Connect with us

ព័ត៌មានជាតិ

យោង​តាម​ច្បាប់ តើ​​គ្រឹះស្ថាន​ធនាគារ​អាច​ចូល​ឆែកប្រវត្តិ​ឥណទាន​ហិរញ្ញវត្ថុ (CBC) របស់​អតិថិជន​​ ដោយ​របៀប​ណា​?

បានផុស

នៅ

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ពន្យល់​ពី​នីតិវិធី ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និងធនាគារ​ អាច​មាន​សិទ្ធិ​ក្នុង​ការ​ពិនិត្យ​ប្រវត្តិ​ឥណទាន​របស់​អតិថិជន (CBC) ដោយយោងតាមការ​កំណត់នៃ​​ច្បាប់។

លោក ខុម ច័ន្ទតារា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្រេឌីត ប្យូរ៉ូ ខេមបូឌា​បាន​បញ្ជាក់​ថា ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​អាច​ចូល​ត្រួត​ពិនិត្យ​ប្រវត្តិ​ឥណទាន​របស់​អតិថិជន ដែល​អាច​ធ្វើឡើង​តាម​​ពីរ​ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខុម ច័ន្ទតារា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្រេឌីត ប្យូរ៉ូ ខេមបូឌា​

លោក​លើកឡើង​​ករណី​​ទទួលបាន​​ការ​យល់ព្រមពីអតិថជន។ ជាទូទៅ​នៅពេល​ដែល​អតិថិជន​ស្នើសុំ​ឥណទាន (កម្ចី) ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពួកគេ​ត្រូវ​បំពេញ «ពាក្យស្នើសុំ​ឥណទាន» ដែល​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​នោះ ច្បាប់​តម្រូវ​ឱ្យ​មាន​ប្រយោគ​មួយ ដែល​បញ្ជាក់​ពីការយល់​ព្រម​របស់​អតិថិជន។

នៅពេល​អតិថិជន​ផ្តិតមេដៃ ឬ​ចុះហត្ថលេខា​លើពាក្យស្នើសុំ​នោះ វា​ស្មើនឹង​ការ​ផ្តល់​សិទ្ធិឱ្យ​គ្រឹះស្ថាន ក្នុង​ការឆែក​មើលប្រព័ន្ធព័ត៌មានឥណទានរបស់ខ្លួនហើយ។

លោក​លើក​ករណី​មួយ​ទៀត ដែល​ច្បាប់​ក៏​ផ្តល់​លទ្ធភាពនិង​សិទ្ធិទៅ​ឱ្យ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​អាច​ឆែក​មើលប្រព័ន្ធព័ត៌មានឥណទាន​អតិថិជន​របស់​ខ្លួន ក្នុងករណីដែលអតិថិជននោះជា​អតិថិជន​សកម្ម ដែល​កំពុង​ប្រើប្រាស់​ឥណទាន​របស់​គ្រឹះស្ថាន​ស្រាប់។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «គ្រឹះស្ថានមានសិទ្ធិក្នុងការពិនិត្យឡើងវិញ​នូវប្រវត្តិ​ឥណទាន​របស់​អតិថិជន​ជា​ប្រចាំ។ ឧទាហរ​ណ៍ ៦ ខែ ម្តង ឬ ១២ ខែម្តង ទៅតាម​គោលនយោបាយ​របស់គ្រឹះស្ថាននីមួយៗ​ដើម្បីបង្ការ​ហានិភ័យ និង​គ្រប់គ្រង​ហានិភ័យឥណទាន ដោយមិនចាំបាច់​សុំការយល់​ព្រម​រាល់​ពេល​ឆែក​នោះ​ឡើយ»។

ពាក់ព័ន្ធ​ដំណើរការ​ប្រព័ន្ធ​ចែក​រំលែក​ឥណទាន​ CBC លោក ខុម ច័ន្ធតារា បាន​អះអាង​ថា ប្រព័ន្ធនេះ​មិនត្រឹមតែ​ជួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងការវាយ​តម្លៃហានិភ័យ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ការពារ​អតិថិជន​ពី​ការ​ជាប់​បំណុល​លើសលប់ និង​ជួយឱ្យពួកគេអាចគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុខ្លួនឯងបានល្អ។

គម្រោងទៅថ្ងៃអនាគត លោក​បញ្ជាក់​ថា CBC នឹង​​បន្ត​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីទូរសព្ទ (Mobile App) ជំនាន់ថ្មី ដែលក្រៅពី​ផ្តល់​ព័ត៌មានពី​ទីតាំងនិងព័ត៌មាន​របស់​គ្រឹះស្ថាន​នានា ក៏​នឹង​ដាក់បញ្ចូលព័ត៌មានអំពីផលិតផល​របស់​គ្រឹះស្ថាន ដើម្បីឱ្យអ្នកប្រើប្រាស់ឬអតិថិជន​ទូទៅ​អាច​ទទួល​បាន​ព័ត៌មាន​កាន់តែសម្បូរបែប។

ក្នុង​វេទិកា​ពិភាក្សា​រវាង​អ្នក​សារព័ត៌មាន និង​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ស្តី​ពី​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ឥណទាន​ប្រកប​ដោយ​សុវត្ថិភាព អ្នកស្រី ម៉ក់ រស្ម៊ី អគ្គនាយក​រង​បទបញ្ញត្តិ​និង​បរិយាបន្ន​ហិរញ្ញវត្ថុ​នៃ​ធនាគារ​ជាតិ​កម្ពុជា ក៏​​មើលឃើញ​​ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (CBC) បានផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដែល​ជួយ​បង្កើន​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស​​កម្ពុជា​ឱ្យកាន់​តែល្អ​ប្រសើរឡើង។

អ្នកស្រី​បាន​​លើក​ឡើង​ពី​ផែនការ​ជំរុញ​ការ​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណជន ជាពិសេសអតិថិជន​ដែលបម្រុងនឹងប្រើប្រាស់សេវា​ឱ្យយល់​ដឹងពីចំណុច​សំខាន់ៗ​មុនពេលសម្រេចចិត្តខ្ចីប្រាក់ ដូចជាអត្រាការប្រាក់ សមត្ថភាព​សងត្រឡប់ សិទ្ធិ និង​កាតព្វកិច្ច​របស់​ពួកគេ។

ក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ​ធនាគារ​ជាតិ​រូបនេះ​ ផ្តល់​ការ​ណែនាំ​ដល់​​អ្នក​ប្រើប្រាស់ឬ​អតិថិជន​​ដែល​ជួប​ប្រទះ​បញ្ហា ឬមិនពេញចិត្តនឹង​សេវាកម្ម​លើ​ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ មាន​សិទ្ធិដាក់​ពាក្យ​បណ្តឹងឬតវ៉ា តាម​រយៈឧបករណ៍និងចរន្តនានា​ដើម្បី​ការពារ​សិទ្ធិ​ស្រប​ច្បាប់​​របស់ខ្លួន៕

បន្តចុចអាន៖ កម្ចី​ក្រោម ២០០០ ដុល្លារ ​ពី​មីក្រូហិរញ្ញវត្ថុ​តាម​ជនបទ​​ មិន​ត្រូវការ​ដាក់​ទ្រព្យ​បញ្ចាំ

បន្តចុចអាន៖ ស្ថាប័ន​ហិរញ្ញវត្ថុ​កូរ៉េ​ចំនួន ១៥ កំពុង​មាន​វត្តមាន​បោះ​ទុន​វិនិយោគ​វិស័យហិរញ្ញវត្ថុ​នៅ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម