Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺកញ្ជ្រឹល ផ្ទុះខ្លាំងនៅ បង់ក្លាដែស! ត្រឹមជាង ពីរខែ ស្លាប់កុមារ ដល់ទៅជាង ៥ ០០នាក់

បានផុស

នៅ

ស្របពេលពិភពលោក កំពុងបារម្ភខ្លាំង ចំពោះការផ្ទុះជំងឺអេបូឡា នៅទ្វីបអាហ្វ្រិក ពិសេសក្នុង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឈានដល់ការប្រកាសអាសន្ននោះ បើក្រឡេកទៅមើលប្រទេសបង់ក្លាដែស នៅតំបន់អាស៊ីខាងត្បូង ឯណោះវិញ ជំងឺកញ្ជ្រឹល ក៏កំពុងវាយលុកខ្លាំងណាស់ដែរ ដោយត្រឹមរយៈពេលជាងពីរខែប៉ុណ្ណោះ ជំងឺនេះ បានសម្លាប់កុមារ ជាង ៥០០នាក់។

កុមារកើតជំងឺកញ្ជ្រឹលនៅ បង់ក្លាដែស (រូប៖ Reuters)

តាមការផ្សាយរបស់ BBC ដែលដកស្រង់ប្រភពពី ក្រសួងសុខាភិបាលបង់ក្លាដែស, បើគិតចាប់តាំងពីពាក់កណ្តាលខែមីនាមក កុមារចំនួន ៥២៨នាក់ បានបាត់បង់ជីវិតដោយសារ ជំងឺកញ្ជ្រឹល។

ក្រៅពីករណីស្លាប់ កុមាររហូតដល់ទៅជាង ៦០ ០០០នាក់ ត្រូវគេសង្ស័យថា កើតជំងឺនេះ ខណៈករណីភាគច្រើន គឺកើតលើកុមារ អាយុ៥ឆ្នាំចុះ ហើយរដ្ឋ ដាកា ជាកន្លែង ផ្ទុះខ្លាំងជាងគេ។

កុមារកើតជំងឺកញ្ជ្រឹលនៅ បង់ក្លាដែស (រូប៖ Reuters)

នេះគឺជាតួលេខដ៏ច្រើនលើសលុប ដែលបង្កជាក្តីបារម្ភធំធេង ពីសំណាក់ស្ថាប័ន ក៏ដូចជាអង្គការពាក់ព័ន្ធទាំងឡាយ និងជំរុញឲ្យមានការអំពាវនាវ សុំឲ្យចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ និងដោះស្រាយ។

សូមជម្រាបថា ជំងឺកញ្ជ្រឹល បង្កដោយវីរុសតាមផ្លូវដង្ហើម ដែលឆ្លងរាលដាលខ្លាំង និងធ្ងន់ធ្ងរ។ វាបណ្តាលឲ្យមានអាការគ្រុនក្តៅខ្លាំង ក្អក ហៀរសំបោរ ភ្នែកក្រហម ហូរទឹកភ្នែក និងមានចេញកន្ទួលពេញរាងកាយ។ វាឆ្លងរាលដាលយ៉ាងងាយ នៅពេលអ្នកផ្ទុកមេរោគ ដកដង្ហើម ក្អក ឬកណ្តាស់។

កុមារកើតជំងឺកញ្ជ្រឹលនៅ បង់ក្លាដែស (រូប៖ Reuters)

ក្នុងករណីធ្ងន់ធ្ងរ ជំងឺកញ្ជ្រឹល អាចបណ្តាលឲ្យរលាកសួត រលាកខួរក្បាល និងងងឹតភ្នែក។

យោងតាមទិន្នន័យរបស់ WHO, នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ មនុស្សជិត ១០០ ០០០ នាក់បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម