្តិ​មិនបានជ្រៀតជ្រែកកាត់ផ្តាច់នីតិវិធីរបស់តុលាការឡើយ ពោល​គឺដំណើរ​ការ​យុត្តិធម៌​ត្រូវ​តែ​ដើរដល់ទីបញ្ចប់ មុននឹងសិទ្ធិអនុគ្រោះត្រូវបានប្រើប្រាស់។
  • ភាពខុសគ្នារវាងការលើកលែងទោស និងការលុបចោលបទល្មើស (Amnesty vs. Pardon) មាន​ការ​ភាន់​ច្រឡំ​ខាងផ្លូវច្បាប់ក្នុងចំណោមមហាជនមួយចំនួន ដែលយល់ថា​ការ​លើកលែង​ទោស​នេះ​រំលាយនូវរាល់កំហុសទាំងអស់។ ផ្អែកតាមច្បាប់ព្រហ្មទណ្ឌកម្ពុជា ព្រះរាជក្រឹត្យដែល «សរសេរត្រឹមការលើកលែងទោស» មាន​អានុភាព​ត្រឹមតែ​បញ្ឈប់​ការ​អនុវត្តមូលទោស (ការឃុំឃាំង) ប៉ុណ្ណោះ។ សេចក្តីសម្រេចពិរុទ្ធភាព និងទោសបន្ថែម (Peines Complémentaires) ដែលកំណត់ដោយតុលាការ នៅតែ​មាន​អានុភាព​អនុវត្ត​ជា​ធរមាន លុះត្រាតែមាននីតិវិធី “ស្តារនីតិសម្បទា” ​ដោយឡែកមួយទៀត។ ភាព​ច្បាស់លាស់​នេះ ការពារ​យ៉ាងរឹងមាំនូវឯករាជ្យភាព និងសិទ្ធិអំណាចរបស់ស្ថាប័នតុលាការ។

. ផលវិបាកភូមិសាស្ត្រនយោបាយ និងការទូតសេដ្ឋកិច្ច

បរិយាកាសនយោបាយ​ផ្ទៃ​ក្នុង គឺ​ជា​កញ្ចក់​ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃ​នយោបាយ​ការបរទេស​។ ព្រឹត្តិការណ៍​នេះផ្តល់នូវ “សន្ទះសុវត្ថិភាព” (Safety Valve) សម្រាប់បន្ធូរបន្ថយភាពតានតឹង និងផ្តល់​ផល​ចំណេញ​ជាក់ស្តែងដល់កម្ពុជា៖

  • ការទាក់ទាញទំនុកចិត្តសេដ្ឋកិច្ច៖ ស្ថិរភាពដែលកើតចេញពីការផ្សះផ្សានេះ គឺជា​សញ្ញាណ​ដ៏សំខាន់​សម្រាប់វិនិយោគិនអន្តរជាតិ (FDI) ដែល​តែងតែ​យក​បរិយាកាស​នយោបាយ​ជា​កត្តា​វាស់​ស្ទង់​ហានិភ័យ។
  • ការឆ្លើយតបចំពោះសម្ពាធអន្តរជាតិ៖ ព្រឹត្តិការណ៍នេះបង្ហាញថា កម្ពុជា​មាន​យន្តការ​រដ្ឋធម្មនុញ្ញ និងសមត្ថភាពពេញលេញក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងដោយខ្លួនឯង ដោយ​សន្តិវិធី និងមិនតម្រូវឱ្យមានអន្តរាគមន៍ ឬការដាក់សម្ពាធពីបរទេសណាមួយឡើយ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ជំហរអធិបតេយ្យភាពយ៉ាងច្បាស់លាស់នៅលើឆាកអន្តរជាតិ។

. ក្រឹត្យក្រមនយោបាយ៖ តុល្យភាពនៃការទទួលខុសត្រូវ និងភាពជាបក្សប្រឆាំងពិតប្រាកដ

ដើម្បី​ឱ្យ​ការ​បន្ធូរបន្ថយ​នេះ​មាននិរន្តរភាព វាទាមទារនូវការទទួលខុសត្រូវដោយស្មើភាព (Balanced Responsibility) ពីតួអង្គនយោបាយទាំងពីរភាគី៖

  • កាតព្វកិច្ចរបស់រដ្ឋាភិបាល៖ ក្នុងនាមជាអ្នកគ្រប់គ្រងរដ្ឋ រដ្ឋាភិបាលមានភារកិច្ចត្រូវធានា​ឱ្យ​បាន​នូវការបើកចំហលំហនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ និង​ពង្រឹងការ​អនុវត្តច្បាប់​ដោយ​តម្លាភាព គ្មានការរើសអើង ដើម្បីបញ្ចៀសការកើតឡើងវិញនូវវិបត្តិនយោបាយ។
  • តួនាទីជាគណបក្សប្រឆាំងតាមបែបប្រជាធិបតេយ្យពិតប្រាកដ (A Genuine Democratic Opposition) ការទទួលបានលំហចូលរួមក្នុងឆាកនយោបាយវិញ មិនមែន​គ្រាន់តែ​ដើម្បី​បន្ត​ការ​ប្រកួតប្រជែងអំណាចបែបចាស់នោះទេ។ នៅក្នុងសង្គមប្រជាធិបតេយ្យចាស់ទុំ បក្សប្រឆាំង​ត្រូវដើរតួនាទីជា “កញ្ចក់ឆ្លុះ” និងជា “ដៃគូស្ថាបនា” របស់ជាតិ។ ការប្រឆាំង​មិនមែន​មាន​ន័យថា ប្រឆាំងដើម្បីតែប្រឆាំង” (Oppose for the sake of opposing) ឬ​ប្រើប្រាស់​វោហារស័ព្ទប្រជាភិថុតិដើម្បីដុតកំហឹងមហាជននោះឡើយ។ ផ្ទុយទៅវិញ ភាពជា​អ្នក​នយោបាយប្រឆាំងដែលគួរឱ្យគោរព គឺត្រូវបំពេញមុខងារ “ត្រួតពិនិត្យ និង​តុល្យភាព” (Checks and Balances) ដោយ​លើកឡើង​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ដោយ​ស្ថាបនា ព្រមទាំងហ៊ានស្នើឡើងនូវ “ជម្រើសគោលនយោបាយ” (Alternative Policies) ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងអាចអនុវត្តបានជាក់ស្តែងជូនម្ចាស់ឆ្នោត។ ការ​ធ្វើ​នយោបាយដោយគោរពបន្ទាត់ក្រហមនៃសន្តិសុខជាតិ ដោយ​មិន​ពឹង​ផ្អែក​លើ​ការ​ញុះញង់ ឬអន្តរាគមន៍ពីបរទេស គឺជាសក្ខីភាពបញ្ជាក់ពីភាពចាស់ទុំ​ដែល​ប្រទេស​ជាតិ​ត្រូវ​ការ​បំផុត។

. របត់នៃជំនាន់ថ្មី៖ ការឈានទៅរក នយោបាយផ្អែកលើគោលនយោបាយនិងការពង្រឹងស្ថាប័ន

លើសពីការផ្សះផ្សា រវាងបុគ្គល ឬគណបក្ស ព្រឹត្តិការណ៍នេះគួរតែត្រូវបានចាត់ទុកជាកាតាលីករ (Catalyst) ដើម្បីជំរុញវប្បធម៌នយោបាយកម្ពុជាឱ្យឈានចូលដល់កម្រិតស្តង់ដារថ្មីមួយ ជា​ពិសេស​នៅក្នុងបរិបទដែលកម្ពុជាកំពុងស្ថិតក្នុងរបត់នៃការផ្ទេរជំនាន់ (Generational Shift)។

  • ការបញ្ចប់នយោបាយលាបពណ៌បុគ្គល៖ ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ថ្មី​ដែល​ជា​កម្លាំង​ចលករ​នៃសេដ្ឋកិច្ចឌីជីថល លែងចង់ឃើញ​ការប្រកួតប្រជែង​នយោបាយ​ដែល​ផ្អែក​លើ​ការ​វាយ​ប្រហារ​បុគ្គល ការគុំកួន ឬការគាស់កកាយអតីតកាលទៀតហើយ។ ការ​លើកលែង​ទោស​នៅពេលនេះ គួរតែជាទំព័របិទបញ្ចប់នយោបាយបែបចាស់។ អ្នក​នយោបាយ​ត្រូវប្រកួតប្រជែងគ្នាដោយយក គោលនយោបាយ” (Policy-Based Politics) ជាធំ ដូចជាគោលនយោបាយសេដ្ឋកិច្ច ការអប់រំ សុខាភិបាល និងយុត្តិធម៌សង្គម ដើម្បី​ជា​ជម្រើស​ពិត​ប្រាកដជូនប្រជាពលរដ្ឋ។
  • ការពង្រឹងស្ថាប័នជាតិ (Institutionalization) ការផ្សះផ្សាជាតិប្រកបដោយចីរភាព មិនអាច​ពឹង​ផ្អែក​តែលើអន្តរាគមន៍នយោបាយ ឬការយោគយល់គ្នានៅនាទីចុងក្រោយនោះទេ។ ដើម្បី​ឱ្យសង្គមមួយរឹងមាំ គេត្រូវកសាងស្ថាប័នជាតិ (ជាពិសេសស្ថាប័នយុត្តិធម៌ និង​រដ្ឋបាល​សាធារណៈ) ឱ្យមានភាពរឹងមាំ ឯករាជ្យ និង​ទទួល​បាន​ទំនុកចិត្ត​ពេញលេញ​ពី​សាធារណជន។ នៅពេលដែលស្ថាប័នរដ្ឋរឹងមាំ និងមានតម្លាភាព រាល់វិវាទសង្គម និង​នយោបាយ​នឹង​ត្រូវបានដោះស្រាយដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធច្បាប់ ដែលជា​គ្រឹះ​នៃ​សន្តិភាព​យូរអង្វែង។

. “ឯកភាពជាតិជាខែលការពារអធិបតេយ្យភាពពិតប្រាកដ

នៅ​ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ​របស់​មហា​អំណាច​ រដ្ឋ​តូចៗ​ងាយ​នឹង​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ជ្រៀតជ្រែក ប្រសិនបើផ្ទៃក្នុងរដ្ឋមានការបែកបាក់។ អធិបតេយ្យភាពជាតិ មិន​អាច​ការពារ​បានដោយជោគជ័យតាមរយៈកម្លាំងយោធា ឬការទូតតែម្ខាងនោះទេ ប៉ុន្តែ​ទាមទារ​ជា​ចាំ​បាច់​នូវភាពរឹងមាំនៃ ផ្កាឯកភាពជាតិ

ការផ្សះផ្សា និង​សាមគ្គីភាព​ជាតិ មិនមែនជា​ការទទួលខុសត្រូវ​របស់​អ្នក​នយោបាយ​តែ​មួយ​ក្រុម​នោះ​ទេ ប៉ុន្តែវាជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ការលុបបំបាត់វប្បធម៌លាបពណ៌ ការសងសឹក និង​ការ​បែងចែក​ហែកហួរ ដោយជំនួសមកវិញនូវភាព​អត់ឱន​ និង​ការ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជាធំ គឺជា​ជញ្ជាំង​ការពារ​តែ​មួយគត់​ដែល​រារាំង​មិន​ឱ្យ​ឥទ្ធិពល​ខាង​ក្រៅ​ជ្រៀត​ចូល​មក​កេង​ចំណេញ​ពី​វិបត្តិផ្ទៃក្នុងបាន។


សេចក្តីសន្និដ្ឋាន

ជារួម ព្រះរាជក្រឹត្យលើកលែងទោសនៅពេលនេះ មិនមែនជាសញ្ញានៃការចុះទន់ខ្សោយ​ខាង​ផ្លូវ​ច្បាប់​ ឬជាការសម្របសម្រួលដែលរំលងប្រព័ន្ធយុត្តិធម៌នោះទេ ប៉ុន្តែវា​គឺជាសក្ខីភាព​ដ៏​រស់រវើក​នៃសិល្បៈ​ដឹក​នាំ​រដ្ឋ ដែលរក្សាបាននូវតុល្យភាពយ៉ាងប្រណីតរវាង ការអនុវត្តនីតិរដ្ឋ​ឱ្យ​ដល់​ទីបញ្ចប់ និង ភាពចាំបាច់ជាយុទ្ធសាស្ត្រក្នុងការបង្រួបបង្រួមជាតិ

ព្រឹត្តិការណ៍​នេះបាន​ហុចជាឱកាសមាសប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការបិទបញ្ចប់​ទំព័រ​នយោបាយ​ដ៏តានតឹង ដើម្បីឈានជើង​ចូល​ទៅ​ក្នុង​របត់​ថ្មី​នៃ​នយោបាយ​ប្រជាធិបតេយ្យ​ដែល​ចាស់ទុំ។ វាជា​សារ​ដាស់តឿនដល់តួអង្គនយោបាយទាំងអស់—ទាំង​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ធានា​លំហ​សេរីភាព​ប្រកបដោយបរិយាបន្ន និងគណបក្សប្រឆាំង​ដែល​ត្រូវ​ប្រកាន់​យក​ជំហរ​ជាដៃគូ​ស្ថាបនា​ដោយ​ឈរលើបន្ទាត់ក្រហមនៃច្បាប់—ឱ្យងាកមកប្រកួតប្រជែងគ្នាដោយផ្អែកលើស្ថាប័ន និង​ “គោលនយោបាយ” ជាធំ។

ទីបំផុត​ទៅ ប្រវត្តិសាស្ត្របានបង្រៀនយើងជាច្រើនដងរួចមកហើយ​ថា នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយកត្តា​ការពារ​ដ៏រឹងមាំបំផុតសម្រាប់រដ្ឋតូចៗ គឺស្ថិរភាពផ្ទៃក្នុង ទំនុកចិត្ត​លើ​ស្ថាប័ន​ជាតិ និងសាមគ្គីភាពសង្គមរបស់ខ្លួនឯង។

មាន​តែ​ការតម្កល់ឧត្តមប្រយោជន៍ជាតិ ការកសាងទំនុកចិត្តលើប្រព័ន្ធច្បាប់ និង​ការ​រួមគ្នា​ស្រោចស្រព​ “ផ្កាឯកភាពជាតិ” នេះទេ ទើបអាចប្រែក្លាយកម្ពុជាទៅជារដ្ឋអធិបតេយ្យដ៏រឹងមាំមួយ ដែល​មិន​ងាយ​រង្គោះរង្គើដោយសារខ្យល់ព្យុះនៃភូមិសាស្ត្រនយោបាយបរទេស ហើយ​អាច​បន្ត​បោះជំហាន​ទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់យុវជន និង​កូន​ចៅ​ជំនាន់ក្រោយតរៀងទៅ៕

វិភាគច្បាប់ដោយ៖ មេធាវី ឡុង បញ្ញាវុឌ្ឍ

PAN & Associates Lawfirm

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម