Connect with us

សុខភាព

ប្រយ័ត្ន! អាហារកែច្នៃចម្បង ៦ប្រភេទ ងាយប៉ះពាល់ដល់តម្រងនោមខ្លាំងបំផុត

បានផុស

នៅ

អាហារកែច្នៃភាគច្រើនមានផ្ទុកសារធាតុសូដ្យូម (Sodium), ផូស្វ័រ(phosphors) និងប៉ូតាស្យូម (Potassium) កម្រិតខ្ពស់ហួសប្រមាណ រួមទាំងសារធាតុគីមីរក្សាគុណភាពដែរ។ សារធាតុទាំងនេះបង្ខំឱ្យតម្រងនោមធ្វើការធ្ងន់ខ្លាំងក្នុងការចម្រុះ ហើយបើបរិភោគយូរទៅ វានឹងធ្វើឱ្យតម្រងនោមចុះខ្សោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការណែនាំពីមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈខាងផ្នែកតម្រងនោម បានប្រាប់ពីប្រភេទអាហារកែច្នៃចម្បងៗដែលគួរប្រុងប្រយ័ត្ន និងកម្រិតការបរិភោគ រួមមាន៖

១. សាច់កែច្នៃ (Processed Meats)
សាច់កែច្នៃត្រូវបានគេដាក់បញ្ចូលជាតិប្រៃ និងសារធាតុរក្សាទុកបានយូរ (Preservatives) ក្នុងកម្រិតខ្ពស់ណាស់ ដែលរួមមាន សាច់ក្រក, Bacon, Ham, សាច់ប៉ាតេ និង សាច់បន្ទះស្ងួត។ អាហារប្រភេទនេះ មិនត្រឹមតែមានកម្រិតសូដ្យូមខ្ពស់ធ្វើឱ្យឡើងសម្ពាធឈាមប៉ុណ្ណោះទេ វាក៏មានផ្ទុកជាតិប្រូតេអុីនសត្វខ្ពស់ខ្លាំង បង្កើនអាស៊ីតក្នុងឈាម និងធ្វើឱ្យតម្រងនោមខំប្រឹងធ្វើការទាំងបង្ខំ។

២. អាហារស្រាប់ៗ និងមីកញ្ចប់ (Instant & Ready-to-Eat Meals)
អាហារប្រភេទនេះ មានផ្ទុកនូវជាតិប្រៃ និងប៊ីចេងច្រើន។ ឧទាហរណ៍៖ មីកញ្ចប់, បបរ/គុយទាវកញ្ចប់, និងអាហារប្រអប់ដែលគ្រាន់តែកំដៅក្នុងម៉ាស៊ីន Microwave អាចទទួលទានបានភ្លាម។ ជាក់ស្តែង គ្រឿងផ្សំ និងកញ្ចប់ស៊ុបរបស់វា អាចមានជាតិសូដ្យូមស្ទើរតែស្មើនឹងកម្រិតដែលរាងកាយត្រូវការពាសពេញមួយថ្ងៃទៅហើយ (ក្នុងមួយកញ្ចប់)។

៣. អាហារកំប៉ុង (Canned Foods)
ប្រភេទបន្លែ ឬសាច់កំប៉ុង ដូចជា ត្រីខកំប៉ុង, សាច់ជ្រូកកំប៉ុង និងស៊ុបកំប៉ុង ជាដើម។ល។ ដ្បិតតែផ្តល់ភាពងាយស្រួល តែអាហារប្រភេទនេះមិនសូវល្អចំពោះតម្រងនោមនោះទេ ព្រោះគេតែងតែបន្ថែមអំបិល (សូដ្យូម) ច្រើនដើម្បីកុំឱ្យអាហាររលួយ និងរក្សារសជាតិ។

បញ្ជាក់៖ បើត្រូវប្រើបន្លែ ឬសណ្ដែកកំប៉ុង គួរចាក់ទឹកចេញ ហើយលាងជម្រះជាមួយទឹកស្អាតមុនពេលយកទៅស្ល ដើម្បីកាត់បន្ថយជាតិសូដ្យូមបានខ្លះ។

៤. ទឹកជ្រលក់ និងគ្រឿងទេសដប (Condiments & Sauces)
មនុស្សជាច្រើនភ្លេចខ្លួនថា គ្រឿងទេសដែលចាក់បន្ថែមលើអាហារ សុទ្ធតែជាអាហារកែច្នៃដែលមានជាតិប្រៃខ្លាំង (ឧទាហរណ៍៖ ទឹកស៊ីអុីវ, ទឹកត្រី, ទឹកប្រេងខ្យង, ទឹកប៉េងប៉ោះ, និងទឹកម្ទេសដប…)។ ការទទួលទានគ្រឿងទេសទាំងនេះច្រើនពេក ធ្វើឱ្យរាងកាយទទួលបានសូដ្យូមលើសកម្រិតដោយមិនដឹងខ្លួន។

៥. នំកញ្ចប់ និងដំឡូងបំពង (Salty Snacks)
ប្រភេទអាហារដូចជា ដំឡូងបំពងកញ្ចប់, នំស្រួយ, និងគ្រាប់ធញ្ញជាតិលីង ដាក់អំបិលខ្លាំង។ ក្រៅពីផលប៉ះពាល់នៃសូដ្យូមខ្ពស់ អាហារបំពងទាំងនេះក៏មានផ្ទុកជាតិខ្លាញ់មិនល្អ (Trans fats) ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមរត់ជុំវិញតម្រងនោមផងដែរ។

៦. ភេសជ្ជៈកំប៉ុង និងទឹកផ្អែម (Sodas & Sweetened Beverages)
ភេសជ្ជៈកំប៉ុងដែលមានហ្គាស (ប្រភេទភេសជ្ជៈពណ៌ខ្មៅ) និងទឹកផ្លែឈើកែច្នៃដាក់ដប ក៏ប៉ះពាល់ដល់សុខភាពតម្រងនោមផងដែរ។ ភេសជ្ជៈទាំងនេះច្រើនតែមានបន្ថែមសារធាតុផូស្វាត (Additives Phosphorus) ដើម្បីបង្កើនរសជាតិ និងរក្សាពណ៌។ ផូស្វាតដែលចេញពីសារធាតុគីមីកែច្នៃបែបនេះ ត្រូវបានរាងកាយស្រូបយកលឿន និងច្រើនជាងផូស្វ័រធម្មជាតិ ដែលងាយបង្កឱ្យទៅជាគ្រួសក្នុងតម្រងនោម និងធ្វើឱ្យឆ្អឹងចុះខ្សោយ។

ជាមួយគ្នានេះ ប្រភពដដែលក៏បានប្រាប់អំពីវិធីសាស្ត្រការពារសុខភាពតម្រងនោមផងដែរ រួមមាន៖
១. អានស្លាកអាហារ (Nutrition Facts) ៖ មុនទិញ គួរមើលកម្រិតសូដ្យូម (Sodium)។ ជ្រើសរើសផលិតផលណាដែលមានពាក្យថា “Low Sodium” (សូដ្យូមទាប)។
២. កាត់បន្ថយអាហារកញ្ចប់/កំប៉ុង ងាកមកញ៉ាំអាហារស្រស់ (Whole Foods) ចម្អិនអាហារដោយប្រើសាច់ស្រស់ បន្លែស្រស់ និងកាត់បន្ថយការបង់គ្រឿងទេសប្រៃៗ។
៣. ផឹកទឹកស្អាត ៖ ជំនួសទឹកផ្អែម ឬភេសជ្ជៈកំប៉ុង ដោយទឹកឆ្អិន ឬទឹកបរិសុទ្ធវិញ៕ ដោយ ៖​ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម