Connect with us

ព័ត៌មានជាតិ

ខេត្ត​ត្បូង​ឃ្មុំ​ជាប់​លេខ ១ មានផ្ទៃដី​ដាំ​ដុះ​ដំណាំ​កៅស៊ូ​ច្រើន​ជាង​គេ​ទូទាំង​ប្រទេស

បានផុស

នៅ

ខេត្ត​ត្បូង​ឃ្មុំ​ជា​ខេត្ត​ដី​ក្រហម​មាន​សក្តានុពល​លើ​ការ​ដាំដុះ​ដំណាំ​កសិ​ឧស្សាហកម្ម។ ខេត្ត​ដែលទើប​បង្កើត​ថ្មី បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម​កាលពីឆ្នាំ ២០១៣ មាន​ផ្ទៃដី​ដាំដុះ​ដំណាំ​កៅស៊ូ​ប្រមាណ​ជាង ៨ ម៉ឺនហិកតា គឺ​ច្រើន​ជាង​បណ្តា​ខេត្ត​ផ្សេងទៀតទូទាំងប្រទេស​។ នេះបើតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តត្បូងឃ្មុំ​។

លោក ប៉ែន កុសល្យ អភិបាលនៃ​គណៈអភិបាល​ខេត្ត​​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ខេត្តត្បូងឃ្មុំ​ជា​ខេត្តមួយ​សម្បូរ​ទៅ​ដោយ​ដី​ក្រហម ជាប្រភេទ​ដីមានជីជាតិសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ជាពិសេស​កៅស៊ូ​ដែល​មាន​ប្រវត្តិ​ដាំ​ជាង​មួយ​សតវត្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ខេត្ត​នៅ​តំបន់ខ្ពស់រាប​ភាគ​បូព៌ា​នេះ​​​មានសក្តានុល​លើ​ការ​ដាំដុះ​ដំណាំកៅស៊ូ​ ខណៈ​​ផ្ទៃដី​ដាំដុះ​កៅស៊ូ​ក៏​មានចំនួន​ច្រើន​ជាង​គេ​មក​ដល់​បច្ចុប្បន្ននេះ។

ជាក់​ស្តែង​ផ្ទៃដីដំណាំកៅស៊ូក្នុងខេត្ត​មាន​ប្រមាណ ៨៨,១៤៥ ហិកតា ដែល​ក្នុង​នោះ​កៅស៊ូ​គ្រួសារ​មាន​ប្រមាណ​ជា ៦៦% នៃ​ផ្ទៃ​ដីសរុប​។

ក្រៅពីមានផ្ទៃដីអំណោយផល ​ផល​​កៅស៊ូដាំក្នុង​ខេត្តដីក្រហម​នេះ​ក៏ទទួលបាន​ទិន្នផល​ល្អ​ប្រសើរ​​ដោយ​ទទួល​បាន​រង្វង់​ ១,៥ តោន/ហិកតា​ ធៀប​នឹង​ខេត្ត​ផ្សេង​ទៀត​ដែល​ទិន្នផល​កៅស៊ូ​ទទួល​បាន​ប្រមាណ ១,១ ឬ ១,៣ តោន/ហិកតា​។

លោក ប៉ែន កុសល្យ បាន​បញ្ជាក់​ថា ក្នុងឆ្នាំ២០២៥ ខេត្ត​ត្បូងឃ្មុំ​មាន​ផ្ទៃដី​កៅស៊ូ​ចៀរ​ជ័រ​ប្រមាណ ៦៦ ០៣៦ ហិកតា ជាមួយ​បរិមាណ​ផលជ័រ​កៅស៊ូ​ប្រមាណ ៩៩ ០៥៤ តោន ដែលចាក់បញ្ចូល​ក្នុង​តម្លៃសេដ្ឋកិច្ចបាន​​ប្រមាណ ១៧៦​ លានដុល្លារអាមេរិក។

ខេត្តត្បូងឃ្មុំមាន​អំណោយផលដល់ការ​បើករោងចក្រ ដោយសារ​មានផ្ទៃដីធំទូលាយ រួមទាំង​មាន​ច្រក​ព្រំដែន និង​កំពង់ផែទឹកសាប ​(ទន្លេបិទ) សម្រាប់​ការ​ដឹកជញ្ជូន​បានងាយស្រួល។

កាលពីពេលថ្មីៗ​នេះ ​ខេត្តក៏​ទទួល​បាន​ការ​វិនិយោគសាងសង់​​រោងចក្រ​ផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក្រោម​​ទុនវិនិយោ​គប្រមាណ ៣០ លានដុល្លារ ដែល​មាន​សមត្ថភាព​ផលិត​ជ័រកៅស៊ូ ១០ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅ​ខេត្ត​ត្បូងឃ្មុំ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​មើលឃើញ​​ថា ការសម្រេច​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​កែច្នៃជ័រ​កៅស៊ូ​ធំ​ទំនើបរបស់​ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ​ (ខេមបូឌា)​ ដែលជា​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Mainland Group បាន​រួមចំណែកយ៉ាងសំខាន់ក្នុង​ការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា។

សម្តេចធិបតីបានគូសបញ្ជាក់ថា តាមរយៈរោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិនេះ នឹងជួយពង្រីកទីផ្សារ​ជ័រកៅស៊ូក្នុងប្រទេសកម្ពុជា បង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។ ជាក់ស្ដែង ចំណូលសរុបពីការលក់ផលិតផលកៅស៊ូក្នុងឆ្នាំ ២០២៥ មានប្រមាណ ៨៣៣ លានដុល្លារ ដែលមានការកើនឡើងប្រមាណ ២៤% ធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការលក់ក្នុងស្រុកមានទំហំប្រមាណ ២២៣ លានដុល្លារ កើនឡើងរហូតដល់ ១៣១% ដែលឆ្លើយតបនឹងគោលដៅបំពេញតម្រូវការផលិតកម្មក្នុងស្រុកជាជាងការនាំចេញវត្ថុធាតុដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម