Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទ បារាំង និង អង់គ្លេស ថា ប្រព្រឹត្តអំពើ «ចោរសមុទ្រ» ក្រោយស្ទាក់ចាប់នាវាដឹកទំនិញរុស្ស៊ី​

បានផុស

នៅ

ទីក្រុងមូស្គូ បានចោទប្រកាន់ប្រទេសបារាំង និងចក្រភពអង់គ្លេសថា បានប្រព្រឹត្តអំពើ ដូច​«ចោរសមុទ្រ» បន្ទាប់ពីកងទ័ពជើងទឹកបារាំង និងអង់គ្លេស បានស្ទាក់ចាប់ និងបង្ខំឲ្យនាវាដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរពីកំពង់ផែ Murmansk របស់រុស្ស៊ី សំដៅទៅកាន់ប្រទេសកាមេរូន​នៅ​តំបន់​អាហ្វ្រិក​​ ប្តូរទិសដៅធ្វើដំណើរនៅក្នុងដែនទឹកអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នាវាដឹកទំនិញដែលមានឈ្មោះថា Tagor ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ នៅចម្ងាយជាង ៤០០ ម៉ៃល៍ (៧៤០ ៨ គីឡូម៉ែត្រ) ពីឆ្នេរដីគោក Brittany។ ចំណែកខាងអាជ្ញាធរបារាំង បានអះអាងថា នាវាមួយគ្រឿងនេះ បាននិងកំពុងធ្វើប្រតិបត្តិការដោយប្រើប្រាស់ទង់ជាតិ «ក្លែងក្លាយ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី Zakharova បានគូសបញ្ជាក់ថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប៉ារីស បានទាមទារឲ្យផ្តល់ព័ត៌មានពេញលេញ ជុំវិញកាលៈទេសៈនៃការឃាត់ខ្លួននេះ ដោយបានព្រមានថា ប្រតិបត្តិការមួយនេះបានរំលោភលើច្បាប់សមុទ្រអន្តរជាតិ។ លោកស្រីបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងចាត់វិធានការចាំបាច់នានា ដើម្បីការពារសមាជិកនាវិកជនជាតិរុស្ស៊ីដែលស្ថិតនៅលើនាវានោះ។

អ្នកនាំពាក្យរូបនេះបានទាត់ចោលការបកស្រាយរបស់បារាំងជុំវិញប្រតិបត្តិការនេះ ដែលបានដកស្រង់មាត្រា ១១០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ចែងក្នុងច្បាប់នោះ គឺអនុញ្ញាតឲ្យនាវាចម្បាំងអាចឡើងទៅលើ និងត្រួតពិនិត្យនាវាដទៃនៅលើលំហសមុទ្របាន ក្រោមលក្ខខណ្ឌកម្រិតកំណត់មួយចំនួន រួមទាំងករណីដែលមានការសង្ស័យថា នាវានោះគ្មានសញ្ជាតិច្បាស់លាស់។

ទោះជាយ៉ាងណាក៏ដោយ បើតាមការអះអាងរបស់ទីក្រុងម៉ូស្គូ ច្បាប់សមុទ្រអន្តរជាតិគឺមិនអនុញ្ញាតឲ្យនាវាចម្បាំង បង្ខំឲ្យនាវាដឹកទំនិញណាមួយផ្លាស់ប្តូរទិសដៅធ្វើដំណើរ និងធ្វើការអមដំណើរចេញពីដែនទឹកអន្តរជាតិ នាំយកទៅកាន់កំពង់ផែជាតិរបស់ខ្លួននោះឡើយ។

ជាមួយគ្នានេះ លោកស្រី Zakharova ក៏បានច្រានចោលផងដែរ នូវការលើកឡើងជាប្រយោលរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលថា នាវានេះបានរំលោភលើ «ទណ្ឌកម្មអន្តរជាតិ» ដោយលោកស្រីបានតវ៉ាថា មានតែវិធានការរឹតត្បិតណាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាទណ្ឌកម្មអន្តរជាតិ។ វិធានការឯកតោភាគីដែលដាក់ចេញដោយបណ្តាប្រទេសអឺរ៉ុប មិនអាចត្រូវចាត់ទុកថាជាទណ្ឌកម្មអន្តរជាតិតាមផ្លូវច្បាប់បានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម