ព័ត៌មានជាតិ
ប្រធានសភាថា ប្រជាជនគឺជាស្នូលនៃការគិតគូរទាំងអស់ដោយមិនត្រូវបោះបង់អ្នកណាម្នាក់ចោលឡើយ
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញឱ្យមានការពង្រឹងតួនាទីរបស់ស្ថាប័ននានាធ្វើឱ្យការប្ដេជ្ញាចិត្តផ្នែកបរិស្ថានទៅជាសកម្មភាពជាក់ស្ដែង។ សម្ដេចថាច្បាប់និងគោលនយោបាយនានាដែលអនុវត្តដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។

សម្ដេចលើកឡើងបែបនេះក្នុងជំនួបមួយជាមួយប្រតិភូនៃសមាជិកអាយប៉ា និងវាគ្មិនអន្តរជាតិដែលបានចូលជួបសម្ដែងការគួរសម មុនពេលបើកសន្និសីទសភាជាតិស្ដីពីអភិបាលកិច្ចអាកាសធាតុដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនោះសម្ដេចសភាធិបតី ឃួន សុដារី បានទាញចំណាប់អារម្មណ៍លើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដោយថាគ្រប់ការអនុវត្តទាំងអស់គឺដាច់ខាតត្រូវយកប្រជាជនជាស្នូល។ សម្ដេចបន្ថែមថាសម្រាប់ស្ថាប័នសភាតំណាងឱ្យប្រជាពលរដ្ឋ ការរួមចំណែកជួយដល់ពលរដ្ឋ គឺធ្វើឡើងតាមរយៈការរៀបចំនិងអនុម័តច្បាប់ស្ដីពីការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ការអនុម័តនិងតម្រង់ទិសកញ្ចប់ថវិកាជាតិឆ្ពោះទៅរកការវិនិយោគបៃតង ការពង្រឹងការត្រួតពិនិត្យ ការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំងការកសាងទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។
សម្ដេចថា៖ «សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងយុវជន។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅជាការអនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ»។

អនុប្រធានសភាប្រឹក្សាប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាតំណាងឱ្យគណៈប្រតិភូអាយប៉ាដែលបានចូលជួបសម្ដេចសភាធិបតីព្រឹកថ្ងៃអង្គារនេះលោក Eddy Soeparno បានគាំទ្រចំពោះទស្សនវិស័យសម្ដេចប្រធានសភាដោយថាពេលនេះបណ្ដាប្រទេសនៅតំបន់អាស៊ានត្រួវទទួលស្គាល់ថាបញ្ហាអាកាសធាតុក្នុងតំបន់នេះវាបានឈានហួសពីពាក្យថាការប្រែប្រួលអាកាសធាតុហើយ។
លោកថា៖ «បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ»។

លោក Eddy ក៏វាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់សភាកម្ពុជាក្នុងការរៀបចំសន្និសីទស្ដីពីអភិបាលកិច្ចអាកាសធាតុនៅថ្ងៃនេះដោយថាជាវេទិកាដ៏មានតម្លៃក្នុងការបន្តកិច្ចសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទាំងលើការបន្ស៊ាំ និងការកាត់បន្ថយ ឥទ្ធិពលនៃវិបត្តិអាកាសធាតុជាសាកលនេះផងដែរ។
សូមជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ដៃគូអភិវឌ្ឍន៍ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានអាយប៉ា និងមូលនិធិប្រែប្រួលអាកាសធាតុ (Tara Climate Change) ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


